​សាកល្បង​​៤ជំហាន​​នេះ​ ​ដើម្បី​​​លុបបំបាត់​ទម្លាប់​អាក្រក់​​ដោយសារ​ការ​​ពន្យារពេល​



អម្រែកការងារពេញសព្វទិសទីបូកផ្សំនឹង ភាពស្មុគស្មាញយ៉ាងច្រើនអនេកនៅក្នុងជីវិត បានផ្ដល់ជាការលំបាកមួយសម្រាប់ពួកយើងក្នុងការសម្រេចការងារទាំងនោះទៅតាមពេលវេលាកំណត់។ បញ្ហានេះក៏បានបើកឱកាសឲ្យទម្លាប់នៃការពន្យារពេលមានវត្តមាននៅក្នុងដំណើរជីវិតរបស់យើងដោយមិនអាចចៀសបាន។ ទោះជាយ៉ាងណាក៏ដោយ ដរាបណាអ្នកកាន់តែអូសបន្លាយពេលវេលារបស់អ្នកទៅលើការសម្រេចកិច្ចការទាំងនោះ គំនរការងារកាន់តែច្រើននឹងចេះតែកើនឡើងឥតឈប់ឈរ ដែលធ្វើឲ្យអ្នកកាន់តែស្មុគស្មាញជាងមុនទៅទៀត។ បើអ្នកពិបាកក្នុងការកាត់ផ្ដាច់ពីទម្លាប់នៃការពន្យារពេល ជំហានទាំង៤នេះនឹងអាចជួយដល់អ្នកបាន។ ១) ស្វែងរកកម្លាំងជំរុញចិត្ត៖ ស្របពេលដែលភាពតានតឹងទៅលើគំនរការងារដ៏ច្រើនរបស់អ្នក វាបានបន្ថែមអារម្មណ៍ហត់នឿយ ចង់បោះបង់ចោល និងហេតុផលថាហេតុអ្វីអ្នកចាំបាច់ត្រូវសម្រេចវាដែលជាកម្លាំងចិត្តមួយដែលជំរុញអ្នកឲ្យដកខ្លួនចេញពីការពន្យារពេលបានយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងទៀតអ្នកក៏អាចស្វែងរកមនុស្សជាទីស្រឡាញ់ណាម្នាក់ដើម្បីផ្ដល់កម្លាំងចិត្តដល់អ្នកផងដែរ។ ២) បង្កើតនូវគម្រោងសកម្មភាពសម្រាប់គោលដៅដែលត្រូវសម្រេច៖ ដើម្បីសម្រេចគោលដៅមួយយ៉ាងជោគជ័យ អ្នកចាំបាច់ត្រូវមានគម្រោងសកម្មភាពជាដំណាក់កាលជំហានតូចៗដែលត្រូវប្រតិបត្តិជារៀងរាល់ថ្ងៃ។ នៅពេលដែលអ្នកដឹងពីផ្លូវដែលអ្នកត្រូវដើរ មានគម្រោងច្បាស់លាស់ និងការប្ដេជ្ញាចិត្ត អ្នកនឹងឆាប់ទៅដល់គោលដៅព្រមទាំងបញ្ចៀសខ្លួនឯងពីការពន្យារពេលបានទៀតផង។ ៣) រៀបចំបង្កើតកាលវិភាគប្រចាំថ្ងៃ៖ កាលវិភាគប្រចាំថ្ងៃអំពីកិច្ចការដែលភ្ជាប់ទៅនឹងមូលហេតុដែលត្រូវធ្វើវា របៀបដែលត្រូវសម្រេចវា និងពេលវេលាកំណត់ដ៏តឹងរ៉ឹងនិងមានវិន័យដែលត្រូវបញ្ចប់ វាគឺជាយុទ្ធសាស្ត្រប្រយុទ្ធដ៏មានប្រសិទ្ធភាពមួយក្នុងការទប់ទល់នឹងការពន្យារពេលនិងការសម្រេចបាននូវលទ្ធផលជាផ្លែផ្កា។ ៤) ការព្យាយាមដោយឥតឈប់ឈរ៖ អ្នកមិនត្រូវភ្លេចថាភាពជោគជ័យមួយអាចកកើតជារូបរាងបានលុះត្រាណាតែអ្នក មិនបោះបង់ការព្យាយាមជម្នះនូវឧបសគ្គរារាំងទាំងឡាយនោះ ជាពិសេសគឺការពន្យារពេលនោះឯង៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.lifehack.org
X
5s