អ្នកគួរតែស្រលាញ់ខ្លួនឯងឲ្យច្រើនៗ តែក៏កុំភ្លេចស្រលាញ់អ្នកដទៃផង
ថ្វីត្បិតសង្គមបច្ចុប្បន្នបានបង្រៀនឲ្យអ្នករៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើន អ្នកក៏មិនគួរលង់នឹងខ្លួនឯងរហូតភ្លេចអស់ពីតម្លៃរបស់អ្នកដទៃនោះដែរ ទោះបីជាការស្រលាញ់នរណាម្នាក់ខ្លាំងនឹងធ្វើឲ្យអ្នកឈឺចាប់នៅថ្ងៃណាមួយក៏ពិតមែន តែអ្នកក៏មានសេចក្ដីសុខបានច្រើនផងដែរ តាមរយៈការឃើញអ្នកដទៃមានក្ដីសុខ។ តើអ្នកធ្លាប់ជួបប្រទះជាមួយអារម្មណ៍បែបនេះដែរឬទេ ដែលវាមិនមែនកើតឡើងចំពោះតែគូស្នេហ៍នោះទេ តែវាកើតឡើងបានជាមួយអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងជីវិតរបស់អ្នក សូម្បីតែឃើញសត្វចិញ្ចឹមរបស់អ្នក អ្នកក៏មានអារម្មណ៍ថាសប្បាយចិត្តបាត់ទៅហើយ ដែលនេះទាល់តែអ្នកស្រលាញ់សត្វទើបយល់នូវអារម្មណ៍មួយនេះច្បាស់។ ក្នុងជីវិតរបស់អ្នករាល់ថ្ងៃ បើអ្នកចង់ឲ្យវាមានតម្លៃ នោះអ្នកក៏គួរតែ យ៉ាងហោចណាស់ធ្វើឲ្យមនុស្សម្នាក់ញញឹមឬសប្បាយចិត្តជារៀងរាល់ថ្ងៃ ព្រោះថាវាក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ដោយមិនចាំបាច់ចង់បាននូវការតបស្នងអីមកវិញនោះទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org