រឿងរ៉ាវមួយចំនួនដែលមនុស្សជាច្រើនសោកស្ដាយដោយសារតែវាកែប្រែវិញវាមិនកើត
កើតមកជាមនុស្ស នរណាៗក៏ធ្លាប់ជួបនូវរឿងសោកស្ដាយដែរ ហើយតែងតែប្រាថ្នាថាបើពួកគេបានដឹងពីរឿងនេះច្បាស់ ពួកគេនឹងធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវជាទីបំផុត។ ខាងក្រោមនេះ គឺជារឿងរ៉ាវមួយចំនួនដែលមនុស្សជាច្រើនមានការសោកស្ដាយជាខ្លាំង៖
១) ការរង់ចាំសម្រាប់សេចក្ដីសុខ៖ មនុស្សជាច្រើនចូលចិត្តចាំនេះចាំនោះ ចាំដល់រៀនចប់ ចាំដល់មានការងារល្អធ្វើ ចាំដល់ធូរធារ ចាំរហូតស្ទើរតែពេញមួយជីវិតរបស់ពួកគេដើម្បីស្វែងរកនូវសេចក្ដីសុខពិតប្រាកដ។ យ៉ាងណាមិញ សេចក្ដីសុខពិតប្រាកដនោះគឺស្ថិតនៅជាមួយអ្នកនៅពេលនេះតែម្ដង ហេតុនេះហើយ អ្នកគួរតែរៀនស្គាល់ពីសេចក្ដីសុខបានខ្លះ ដោយកុំរង់ចាំពេលវេលាអី។
២) រវល់តែជាមួយការងារ៖ នរណាៗក៏មានភារកិច្ចរៀងៗខ្លួនដែរ មិនថាជាការសិក្សា ការធ្វើការងារ ឬប្រកបរបបអាជីវកម្មនោះទេ តែបុគ្គលភាគច្រើនគឺតែងតែគិតគូរពីតួនាទីពេក រហូតដល់ភ្លេចមនុស្សជាទីស្រលាញ់ដែលនៅជុំវិញខ្លួនរបស់ពួកគេ។ ហេតុនេះហើយ មិនថារវល់យ៉ាងណានោះទេ អ្នកមិនត្រូវភ្លេចពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់អ្នកនោះទេ។
៣) ភ្លេចរស់នៅក្នុងពេលបច្ចុប្បន្នកាល៖ មានមនុស្សច្រើនណាស់ ដែលតែងតែយល់ថា ពួកគេកំពុងតែធ្វើអ្វីដែលពួកគេមិនដឹងថាធ្វើវាទៅដើម្បីអ្វី រហូតធ្វើឲ្យពួកគេវិលវល់នៅក្នុងអតីតកាល អនាគតកាល និងនៅក្នុងក្ដីស្រមៃជាដើម។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកខាតបង់ពេលវេលាជាច្រើន ដោយមិនមានគោលដៅមួយច្បាស់លាស់ ព្រោះថាគោលដៅនៅថ្ងៃអនាគតរបស់អ្នកនឹងក្លាយទៅជាយ៉ាងណាគឺអាស្រ័យនៅលើអ្វីដែលអ្នកកំពុងតែធ្វើនេះឯង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org