ចំណុច៣យ៉ាងដែលត្រូវដឹង បើអ្នកពិតជាចង់រៀនផ្នែកច្បាប់មែន
ប្រហែលជាអ្នកបានធ្វើការសម្រេចចិត្តថានឹងជ្រើសរើសរៀនផ្នែកច្បាប់នៅក្នុងសាកលវិទ្យាល័យណាមួយ ប៉ុន្តែអ្នកមិនទាន់ដឹងច្បាស់ថាតើអ្វីខ្លះដែលអ្នកត្រូវឆ្លងកាត់ដើម្បីសម្រេចបាននូវភាពជោគជ័យលើការងារដ៏អស្ចារ្យមួយនេះ។ ដូច្នេះ៣ចំណុចនេះនឹងផ្ដល់ជាការបង្ហាញមួយចំនួនសម្រាប់អ្នកយកទៅពិចារណាឲ្យបានល្អិតល្អន់បន្ថែមពីមុខជំនាញមួយនេះ៖
១) អ្នកនឹងត្រូវស្រាវជ្រាវបន្ថែមដោយការអានសៀវភៅ និង ឯកសារផ្សេងៗតាមonline៖ ការសិក្សាផ្នែកច្បាប់គឺទាមទារឲ្យអ្នកធ្វើការស្រាវជ្រាវតាមរយៈការអានសៀវភៅឲ្យបានច្រើន ហេតុនេះអ្នកត្រូវប្រាកដថាអ្នកបានអភិវឌ្ឍជំនាញអានរបស់ខ្លួនបានយ៉ាងស៊ីជម្រៅ។ មិនតែប៉ុណ្ណោះ អ្នកក៏តម្រូវឲ្យស្រាវជ្រាវតាមonline ហើយឯកសារយោងទាំងឡាយត្រូវប្រាកដថាចេញមកពីប្រភពមួយច្បាស់លាស់និងមានការទទួលស្គាល់។ ម្យ៉ាងទៀត អ្នកក៏អាចសុំជំនួយពីមេធាវីពាក់ព័ន្ធនឹងកិច្ចការស្រាវជ្រាវរបស់អ្នកផងដែរ។
២) ផ្នែកខ្លះនៃការសិក្សាអំពីច្បាប់អាចនឹងផ្ដល់អារម្មណ៍តានតឹងដល់អ្នក៖ ជារឿងធម្មតានោះទេដែលក្នុងការសិក្សាផ្នែកច្បាប់ដំបូង មានប្រធានបទខ្លះដែលអ្នកមិនទាន់អាចទទួលយកបានពីខ្លឹមសាររបស់វាយ៉ាងពេញលេញនៅឡើយដែលអ្នកចាំបាច់ត្រូវការពេលវេលា។ មួយវិញទៀត អ្នកក៏មិនត្រូវដាក់សម្ពាធខ្លួនឯងលើការប្រឡងនោះដែរ ព្រោះនៅឆ្នាំដំបូងសាលានឹងរៀបចំតេស្តប្រឡងដែលសមល្មមនឹងសិស្សអាចបញ្ចេញសមត្ថភាពធ្វើវាបាន។
៣) ចូលប្រឡូកក្នុងភាពជាក់ស្ដែងដោយសន្សឹមៗ៖ អ្នកអាចអភិវឌ្ឍខ្លួនឯងលើមុខជំនាញផ្នែកច្បាប់នេះដោយចូលអនុវត្តជាក់ស្ដែងក្នុងមជ្ឈដ្ឋានការងារច្បាប់ពីអ្នកមានជំនាញ ហើយរៀនសូត្រសន្សឹមៗពីវា នៅពេលមនុស្សជជែកគ្នាពីករណីផ្សេងៗ តុលាការកាត់ក្ដីជុំវិញពិភពលោក ហេតុការណ៍ផ្សេងៗ សន្និសីទ និងរឿងដទៃៗទៀតជាច្រើន៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.lifehack.org