ហេតុផល៣យ៉ាងបញ្ជាក់ថា ការមិនរំពឹងខ្ពស់ហួសហេតុពេក នាំឲ្យអ្នកមានជីវិតរីករាយ
មនុស្សគ្រប់គ្នាតែងតែមានការរំពឹងនៅពេលធ្វើអ្វីមួយ។ ប៉ុន្តែរំពឹងខ្ពស់ហួសហេតុខ្លាំងពេក វានាំឲ្យកើតជាក្តីទុក្ខទៅវិញ ជាពិសេសនៅពេលអ្វីៗខុសពីការគ្រោងទុក។ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលបង្ហាញថា ការមិនរំពឹងខ្ពស់ពេក គឺនាំឲ្យអ្នករីករាយ៖
១) ចេះបន្ទាបខ្លួនជាងមុន ដើម្បីរីករាយជាមួយមនុស្សជុំវិញខ្លួន៖ អ្នកមិនអាចរស់នៅផ្ទះជាមួយនឹងរបស់ប្រើប្រាស់ល្អៗ និង ទំនើបៗរហូតនោះឡើយ ពោលគឺគួរតែចេញមកប្រឡូកនៅខាងក្រៅជាមួយមិត្តដទៃ។ បើអ្នករំពឹង ឬ គិតតែចង់រស់នៅផ្ទះសោយសុខនោះ វាមិនមែនជារឿងល្អនោះឡើយ ព្រោះវាមិនអាចជួយឲ្យអ្នករកឃើញនូវមេរៀនជីវិត និង បទពិសោធន៍ល្អនោះឡើយ។ តាមពិតទៅ ការរស់នៅជាមួយមនុស្សដទៃមិនមែនជារឿងអាក្រក់នោះទេ វាអាចជាឱកាសមួយសម្រាប់អ្នកបង្កើតមិត្តភាព។
២) យល់ព្រមទៅអ្វីៗទាំងអស់៖ ការយល់ព្រមទៅរឿងអ្វីៗទាំងអស់អាចនាំឲ្យជីវិតអ្នកមមាញឹក ប៉ុន្តែវានៅតែមានសារៈសំខាន់ក្នុងការយល់ព្រម។ ប្រសិនបើអ្នកគិតតែរំពឹងខ្ពស់ខ្លាំងពេក នោះអ្នកមិនងាយនឹងឆ្លើយយល់ព្រមលើអ្វីមួយនោះឡើយ ទោះបីជារឿងតូចតួចមួយក៏ដោយ ពោលគឺអ្នកតែងតែគិត ហើយគិតទៀត ទោះបីជារឿងដែលមិនសមត្រូវគិតច្រើន។ ប្រការនេះធ្វើឲ្យជីវិតរបស់អ្នកបាត់បង់រសជាតិរីករាយ។
៣) គ្មានការខកចិត្តខ្លាំង៖ រាល់ពេលដែលមនុស្សយើងរំពឹងលើអ្វីមួយខ្លាំងពេកនោះ វាតែងតែបង្កើតជាក្តីឈឺចាប់ខ្លាំង ប្រសិនបើអ្វីៗកើតឡើងមិនសមតាមបំណង។ ប៉ុន្តែបើអ្នកមិនសូវរំពឹងខ្លាំងពេកនោះ ប៉ុន្តែគ្រាន់តែព្យាយាមឲ្យអស់ពីលទ្ធភាពនោះ គឺក៏មិនសូវខកចិត្តខ្លាំងពេកដែរ។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.success.com