បើអ្នកមានជំនាញទាំងអស់នេះ ក្រុមហ៊ុនណាក៏ត្រូវការអ្នកជាបុគ្គលិកដែរ
អ្នកប្រហែលជាមិនដឹងឡើយថា បើអ្នកមានជំនាញទាំងអស់នេះ អ្នកអាចទទួលបានការងារជាច្រើនដែលអ្នកចង់បាន។ ក្រុមហ៊ុនជាច្រើនកំពុងស្វែងរកអ្នកដែលមានជំនាញនេះ ដើម្បីយកមកបម្រើការនៅក្រុមហ៊ុនរបស់គេ។ តើក្នុងនោះមានជំនាញអ្វីខ្លះទៅ?
១) មានទំនាក់ទំនងល្អជាមួយអ្នករួមការងារ៖ ការងារគឺទាមទារ ការសហការគ្នាជាក្រុម និងការទាក់ទងគ្នាទៅវិញទៅមក។ អ្នកត្រូវការទាក់ទង ទៅមេរបស់អ្នកដើម្បីទទួលបានការងារពីគាត់ ហើយអ្នកត្រូវទាក់ទងមិត្តរួមការងារ ដើម្បីទទួលបានព័ត៌មាន និងចែករំលែកអ្វីដែលត្រូវធ្វើ។ ដើម្បីក្លាយជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃ អ្នកត្រូវតែជាមនុស្សពូកែស្ដាប់គេ មិនត្រូវរំខានឬនិយាយយកតែឈ្នះ សម្លឹងមើលភ្នែកដៃគូរបស់អ្នកពេលសន្ទនា គ្នា និងទទួលយកមតិរិះគន់ដើម្បីស្ថាបនា។
២) ចេះគ្រប់គ្រងពេលវេលាល្អ៖ មនុស្សជាច្រើនហាក់ដូចជាមិនសូវមានជំនាញនេះប៉ុន្មានទេ តែបើអ្នកមានហើយនោះ ប្រាកដណាស់ទីកន្លែងណាក៏ចាំស្វាគមន៍មនុស្សដូចអ្នកដែរ។ ការគ្រប់គ្រងពេលវេលាបានល្អ វានាំឲ្យអ្នកជោគជ័យគ្រប់ការងារទាំងអស់ មិនថាតូចឬធំ ហេតុនេះវាចាំបាច់ណាស់ដែលអ្នកគួរមានវា។
៣) ចេះដោះស្រាយបញ្ហាបានរហ័ស៖ អ្នកដែលអាចដោះស្រាយបញ្ហាបានលឿន ទាមទារមនុស្សនោះមានគំនិតច្នៃប្រឌិត ហើយគិតបានលឿន។ ក្រុមហ៊ុនណាក៏ត្រូវការមនុស្សបែបនោះដែរ ព្រោះពួកគេមិនចង់បាននរណាដែលមានគំនិតយឺតយ៉ាវ ហើយគិតអ្វីៗមិនចេញនោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ aib.edu.au