ហេតុផល៤យ៉ាងដែលមនុស្សមួយចំនួន មិនចង់មានស្នេហា
ក្នុងសម័យនេះដែរ នរណាៗក៏មានដៃគូស្នេហាដែរ តែក៏នៅតែមានមនុស្សមួយចំនួនមិនចង់ពាក់ព័ន្ធក្នុងរឿងស្នេហាទាល់តែសោះតែម្ដង។ នេះមិនមែនបានន័យថា ពួកគេមិនមានបេះដូង ឬមិនចេះស្រលាញ់នរណាម្នាក់នោះទេ គ្រាន់តែភាគច្រើននៃពួកគេយល់ឃើញថាជីវិតរបស់ពួកគេទោះបីមិនមានស្នេហាក៏គ្មានបញ្ហានោះ ព្រមទាំងបូករួមជាមួយហេតុផលខាងក្រោមនេះទៀត៖
១) មិនអាចរំពឹងខ្ពស់បាន៖ ក្នុងរឿងស្នេហា នៅពេលដែលរំពឹងខ្ពស់ពីដៃគូរបស់អ្នកបែបណា ចុងក្រោយអ្នកនឹងរឹតតែឈឺចាប់ខ្លាំងបែបនោះ។ ដូចនេះ ពេលខ្លះអ្នកក៏មិនអាចមានក្ដីសង្ឃឹមខ្ពស់ពេកដែរ សម្រាប់រឿងស្នេហារបស់អ្នក ព្រោះបើអ្នកខូចចិត្តទៅ អ្វីៗផ្សេងនៅក្នុងជីវិតរបស់អ្នកនឹងមានហានិភ័យខ្ពស់ក្នុងការជួបប្រទះនូវរឿងបរាជ័យជាច្រើន។
២) ស្អប់ការផ្លាស់ប្ដូរខ្លួនឯង៖ នៅពេលដែលមានដៃគូស្នេហាទៅ ការលះបង់ក៏មានច្រើន ដោយបូករួមទាំងការធ្វើអ្វីដែលដៃគូរបស់អ្នកពេញចិត្ត ទោះបីជារូបអ្នកមិនពេញចិត្តក៏ដោយ តែបញ្ហានោះគឺអ្នកក្បត់ខ្លួន សម្ដែងធ្វើជាអ្នកផ្សេង។ ទោះបីជាអ្នកឃើញគេសប្បាយចិត្តនៅពេលដែលអ្នកបានផ្លាស់ប្ដូរមែន តែនៅក្នុងអារម្មណ៍អ្នកវិញក៏ឈឺចាប់មិនតិចនោះដែរ។
៣) ខ្លាចការបដិសេធ៖ ការបដិសេធក្នុងរឿងស្នេហាមានទំហំធំធេងយ៉ាងខ្លាំងដែលអ្នកមិនអាចនឹកស្មានដល់ ហេតុនេះធ្វើឲ្យមនុស្សមួយចំនួនធ្វើព្រងើយកន្តើយចំពោះរឿងស្នេហានេះតែម្ដង ព្រោះបើសិនជាគេដាក់ចិត្តថាស្រលាញ់នរណាម្នាក់ហើយ ស្រាប់តែត្រូវគេបដិសេធវិញនោះ វាក៏នឹងក្លាយទៅជាបញ្ហាមួយទៅថ្ងៃក្រោយផងដែរ។
៤) មានអតីតកាលមិនល្អ៖ មនុស្សមួយចំនួនមានគំនិតបែបនេះ ដោយពួកគេមានការចុកចាប់ចំពោះស្នេហាចាស់មិនទាន់បាត់ ទើបមិនចង់ជាន់ដានចាស់នោះទេ។ ហើយពួកគេក៏គិតថាវាជាពេលវេលាដ៏ល្អមួយសម្រាប់សម្រាកមួយរយៈ ឈប់គិតឈប់ខ្វាយខ្វល់ពីរឿងស្នេហានេះទៀតអីបែបនេះទៀតហើយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org