ហេតុអ្វីយើងចាំបាច់ស្វែងរកចំណុចខ្លាំងរបស់ខ្លួនឱ្យឃើញ?
«ចំណុចខ្លាំង» គឺជាសក្តានុពលប្រកបដោយវិសេសភាពដែលបុគ្គលម្នាក់ៗមាននៅក្នុងខ្លួនតាំងពីកំណើតមក។ លោក ម៉ាខ័ស ប័កគិងហែម និង លោក ដូណាល់ អូ គ្លិហ្វតុន បានពន្យល់ពាក្យ ចំណុចខ្លាំង នៅក្នុងសៀវភៅ «ស្វែងរកចំណុចខ្លាំង» ឬ “Now, Discover Your Strengths” របស់ពួកគេថា ជាការបំពេញកិច្ចការ អ្វីម្យ៉ាងបានស្ទើរតែល្អឥតខ្ចោះនិងបានជានិច្ចកាល។
លើសពីនេះទៅទៀត លោក ម៉ាទីន សេលិកម៉ែន ជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៃមហាវិទ្យាល័យផិនស៊ិលវេនៀ និង ជាអ្នកនិពន្ធសៀវភៅ «Learned Optimism» បានលើកឡើងថា ៖«គោលការណ៍សំខាន់ដែលនាំទៅរកជោគជ័យរួមទាំងសេចក្តីសុខដ៏ធំធេង គឺការប្រើចំណុចខ្លាំងរបស់ខ្លួនឯង ពុំមែនកែប្រែចំណុចខ្សោយរបស់ខ្លួននោះទេ ជំហានដំបូងគឺត្រូវដឹងថាខ្លួនមានចំណុចខ្លាំងអ្វីខ្លះ»។
ជាការពិតណាស់ សោកនាដកម្មដ៏ពិតប្រាកដនៃជីវិតមនុស្សយើង ពុំមែនមកពីគេ ម្នាក់ៗមានចំណុចខ្លាំងមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែមកពីមនុស្សម្នាក់ៗមិនអាចប្រើចំណុចខ្លាំងដែលខ្លួនមានឱ្យកើតជា ប្រយោជន៍បាននោះឯង។ លោក បិនចាមិន ហ្វ្រែងគ្លិន ហៅចំណុចខ្លាំងដែលឥតប្រយោជន៍នេះថាជា «នាឡិកាប្រើកម្តៅថ្ងៃដែលដាក់នៅក្រោមឆត្រ»។
ដូច្នេះហើយ ការស្វែងរកចំណុចខ្លាំងរបស់ខ្លួន គឺជាដំណើរ ស្វែងយល់ពីខ្លួនឯងដ៏មានសារៈសំខាន់មួយ ដែលយើងម្នាក់ចាំបាច់ត្រូវធ្វើឱ្យបាន ដើម្បីឆ្ពោះទៅរក ជោគជ័យ ព្រមទាំងកសាងសេចក្តីសុខដ៏ធំធេងសម្រាប់ខ្លួនឯង គ្រួសារ និង សង្គមជាតិ៕
ដោយ៖ ប៉ុម ទូច