ចំណុចសំខាន់៤យ៉ាងដែលសិស្សគួរធ្វើ ក្នុងពេលសិក្សានៅសាកលវិទ្យាល័យ
សិស្សានុសិស្សគ្រប់ៗរូបសុទ្ធតែដឹងថា ជីវិតនិងការសិក្សាក្នុងសាកលវិទ្យាល័យមានភាពមមាញឹកជាខ្លាំង ដែលអ្នកមានការលំបាកក្នុងការបែងចែកពេលវេលាសម្រាប់ជីវិតក្នុងសាលានិងជីវិតផ្ទាល់ខ្លួន។ ទោះជាបែបនេះក្ដី ដរាបណាអ្នកចេះរៀបចំជីវិតរបស់អ្នកឲ្យមានតុល្យភាពដែលអ្នកអាចរៀនក្នុងសាលា និងបំពេញកិច្ចការផ្សេងៗដែលសំខាន់សម្រាប់អ្នកបានល្អ នោះជីវិតអ្នកនឹងមានភាពសប្បាយរីករាយមិនខាន។ ហេតុនេះអ្នកអាចយល់ដឹងពី៤ចំណុចនេះនិងប្រើប្រាស់វាក្នុងជីវិតសិក្សារបស់អ្នកបាន៖
១) មានរបៀបរៀបរយ៖ អ្នកអាចរៀបចំកាលវិភាគរៀនដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ជាប្រចាំ។ ភាពមានរបៀបរៀបរយទៅលើការគ្រប់គ្រងលើពេលវេលានឹងបង្កើតនូវតុល្យភាពនៅក្នុងជីវិតអ្នកសម្រាប់ការសិក្សានិងកិច្ចការសំខាន់ផ្សេងៗទៀត។ ម្យ៉ាងទៀតអ្នកក៏មិនត្រូវភ្លេចពីការរៀបចំគោលដៅជីវិតរបស់អ្នកទុកជាមុនផងដែរ ព្រោះថាកំឡុងពេលសិក្សាក្នុងសាកលវិទ្យាល័យ អ្នកអាចចាប់ផ្ដើមតម្រង់ទិសការរៀនសូត្ររបស់អ្នកឲ្យភ្ជាប់ទំនាក់ទំនងគ្នានឹងគោលដៅជីវិតអ្នក។
២) ចូលរួមក្នុងក្លឹបសិក្សាឬក្រុមស្ម័គ្រចិត្តជួយសង្គមនានា៖ ដោយសារសាកលវិទ្យាល័យគឺជាកន្លែងដ៏ធំមួយ អ្នកអាចទទួលបានភាពសប្បាយរីករាយ ពីការចូលរួមក្លឹបសិក្សាឬក្រុមសង្គមនានា ហើយមានឱកាសបានស្គាល់ពីមនុស្សជាច្រើនបែបនៅក្នុងសង្គម ព្រមទាំងបានរៀនសូត្រនូវជំនាញថ្មីៗពីពួកគេផងដែរ។ សកម្មភាពទាំងនេះនឹងជួយឲ្យអ្នក មានទាំងចំណេះដឹង និង បទពិសោធន៍ក្នុងសង្គមជាក់ស្ដែង។
៣) ចំណាយពេលខ្លះ សម្រាប់ការធ្វើលំហាត់ប្រាណ៖ បង្កើតភាពសកម្មរបស់អ្នកដោយការចេញក្រៅធ្វើលំហាត់ប្រាណ ហើយវាក៏ផ្ដល់ប្រយោជន៍ឲ្យអ្នកបានបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ ដែលទាំងនេះនឹងជួយដល់ខួរក្បាល និងធ្វើឲ្យអារម្មណ៍របស់អ្នកមានភាពស្រស់ស្រាយផងដែរ។
៤) មិនត្រូវនៅដល់យប់ជ្រៅពេកនោះទេ៖ អ្នកមិនត្រូវមានទម្លាប់ចូលគេងយប់ជ្រៅជាប្រចាំនោះទេ លើកលែងពេលយប់មុនថ្ងៃប្រឡងដែលអ្នកត្រូវចំណាយពេលនៅដល់យប់ជ្រៅរៀបចំខ្លួនទុកជាមុនសម្រាប់ការប្រឡង។ ទម្លាប់ចូលគេងយប់ជ្រៅនឹងបង្កើនភាពតានតឹងដល់ការសិក្សា ថែមទាំងប៉ះពាល់ទៅដល់ខួរក្បាលដែលមានឥទ្ធិពលដល់ប្រសិទ្ធភាព នៃការរៀនសូត្ររបស់អ្នកផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.lifehack.org