តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំបាត់​នូវ​ភាព​តប់​ប្រមល់​ខណៈ​ពេល​ដែល​កំពុង​បំពេញ​ការងារ?​



ជាការពិតណា បើអ្នកមានអារម្មណ៍មិនសូវល្អហើយ ការងារដែលអ្នកបំពេញក៏មិនសូវបានលទ្ធផលមួយដ៏ល្អខ្ពស់ដែរ ព្រោះថាវាមានភាពប្រទាក់ប្រទិនគ្នា។ ដោយឡែក ភាពតប់ប្រមល់នេះត្រូវបានមនុស្សគ្រប់គ្នាជួបប្រទះស្ទើរតែរាល់ថ្ងៃទៅហើយ ហើយបើទុកវាយូរៗទៅ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនចង់ធ្វើអ្វីទៀតនោះទេ។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអ្នកអាចយកទៅប្រើប្រាស់បាន៖ ១) សិក្សាពីមូលហេតុ៖ ជារឿងធម្មតានោះទេ ទាល់តែអ្នកដឹងពីមូលហេតុពិតប្រាកដបាន ទើបអ្នករកដំណោះស្រាយដែលអាចជួយអ្នកចេញពីបញ្ហាមួយនេះបាន។ ហេតុនេះហើយ អ្នកគួរសិក្សាពីខ្លួនឯងបន្ថែម សិក្សាពីស្ថានភាពការងាររបស់អ្នកបន្ថែមដើម្បីស្វែងរកពីមូលហេតុថាតើភាពតប់ប្រមល់របស់អ្នកដែលទាក់ទងជាមួយការងារនោះកើតឡើងពីមកពីអ្វី? ២) រកពេលសម្រាកខ្លះដើម្បីគិត៖ កុំព្យាយាមរកដំណោះស្រាយទាំងដែលអ្នកមានការងារពេញដៃដែលត្រូវបំពេញ ផ្ទុយទៅវិញអ្នកគួររកពេលណាដែលអ្នកសម្រាកលំហែកាយ ហើយចាប់ផ្ដើមគិតពីបញ្ហាដែលអ្នកមាន បន្ទាប់មកទៀតនោះគឺចាប់ផ្ដើមគិតពីដំណោះស្រាយណាដែលអ្នកអាចធ្វើវាទៅរួច និងចុងក្រោយគឺមានតែការសាកល្បងនេះឯង ទើបដឹងថាវាមានប្រសិទ្ធភាពដែរឬមួយក៏អត់។ ៣) រៀបរយជាងមុន៖ ពេលខ្លះ ភាពតប់ប្រមល់គឺកើតចេញពីការដែលអ្នកមិនបានរៀបរយការងាររបស់អ្នកឲ្យបានម៉ត់ចត់ ដូចជាការពន្យារពេលជាដើម រហូតដល់ពេលមួយដែលមានការងារច្រើន ធ្វើឲ្យអ្នកយល់ថាមានភាពធុញថប់ព្រោះមិនដឹងថាធ្វើអ្វីទុកអ្វី ហេតុនេះហើយអ្នកគួរតែរៀបចំការងាររបស់អ្នកឲ្យមានរបៀបរៀបរយមែនទែនទើបល្អ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s