ជំនាញ ៤យ៉ាងដែលមនុស្សគ្រប់រូបគួររៀនសូត្រក្នុងវ័យខ្ទង់ ២០ឆ្នាំ​



ស្ថានការណ៍ខាងក្រៅដែលពួកយើងជួបប្រទះជារៀងរាល់ថ្ងៃ តែងកើតមានការផ្លាស់ប្ដូរជានិច្ច ដូចគ្នាទៅនឹងជីវិតរបស់យើងដែលមានការឡើងចុះ ម្ដងប្រែជាល្អ ម្ដងប្រែជាអាក្រក់ ដែលគ្មាននរណាម្នាក់អាចគ្រប់គ្រងហេតុការណ៍ខាងក្រៅទាំងនោះមិនឲ្យកើតឡើងមកលើជីវិតយើងបានឡើយ ប៉ុន្តែអ្វីដែលសំខាន់ ជាអ្វីដែលអ្នកអាចគ្រប់គ្រងបាន គឺជាការឆ្លើយតបរបស់អ្នកទៅនឹងវា វាស្ថិតនៅក្នុងដែនកំណត់របស់អ្នក នៅពេលនោះអ្នកនឹងមានសមត្ថភាពផ្លាស់ប្ដូរស្ថានការណ៍ទាំងនោះឲ្យប្រែមកជាប្រសើរវិញទៅតាមចិត្តរបស់អ្នកបាន។ ដូច្នេះ ការរៀនសូត្រយល់ដឹងជាមុននូវជំនាញដ៏សំខាន់ទាំង៤ខាងក្រោមនេះ នឹងជួយឲ្យអ្នកអាចកែប្រែស្ថានការណ៍របស់អ្នកឲ្យល្អឡើងវិញបាន៖ ១. ធ្វើជាមនុស្សដែលប្រកាន់យកភាពស្មោះត្រង់៖ អ្នកត្រូវមានភាពស្មោះត្រង់ក្នុងការសារភាពនូវកំហុសរបស់អ្នក ដោយមិនប្រឹងយកលេសមកអះអាងដោយបន្ទោសហេតុការណ៍ខាងក្រៅ ឬអ្នកដទៃដើម្បីការពារខ្លួនឯងពី កំហុសខុសឆ្គងនោះឡើយ ការធ្វើបែបនេះបាន វាស្មើទៅនឹងការគោរព និងឲ្យតម្លៃទៅលើខ្លួនឯងដូច្នោះដែរ។ ២. មានភាពអំណត់អត់ធន់៖ នៅក្នុងវ័យនេះ អ្វីដែលមានតម្លៃសម្រាប់អ្នកបំផុត គឺជាបទពិសោធន៍ជីវិតដែលទទួលបានពីការរៀនសាកល្បងអ្វីដែលថ្មី បរាជ័យហើយ រៀនសូត្រពីវារួចក្រោកឡើងសាកល្បងវាម្ដងទៀត រហូតដល់ធ្វើវាបានសម្រេច។ បទពិសោធន៍ជីវិតមានភាពសំខាន់ជាខ្លាំង ប៉ុន្តែមនុស្សភាគច្រើនបែរជាមិនសូវឲ្យតម្លៃទៅលើវាទៅវិញ។ កាលណាអ្នកជួបការលំបាក និងជម្នះវាបានកាន់តែច្រើន នោះអ្នកនឹងមានភាពរឹងមាំកាន់តែខ្លាំងសម្រាប់ដោះស្រាយបញ្ហាទាំងឡាយនៅក្នុងជីវិតបានដោយជោគជ័យ។ ៣. រស់នៅជាមួយនឹងអ្វីដែលអ្នកមាន៖ មនុស្សភាគច្រើនតែងស្វែងរកសេចក្ដីសុខពីរបស់ខាងក្រៅ ដែលមិនមែនជាអ្វីដែលមាននៅក្នុងចិត្តខ្លួនឯង។ ពួកគេគិតថា សម្ភារៈទំនើបៗនឹងបម្រើនូវសេចក្ដីសុខ និងភាពសប្បាយរីករាយនៅក្នុងជីវិត ប៉ុន្តែអ្នកត្រូវចាំថារបស់អស់ទាំងនោះមិននៅស្ថិតស្ថេរជារៀងរហូតនោះឡើយ ហើយបើអ្នកនៅតែព្យាយាមដេញតាមវាទៀត មិនយូរប៉ុន្មាន អ្នកនឹងមិននៅសេសសល់អ្វីឡើយសម្រាប់ខ្លួនឯង។ ៤. រៀនសូត្រដោយមិនចាំបាច់តែនៅក្នុងសាលា៖ ដំណើរការណ៍នៃការរៀនសូត្រសម្រាប់ការអភិវឌ្ឍខ្លួនឯង មិនបានខណ្ឌដែនកំណត់ត្រឹមក្នុងសាលានោះទេ ឲ្យតែអ្នកមានឆន្ទៈចង់ចេះចង់ដឹង ចង់ផ្ដល់ភាពរីកចម្រើនដល់ចិត្តគំនិតខ្លួនឯង អ្នកអាចរៀនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនថាជាការអានសៀវភៅបន្ថែម ការបណ្ដុះជំនាញថ្មីៗ ឬសូម្បីតែបទពិសោធន៍នៅក្នុងជីវិតរបស់អ្នក៕
X
5s