កំហុសធ្ងន់ធ្ងរ៤ចំណុច ដែលមនុស្សវ័យខ្ទង់២០ឆ្នាំបានធ្វើ ជាហេតុនាំឲ្យខកចិត្តធំធេង
ការឈានចូលមកដល់ក្នុងវ័យជំទង់របស់មនុស្សម្នាក់ៗ តែងនាំមកជាមួយនឹងវិបត្តិទាំងតូចតាច និងធ្ងន់ធ្ងរជាច្រើនដោយមិនអាចចៀសបាននៅក្នុងជីវិតពួកគេ។ ជារឿងងាយណាស់សម្រាប់ពួកគេក្នុងការសាងនូវកំហុស បើពួកគេមិនបានប្រើការគិតឲ្យបានស៊ីជម្រៅចំពោះដំណោះស្រាយនានាទៅលើរឿងសំខាន់ទាំងឡាយនៅក្នុងជីវិតដោយច្រើនតែបណ្ដែតបណ្ដោយទៅតាមអារម្មណ៍របស់ខ្លួន គ្មានវិន័យនិងការគ្រប់គ្រងទៅលើវាទៅក្នុងផ្លូវត្រូវ។
កំហុសដ៏គួរឲ្យខាតបង់ទាំង៤ដែលមនុស្សក្នុងវ័យខ្ទង់២០ឆ្នាំភាគច្រើនបានសាងឡើងខាងក្រោមនេះគឺជាមេរៀនដ៏សំខាន់សម្រាប់អ្នកមុននឹងឈានចូលវ័យនេះគួររៀនសូត្រ និងចៀសវាង៖
១) ពួកគេយល់ថាចំណេះដឹងនិងទេពកោសល្យតែម្យ៉ាងគឺគ្រប់គ្រាន់សម្រាប់ភាពជោគជ័យហើយ៖ ពិតណាស់ដែលផ្នត់គំនិតសង្គមតែងឲ្យតម្លៃទៅលើភាពវៃឆ្លាត ទេពកោសល្យពីធម្មជាតិ បូកផ្សំនឹងកម្រិតសញ្ញាប័ត្រដែលមានតម្លៃខ្ពស់ សុទ្ធតែជាកត្តាដ៏សំខាន់បំផុតក្នុងការលើកអ្នកឲ្យខ្ពស់ផ្លោះជំហានទៅរកភាពជោគជ័យក្នុងជីវិតការងារ ក៏ដូចជាជីវិតផ្ទាល់ខ្លួន។ យ៉ាងណាមិញ គុណសម្បត្តិដ៏គួរជាទីគាប់ចិត្តរបស់មនុស្សគ្រប់គ្នាទាំងនេះតែម្យ៉ាង ពិតជាមិនអាចធានាពីភាពជោគជ័យរបស់ពួកគេបានឡើយ បើពួកគេប្រាសចាកពីការខិតខំប្រឹងប្រែង និងឆន្ទៈតស៊ូព្យាយាមដ៏មោះមុតនោះ។
២) ពួកគេឲ្យតម្លៃសេចក្ដីសុខស្មើនឹងទឹកប្រាក់៖ អ្នកអាចយល់ឃើញថា ភាពល្បីល្បាញ និងការទទួលបានការគោរពពីមនុស្សជុំវិញខ្លួនអ្នក ដោយខិតខំស្វះស្វែងរកភាពជោគជ័យនៅក្នុងសង្គម អាចធ្វើឲ្យអ្នកមានសេចក្ដីសុខយ៉ាងពិតប្រាកដ។ តាមពិតមនុស្សភាគច្រើនមានការយល់ឃើញបែបនេះដែលវាពិតជាមិនត្រឹមត្រូវនោះទេ បើអ្នករវល់តែដេញតាមសេចក្ដីសុខដែលបានពីទឹកប្រាក់ នោះអ្នកនឹងមានការស្ដាយក្រោយដែលអ្នកមិនបានដេញតាមក្ដីសុបិនរបស់អ្នកវិញ។
៣) ពួកគេតែងមានគំនិតបោះបង់នៅពេលជួបការលំបាក៖ នៅពេលគោលដៅរបស់អ្នកមិនបានសម្រេចទៅតាមបំណងប្រាថ្នា អ្នកមិនត្រូវអនុញ្ញាតឲ្យភាពគ្មានអំណត់អត់ធន់ចូលមកជំនួសអារម្មណ៍ដែលធ្លាប់តែពុះកញ្ជ្រោលចង់សម្រេចឲ្យដល់គោលដៅនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវរៀនសូត្រពីបទពិសោធន៍នៃភាពបរាជ័យនោះ ហើយអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុន។
៤) ពួកគេគិតថាការផ្លាស់ប្ដូរទៅទីកន្លែងថ្មីនឹងអាចដោះស្រាយបញ្ហារបស់ពួកគេបាន៖ ការដើរកម្សាន្ត ឬការផ្លាស់ប្ដូរទីកន្លែងរស់នៅថ្មី គឺជារឿងដ៏ល្អបំផុតមួយសម្រាប់អ្នក ជាពិសេសសម្រាប់វ័យរបស់អ្នកនេះហើយ ប៉ុន្តែមិនមែនគំនិតនៃការផ្លាស់ប្ដូរទីកន្លែងថ្មីអាចឲ្យអ្នករកឃើញដំណោះស្រាយសម្រាប់បញ្ហាជីវិត និងរកទិសដៅថ្មីដែលត្រឹមត្រូវនោះទេ។ បើសិនជាចិត្តរបស់អ្នកមិនស្ងប់ ឬមិនមានសេចក្ដីសុខពីខាងក្នុងហើយ ទោះជាអ្នកទៅដល់ទីណា ក៏អ្នកនៅតែមិនអាចស្វែងរកអត្ថន័យពិតប្រាកដនៃសេចក្ដីសុខសម្រាប់ជីវិតដូច្នោះដែរ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.businessinsider.com