សញ្ញា៣យ៉ាង​បញ្ជាក់​ថា​ ​​​លទ្ធភាព​​រក​លុយ​​របស់​អ្នក​​នៅ​ទាប​នៅ​ឡើយ​



អ្នកអាចនឹងកំពុងប្រទះឃើញខ្លួនឯងជាប់ក្នុងអន្ទាក់បញ្ហាហិរញ្ញវត្ថុ ដោយដកខ្លួនមិនរួចជារៀងរាល់ខែ បើទោះជាអ្នកយល់ថា អ្នកទទួលបានប្រាក់ពីការងាររបស់អ្នកសមល្មមហើយក៏ដោយ។ អ្នកអាចនឹងចាយវាយខ្ជះខ្ជាយ ស្របពេលដែលអ្នករកប្រាក់បានតិចតួច ដែលវានាំបញ្ហាឲ្យអ្នកធ្លាក់ទៅក្នុងសភាពក្រីក្រនោះឯង។ សញ្ញា៣យ៉ាងខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរស្វែងយល់ ដែលបង្ហាញថាអ្នកកំពុងតែបង្កើតប្រាក់មិនបានគ្រប់គ្រាន់៖ ១)អ្នកដាច់លុយចាយតាំងពីដើមខែ៖ បើសិនជាអ្នកមានបញ្ហាយ៉ាងតឹងតែងក្នុងការបង់ថ្លៃចំណាយផ្សេងៗតាំងពីដើមខែម្ល៉េះ ដែលអ្នកយល់ថាទោះជាពេលខ្លះអ្នកមិនសូវចាយវាយក្ដី តែអ្នកត្រូវមកដល់ចំណុចមួយដែលតម្រូវឲ្យអ្នកជ្រើសរើស ថាថ្លៃចំណាយមួយណាដែលអ្នកត្រូវបង់ ព្រមទាំងមិនសូវទទួលទានបានគ្រប់គ្រាន់ នោះអាចជាសញ្ញាដែលបញ្ជាក់ថាអ្នកមានវិបត្តិខាងប្រាក់ចំណូលហើយ។ អ្នកតែងមានអារម្មណ៍ថា ប្រាក់ខែដែលអ្នកទទួលបាន កំណត់មកថាអ្នកត្រូវចំណាយវាទៅលើអ្វីខ្លះរួចស្រេចទៅហើយមុននឹងទទួលបានវាមក។ ដូច្នេះ អ្នកត្រូវដោះស្រាយវាដោយរកវិធីបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្ថែមហើយ។ ២) អ្នកមិនមានលទ្ធភាពទប់ទល់នឹងស្ថានភាពអាសន្ន៖ តើអ្នកនៅតែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទប់ទល់នឹងស្ថានភាពអាសន្ននានាមែនទេ បើទោះជាអ្នកបានកាត់បន្ថយថ្លៃចំណាយលើរឿងមិនចាំបាច់ជាច្រើនក្នុងជីវិតហើយក្ដី? បើពិតបែបនេះមែន នោះអ្នកកំពុងតែជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរហើយ ហេតុនេះអ្នកចាំបាច់ត្រូវបង្កើតមូលនិធិសម្រាប់ស្ថានភាពអាសន្នដោយចៀសពុំបានហើយ។ ៣) អ្នកចេះតែព្រួយបារម្ភពីបញ្ហាហិរញ្ញវត្ថុឥតឈប់ឈរ៖ បើជាញឹកញាប់អ្នកមានកង្វល់សូម្បីតែលើថ្លៃចំណាយលើម្ហូបអាហារ និងថ្លៃឈ្នួលស្នាក់នៅ ដែលបណ្ដាលឲ្យអ្នកគេងមិនបានស្កប់ស្កល់រាល់យប់ នោះវាក៏បានបញ្ជាក់ថាអ្នកមិនបានបង្កើតលុយបានគ្រប់គ្រាន់ដូចគ្នា។ វិធីមានតែម្យ៉ាងនោះទេ គឺអ្នកត្រូវតែបញ្ឈប់ការព្រួយបារម្ភនោះ ហើយទាញប្រយោជន៍ពីវា សម្រាប់បង្កើតផែនការបង្កើនប្រាក់បន្ថែម ដើម្បីកែប្រែស្ថានភាពឲ្យល្អប្រសើរ៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.thebalance.com
X
5s