តើលោកអ្នកដឹងទេ? នៅទ្វីបអាមេរិកខាងជើងនឹងមានមហាសេដ្ឋីកើតថ្មី១នាក់នៅរៀងរាល់៦ថ្ងៃម្តង
ទ្វីបអាមេរិកខាងជើង ជាតំបន់មួយដែលល្បីល្បាញយូរមកហើយថា មានមហាសេដ្ឋីរស់នៅច្រើន ពោលគឺច្រើនជាងនៅតំបន់ណាៗទាំងអស់នៅលើសាកលលោកអស់រយៈពេលជាច្រើនទសវត្សមកនេះ។
លទ្ធផលស្រាវជ្រាវចុងក្រោយរបស់ធនាគារស្វីស Credit Suisse ប្រចាំឆ្នាំ ២០១៦នេះបានបង្ហាញថា នៅរៀងរាល់៦ថ្ងៃម្តង តំបន់នេះនឹងមានមហាសេដ្ឋីកើតថ្មី ឬ សេដ្ឋីចូលថ្មីចំនួន១នាក់ ដែលមានទឹកប្រាក់ចាប់ពី ១ ០០០ ពាន់លានដុល្លារឡើងទៅ។
ក្រុមហ៊ុនស្រាវជ្រាវពីទ្រព្យសម្បត្តិសាកលលោកខាងលើមួយនេះបានអះអាងថា អាមេរិកខាងជើងឈានមុខគេលើកំណើនមហាសេដ្ឋីថ្មីៗដែលមានចំនួន ៣០០ នាក់នៅក្នុងចំណោមមហាសេដ្ឋី ៩៤៥ នាក់នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ បើគិតក្នុងមួយឆ្នាំ តំបន់នេះមានមហាសេដ្ឋីថ្មីៗ ៦០ នាក់ ឬ ច្រើនជាង១ នាក់នៅក្នុងមួយសប្តាហ៍។
ចំណែកចំនួនសេដ្ឋីដែលមានទឹកប្រាក់ក្រោម ១ ០០០ លានដុល្លារចុះក្រោមក៏ត្រូវបានរំពឹងថា អាចហក់ឡើងដល់ ៣៣% នៅក្នុងរយៈពេល៥ឆ្នាំខាងមុខដែរ ពោលនឹងអាចកើនឡើងដល់ ១៩,៧ លាននាក់។ ទន្ទឹមនឹងនេះ ប្រជាជនតំបន់អាមេរិកខាងជើងដែលមានទ្រព្យសម្បត្តិចាប់ពី ១ សែនដុល្លារ ឬ ៥០ លានដុល្លារ ឬ ច្រើនជាងនេះ នឹងកាន់កាប់ទ្រព្យសម្បត្តិជាងពាក់កណ្តាលនៃទ្រព្យសម្បត្តិសាកលលោកនៅក្នុងឆ្នាំ ២០២១។
ផ្ទុយពីអាមេរិក ងាកទៅមើលចិនវិញដែលកំពុងមានសេដ្ឋីចូលថ្មីកើនឡើងយ៉ាងគំហុកនោះ ក៏នៅតែត្រូវបានក្រុមហ៊ុននេះព្យាករណ៍ថា នៅស្ថិតក្នុងចំណាត់ថ្នាក់ពីក្រោយតំបន់អាមេរិកខាងជើងដដែល។ មហាយក្សចិនមានសេដ្ឋីត្រឹមតែ ១,៦ លាននាក់ខ្ពស់ជាងកាណាដាដែលមានចំនួន ១,១ លាននាក់ ដែលជាចំនួនមួយនៅឆ្ងាយពីអាមេរិកដែលមានរហូតដល់ ១៣,៦ លាននាក់៕
ប្រភព៖ businessinsder