ស្លៀកខោខោវប៊យរាល់ថ្ងៃ តិចអត់ដឹងថា អាហ្នឹងគេដាក់ធ្វើអ្វី?
អស់រយៈពេលជាង ១៥០ឆ្នាំមកហើយ ដែលខោខោវប៊យត្រូវបានផ្លាស់ប្ដូររូបរាងជាច្រើនដំណាក់កាល ប៉ុន្តែមានរឿងមួយគឺគ្រាប់ដែកមូលៗតូចៗដាក់នៅត្រង់ហោប៉ៅមិនត្រូវបានផ្លាស់ប្ដូរនោះទេ។ លោកអ្នកដឹងថា មានវាន័យយ៉ាងម៉េចទេ?
កាលពីឆ្នាំ១៨៤៨ មាសត្រូវបានរកឃើញនៅរដ្ឋកាលីហ្វ័រញ៉ា។ កម្មករជីករ៉ែមាសនៅទីនោះ គឺស្លៀកខោខោវប៊យធ្វើការ ហើយពួកគេចង់ឱ្យបានខោខោវប៊យដែលមានគុណភាព ដែលរង្វង់ចង្កេះ មិនងាយធូរ ជាពិសេសហោប៉ៅមិនងាយរហែក (រហែកចេញពីសាច់ក្រណាត់) ព្រោះពួកគេធ្វើការធ្ងន់។ ដោយសារតែមានការរអ៊ូរទាំច្រើនពីកម្មករ ជាងកាត់ដេរម្នាក់ គឺលោក Jacob Davis មកពីរដ្ឋ Nevada បានរកឃើញការដាក់គ្រាប់ដែកតូចៗនេះដើម្បីឱ្យហោប៉ៅនៅជាប់នឹងសាច់ខោបានយូរ។
លោក Davis ចង់បានច្បាប់ប៉ាតង់ការពារកម្មសិទ្ធិបញ្ញារបស់លោក បន្ទាប់ពីគ្រាប់ដែកតូចៗនេះ បានទទួលប្រជាប្រិយភាព ជាពិសេសទំនុកចិត្តពីអ្នកស្លៀកខោខាវប៊យ ប៉ុន្តែលោកមិនមានថវិកាគាំទ្របំណងរបស់លោកនោះទេ។ នៅឆ្នាំ១៨៧២ លោកបានទាក់ទងទៅក្រុមហ៊ុន Strauss លើកិច្ចការនេះ ហើយគម្រោងរបស់លោកត្រូវបានក្រុមហ៊ុនទទួលយក ហើយក្រុមហ៊ុនបានដាក់ស្នើច្បាប់ប៉ាតង់ពីរដ្ឋាភិបាលលើការប្រើប្រាស់គ្រាប់ដែកនេះ ហើយការផលិតខោខាវប៊យចាប់ផ្ដើមដាក់គ្រាប់ដែកតូចៗនេះតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន៕