​​​​​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ម្តង​ៗ ​កុំ​ភ្លេច​ប្រើ​យុទ្ធសាស្ត្រ​ទាំង​៤​នេះ ​​ដើម្បី​មាន​ប្រៀប​លើ​ដៃគូ​



ការយល់ឃើញរបស់មនុស្សម្នាក់ៗមានភាពខុសៗប្លែកពីគ្នាជាហេតុនាំឲ្យពួកគេងាយនឹងឈានទៅដល់ការប្រកែកគ្នា ដោយសារតែមានការខ្វែងគំនិតគ្នា។ ម្យ៉ាងទៀត បើភាគីទាំងសងខាង និយាយយកតែឈ្នះរៀងៗខ្លួន នោះភាពចុះសម្រុងគ្នានៃគំនិត នឹងមិនអាចកើតមានឡើងនោះឡើយ។ ដូច្នេះ ដើម្បីឲ្យគំនិតរបស់អ្នកត្រូវបានគេទទួលយកប្រកបទៅដោយការគោរពគ្នាទៅវិញទៅមក ប្រការទាំង៤ខាងក្រោមនេះនឹងជួយនាំផ្លូវអ្នកបាន។

១) មិនត្រូវព្យាយាមយកឈ្នះនោះទេ៖ ការនិយាយប្រឆាំង និងមិនឲ្យតម្លៃទៅលើគំនិតនរណាម្នាក់ នឹងធ្វើឲ្យពួកគេកាន់តែព្យាយាមស្វែងរកហេតុផលផ្សេងៗ ដើម្បីមកគាំទ្រគំនិតរបស់ខ្លួនឲ្យកាន់តែមានឥទ្ធិពលជាងមុន។ ដូច្នេះ អ្នកមិនអាចយកឈ្នះជម្លោះដោយបែបនេះបានឡើយ ផ្ទុយទៅវិញ អ្នកត្រូវយល់ស្របទៅនឹងគំនិតរបស់គេ និងស្ដាប់គេដោយយកចិត្តទុកដាក់ជាមុនសិន មិនថាគំនិតនោះមិនសមហេតុផលយ៉ាងណាក៏ដោយ។ នៅពេលភាគីម្ខាងទៀតទទួលដឹងពីការគោរពរបស់អ្នកចំពោះគេ ពួកគេនឹងបើកចំហចិត្តស្ដាប់ពីគំនិតអ្នកវិញ ពេលនោះអ្នកអាចពន្យល់គេពីគំនិតដែលសមហេតុសមផលរបស់អ្នកបានហើយ។

២) ចោទសួរឡើងនូវសំណួរដែលមានលក្ខណៈបើកចំហ៖ ការចោទសួរឡើងនូវសំណួរដែលមានលក្ខណៈបើកចំហ នឹងជំរុញឲ្យពួកគេបើកចិត្តទូលំទូលាយដោះស្រាយបញ្ហានោះជាមួយអ្នក ដែលអាចផ្លាស់ប្ដូរពីទំនាក់ទំនងបែបប្រកួតប្រជែងទៅជាការរួមសហការគ្នាវិញ។

៣) ត្រូវមានទំនុកចិត្ត៖ តាមការសិក្សាក្នុងឆ្នាំ២០១៣បានបង្ហាញថា ជាទូទៅ មនុស្សភាគច្រើនតែងស្ដាប់អ្នកណាដែលមានឥរិយាបថដែលអះអាងថា ពួកគេដឹងនូវអ្វីដែលត្រឹមត្រូវពិតប្រាកដ មិនមែនអ្នកដែលមានភាពឆ្លាតវៃជាងគេនោះទេ។ ដូច្នេះ អ្នកចាំបាច់ត្រូវមានទំនុកចិត្តលើខ្លួនឯង និងអ្វីដែលខ្លួនឯងនឹងត្រូវនិយាយ ដើម្បីឲ្យពួកគេស្ដាប់ និងទទួលយកនូវការយល់ឃើញរបស់អ្នក។

៤) ប្រើប្រាស់ក្រាហ្វិកបង្ហាញ៖ មនុស្សជាទូទៅមានការទុកចិត្តទៅលើអ្នកវិទ្យាសាស្ត្រ នេះបើយោងទៅតាមការសិក្សាពីCornell University។ ម្យ៉ាងទៀត ការប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗដែលមានលក្ខណៈបែបវិទ្យាសាស្ត្រ ដូចជាការប្រើប្រាស់ក្រាហ្វិក នោះអ្នកនឹងងាយទទួលបានការទុកចិត្តពីអ្នកដទៃទៅលើគំនិតរបស់អ្នក៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.verywell.com

X
5s