រឿង៤យ៉ាងដែលមនុស្សរីករាយ មិនដែលបំភ្លេចក្នុងជីវិត
អ្នកសម្លឹងមើលដំណើរជីវិតដ៏មានក្ដីសុខរបស់មនុស្សជុំវិញខ្លួនស្របពេលដែលអ្នកគិតមកលើជីវិតខ្លួនឯងថាជាគ្រោះអាក្រក់ និងប្រឹងប្រែងត្រដររស់ពីមួយថ្ងៃទៅមួយថ្ងៃពោរពេញដោយទុក្ខសោក។ តាមការពិត អ្នកកំពុងតែបំផ្លាញដល់ភាពរីកចម្រើន និង ក្ដីសុខរបស់ខ្លួនទាំងមិនដឹងខ្លួន។ សុភមង្គលគឺជាការផ្ដោតចិត្តគំនិតទៅលើរឿងដ៏ត្រឹមត្រូវ វិជ្ជមាន ហើយវាត្រូវការការផ្លាស់ប្ដូរការគិតរបស់អ្នកទៅលើវាយ៉ាងចាំបាច់។ ទាំងនេះគឺជាចំណុចសំខាន់ទាំង៤ដែលអ្នកត្រូវចងចាំ៖
១) ផ្ដោតទៅលើភាពរីកចម្រើនរបស់ខ្លួនឯង៖ អ្នកមិនត្រូវឲ្យការគិតរបស់អ្នក ជាប់ជំពាក់ទៅលើសេចក្ដីច្រណែននឹងភាពជោគជ័យរបស់នរណាម្នាក់នោះទេ។ ពង្រឹងស្មារតីនិងប្រមូលអារម្មណ៍របស់អ្នកបូជាថាមពលលើជំហាននីមួយៗដែលឆ្ពោះទៅរកសមិទ្ធផលនានាក្នុងជីវិត នៅពេលនោះភាពជោគជ័យរបស់អ្នកដទៃនឹងក្លាយជារឿងមិនសំខាន់សម្រាប់អ្នកទៀតហើយ។
២) ត្រូវដឹងថាតម្លៃអ្នក គឺកើតចេញមកពីខ្លួនអ្នកផ្ទាល់៖ មនុស្សម្នាក់ៗសុទ្ធតែមានគំនិតផ្សេងៗ ដូច្នេះហើយនៅអ្នកទៃប្រហែលជាប្រឆាំង ឬ មិនស្របតាមអ្វីដែលអ្នកធ្វើ។ ប៉ុន្តែត្រូវចាំថា ជាទូទៅគឺវាបែបនេះហើយ អ៊ីចឹងហើយអ្នកត្រូវតែមានភាពក្លាហានក្នុងការបន្តធ្វើនូវគំនិតរបស់ខ្លួន ព្រោះវាជាតម្លៃ របស់អ្នក។ ត្រូវចាំថា អ្វីៗគឺកើតចេញពីខ្លួនអ្នកផ្ទាល់ មិនមែនពាក្យសម្ដីរបស់អ្នកទៃនោះ ឡើយ តែត្រូវប្រាកដថា អ្នកនឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការសម្រេចនូវអ្វីដែលខ្លួនគិតថា ត្រឹមត្រូវ។
៣) បញ្ឈប់ការជាប់ជំពាក់នឹងរឿងអតីតកាល៖ តើអ្នកនៅតែគិតពីការចងចាំរឿងរ៉ាវជូរចត់និងបទពិសោធន៍ដ៏ឈឺចាប់អស់ទាំងនោះមែនទេ ? អតីតកាលទាំងនោះគ្មានអំណាចអ្វីមកលើអ្នកនោះទេ បើសិនជាអ្នកមិនប្រគល់អំណាចឲ្យវាមកគ្រប់គ្រងលើដំណើររីកចម្រើនទៅមុខរបស់ជីវិតអ្នក។ អ្វីដែលអ្នកគួរធ្វើគឺរៀនសូត្រពីវាសម្រាប់ជាកម្លាំងចិត្ត ហើយឲ្យតម្លៃលើអ្វីដែលអ្នកកំពុងមានក្នុងពេលនេះ។
៤) នៅជាមួយមនុស្សសុទិដ្ឋិនិយមនិងផ្ដល់កម្លាំងចិត្តដល់អ្នក៖ ការចំណាយពេលក្នុងជីវិតរបស់អ្នកជាមួយមនុស្សដែលព្យាយាមទាញទម្លាក់អ្នកស្របពេលដែលអ្នកកំពុងព្យាយាមផ្ដល់ការលូតលាស់ដល់ខ្លួនឯងនឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែដុនដាប។ អ្នកអាចជ្រើសយកការនៅម្នាក់ឯងដែលតែងតែប្រសើរជាងនៅជាមួយមនុស្សខុស។ ម្យ៉ាងទៀតអ្នកអាចរៀនសូត្រនិងអភិវឌ្ឍខ្លួនឯងឲ្យមានជីវិតល្អប្រសើរ ពេលនោះអ្នកនឹងអាចទាក់ទាញមនុស្សល្អៗចូលក្នុងជីវិតអ្នកមិនខាន៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.lifehack.org