​ប្រយោជន៍​ធំៗ​​​៣​​យ៉ាង​​នឹង​កើត​ឡើង​ ​​កាល​ណា​អ្នក​មិន​ខ្ជះខ្ជាយ​ពេល​​បើកFacebook​ជា​ប្រចាំ​



តាមពិតទៅ យើងមិនអាចវាយតម្លៃថារបស់អ្វីមួយ ឬបុគ្គលណាម្នាក់ល្អឬអាក្រក់បានឡើយ ព្រោះថាអ្វីក៏ដោយតែងតែមានចំណុចវិជ្ជមាន និងចំណុចអវិជ្ជមានរបស់វា ប៉ុន្តែអ្វីដែលសំខាន់ គឺស្ថិតនៅលើបុគ្គលម្នាក់ៗទៅវិញទេ ដែលថាតើយើងចេះទាញយកចំណុចល្អៗពីរបស់អស់ទាំងនោះ ឬមនុស្សនៅជុំវិញខ្លួនយើងបានដោយរបៀបណា។

ដូចគ្នាទៅនឹងFacebookដែរ ចំណុចល្អរបស់វាគឺជួយផ្សារភ្ជាប់ទំនាក់ទំនងមនុស្សនៅលើពិភពលោក ហើយចំណុចអាក្រក់របស់វាគឺបានបំផ្លាញទៅដល់គុណភាពនៃជីវិតរបស់មនុស្ស ដែលអ្នកប្រើប្រាស់ភាគច្រើនធ្លាក់ទៅក្នុងការទាញយកចំណុចអាក្រក់របស់វាមកនៅក្នុងជីវិត។ ដូច្នេះ បើអ្នកកាត់បន្ថយការប្រើប្រាស់វា ឬងាកមកប្រើប្រាស់វានៅក្នុងផ្លូវត្រូវវិញ ៣ចំណុចនេះគឺជាអ្វីដែលអ្នកទទួលបាន៖

១) អ្នកនឹងសម្រេចកិច្ចការបានរួចរាល់ជាច្រើន៖ ជារឿងដែលតែងកើតឡើងមកលើអ្នកស្ទើរតែរាល់លើកទៅហើយ គ្រាន់តែអ្នកមិនចាប់អារម្មណ៍ពីផលប៉ះពាល់របស់វាតែប៉ុណ្ណោះ ដែលអ្នកតែងប្រាប់ខ្លួនឯងថានឹងចំណាយពេលតែប៉ុន្មាននាទីទៅលើការលេងFacebook ប៉ុន្តែវាបែរជាទាញអារម្មណ៍អ្នកឲ្យវក់នឹងវារហូតដល់ខាតពេលអស់ជាច្រើនម៉ោង។ នៅពេលនោះហើយដែលអ្នកចាប់អារម្មណ៍ថា ផលិតភាពការងាររបស់អ្នកចាប់ផ្ដើមថយចុះ ហើយធ្វើឲ្យអ្នកមិនអាចសម្រេចកិច្ចការបានច្រើនទៅតាមការរំពឹងទុក។ វាជាផលប៉ះពាល់មួយដែលអ្នកមិនគួរមើលរំលង ដូច្នេះអ្នកគួរចាប់ផ្ដើមកាត់បន្ថយពេលវេលាចំណាយលើវាក្នុងមួយថ្ងៃៗទៅ។

២) អ្នកនឹងនៅឆ្ងាយពីជនរំខានផ្សេងៗ៖ ភាគច្រើននៃអ្នកប្រើប្រាស់បណ្ដាញសង្គមFacebookញឹកញាប់ តែងមានជនមិនស្គាល់មុខដែលចូលចិត្តរំខានទៅដល់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ដោយអ្នកទាំងនោះទទួលបានព័ត៌មានពីពួកគេតាមរយៈរូបភាព ឬសារផ្សេងៗបង្ហោះជាសាធារណៈ បើទោះជាអ្នកមិនមែនជាfriendនឹងជនរំខានទាំងនោះក៏ដោយ ក៏ពួកគេនៅតែអាចទទួលព័ត៌មានពីអ្នកតាមរយៈមិត្តភ័ក្ដិរបស់អ្នកបាន។ ដូច្នេះ បើអ្នកកាត់បន្ថយការប្រើប្រាស់Facebook អ្នកនឹងអាចនៅឆ្ងាយពីជនរំខានទាំងនោះមិនខាន។

៣) អ្នកនឹងមានសេចក្ដីសុខជាមួយនឹងអ្វីដែលជារបស់ខ្លួនពិតប្រាកដ៖ អ្នកប្រើប្រាស់ភាគច្រើន តែងកំណត់គុណតម្លៃរបស់ខ្លួនដោយផ្អែកទៅលើការឆ្លើយតបរបស់អ្នកប្រើប្រាស់ផ្សេងទៀតក្នុងFacebookទៅលើពួកគេ។ បើអ្នកទាំងនោះមិនlikeរូបពួកគេ ឬcommentនិយាយល្អពីពួកគេ ពួកគេនឹងយល់ថាខ្លួនមិនល្អត្រង់ចំណុចនេះ ឬចំណុចនោះ ហើយការគោរពចំពោះខ្លួនឯងរបស់ពួកគេនឹងចាប់ផ្ដើមថយចុះ រហូតដល់មានទស្សនៈអវិជ្ជមានផ្សេងៗមកលើខ្លួនឯង ហើយប៉ះពាល់ដល់សេចក្ដីសុខនៅក្នុងដំណើរជីវិតរបស់ពួកគេដោយខ្លួនឯងទៀតផង៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖http://www.lifehack.org/

X
5s