មនុស្សមួយចំនួនធំមិនសប្បាយចិត្តនឹងការងារកំពុងធ្វើ គួរធ្វើម៉េចដើម្បីបង្កើតក្ដីស្រលាញ់ចំពោះការងារ?
អ្វីៗសុទ្ធតែមានហេតុ និងផលនៅលើលោកនេះ។ នៅកន្លែងការងារ ក៏មានរឿងដែលគួរឱ្យសប្បាយចិត្ត និងមិនគួរឱ្យសប្បាយចិត្តច្រើនដែរ។ មនុស្សមួយចំនួនធំ មិនសប្បាយចិត្ត នឹងការងារដែលពួកគេមាននោះទេ។ តើគួរមានវិធីអ្វីដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត នឹងការងារកំពុងធ្វើ និងមានរាល់ថ្ងៃ?
១) លុយនឹងកើតឡើងក្រោយអ្នកផ្តល់តម្លៃឱ្យការងាររបស់អ្នក៖ មនុស្សជាច្រើនធ្វើការឬរកស៊ីដើម្បីតែលុយតែមួយមុខប៉ុណ្ណោះ។ ពួកគេមិនបានផ្តល់តម្លៃទៅលើការងារដែលពួកគេមាននោះទេ។ ការផ្ដល់តម្លៃមានន័យថា គេធ្វើក៏ដោយមិនមែនគិតថា ការងារនោះ ឬគម្រោងនាំកម្រៃ និងចំណេញរហូតនោះទេ។ ការងារ ឬអាជីវកម្មត្រូវការចំណាយដើម្បីទទួលបានផលតបស្នងមកវិញប៉ុន្តែមិនមែនពេលនេះទេ គឺពេលអនាគត។ «ការចំណាយ» នេះចង់សម្ដៅថា ការចំណាយដោយលុយកាក់ ឬកម្លាំងញើសឈាម។ ប្រសិនបើអ្នកចេះរកវិធីបង្កើតតម្លៃសម្រាប់ខ្លួនឯង និងក្រុមហ៊ុននោះ ច្បាស់ណាស់ថា លុយនឹងហូចូលមកហើយ។
២) អ្នកនឹងស្អប់ការងាររបស់អ្នកប្រសិនជាអ្នកផ្តោតទៅលើលុយ៖ ប្រសិនបើអ្នកផ្តោតសំខាន់ទៅលើរឿងលុយកាក់នោះវានឹងនាំផលអាក្រក់ជាខ្លាំងដល់ខ្លួនឯង។ អ្នកមិនអាចដាក់អារម្មណ៍ទៅលើការងារបានទាំងស្រុងនោះទេ ប្រសិនជាអ្នកមិនពេញចិត្តដោយសារតែការងារនោះផ្ដល់កម្រៃមិនត្រូវតាមចិត្តអ្នកចង់បាន។ គួរគិតថា លុយអ្នកអាចនឹងទទួលបានច្រើន ប្រសិនបើអ្នកបំពេញការងារបានល្អលើសអ្នកផ្សេង។
៣) អ្នកនឹងរីកចម្រើនប្រសិនជាអ្នកចង់រៀនពីការងាររបស់អ្នក៖ ប្រសិនជាអ្នកដាក់ចិត្តចង់រៀនចង់ចេះ អ្នកនឹងពេញចិត្តការងាររបស់អ្នក។ មនុស្សភាគច្រើនដែលមិនពេញចិត្តនឹងការងារដែលពួកគេមាន នោះគឺដោយសារតែពួកគេមិនចង់រៀនអ្វីដែលថ្មី និងនាំគេឆ្ពោះទៅកាន់កម្រិតប្រសើរជាងមុន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org