ទម្លាប់ល្អៗទាំង៤ ដែលអ្នកគួរមាននៅក្នុងជីវិត
យើងទាំងអស់គ្នាសុទ្ធតែជាលទ្ធផលនៃទម្លាប់របស់យើង មានន័យថា បើមានទម្លាប់ល្អនោះវានឹងនាំឲ្យមានលទ្ធផលល្អ តែបើមានទម្លាប់អាក្រក់ប្រាដណាស់ថា អ្នកនឹងទទួលបានតែលទ្ធផលមិនជាទីពេញចិត្ត។ អ្វីៗដែលយើងគិតឬនិយាយគឺសុទ្ធតែជាលទ្ធផលនៃទម្លាប់ ដូច្នេះហើយ វាគឺមានឥទ្ធិពលយ៉ាងខ្លាំងក្នុងជីវិតរបស់យើង។ តើមានទម្លាប់អ្វីខ្លះដែលអ្នកគួរមានទៅ៖
១) ងើបពីព្រលឹម៖ ម៉ោងនៅពេលព្រឹកគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការគិតឬវិភាគអ្វីៗឡើងវិញ។ ខណៈ ពេលដែលពិភពលោកកំពុងតែស្ថិតក្នុងសភាពស្ងប់ស្ងាត់នៅឡើយ អ្នកអាចផ្តោតអារម្មណ៍ទៅលើការងាររបស់អ្នកបានយ៉ាងល្អ។ ដូច្នេះហើយ អ្នកគួរតែបណ្តុះទម្លាប់ងើបពីព្រឹកនេះ ទោះបីជាវាហាក់ដូចជាលំបាកបន្តិចក្តីនៅគ្រាដំបូង ប៉ុន្តែយូរៗទៅ អ្នកនឹងទម្លាប់វាបាន។
២) ដឹងគុណខ្លួនឯង៖ យើងចំណាយពេលជាច្រើនរអ៊ូរឿងបញ្ហារបស់ពួកយើង។ ប៉ុន្តែ បញ្ហាគឺជាផ្នែកមួយនៃជីវិត ដែលគ្មាននរណាម្នាក់អាចគេចផុតឡើយ មិនថា អ្នកមានឬអ្នកក្រ តូនាទីតូចឬ ធំនោះទេ។ ប៉ុន្តែមនុស្សភាគច្រើនហាក់មិនបានយល់អំពីចំណុចនេះ ហើយចេះតែរអ៊ូចំពោះបញ្ហាដេែលបានកើតឡើង។ ការធ្វើបែបនេះ គឺគ្មានប្រយោជន៍អ្វីទាំងអស់ ក្រៅពីធ្វើឲ្យខ្លួនឯងកាន់តែពិបាកចិត្ត និង មានបញ្ហាស្មុគស្មាញអារម្មណ៍កាន់តែខ្លាមង។ ដូច្នេះហើយ អ្នកគូរតែផ្លាស់ប្តូរការគិតបែបនេះចេញ ហើយព្យាយាមដឹងគុណចំពោះការខិតខំរបស់ខ្លួនឯងកន្លងមក ព្រោះបើគ្មានការខិតខំប្រឹងប្រែងនោះទេ គឺជីវិតនឹងកាន់តែវេទនាមិនខាន។
៣)ញញឹម៖ តាមការសិក្សារកឃើញថា មនុស្សដែលសើចឬញញឹមចេញពីចិត្ត គឺជាមនុស្សដែលសប្បាយចិត្តក្នុងជីវិត។ បើសង្កេតមើលក្នុងទិដ្ឋភាពជាក់ស្តែង ការញញឹមគ្មានឡើយពាក្យថា ខាត ផ្ទុយទៅវិញ វានាំឲ្យចំណេញច្រើនណាស់។ ចំណេញព្រោះអ្នកខ្លួនឯងសប្បាយចិត្ត ចំណេញព្រោះធ្វើឲ្យអ្នកដទៃសប្បាយចិត្ត ចំណេញព្រោះអាចសាងមិត្តភាព និង ទំនាក់ទំនងកាន់តែល្អជាមួយមនុស្សជុំវិញខ្លួន។ បើញញឹមគ្មានខាតបង់អ្វីផង ចុះហេតុអ្វីមិនព្រមញញឹម។
៤) អាហារពេលព្រឹក៖ អាហារពេលព្រឹកគឺមានសារៈសំខាន់ណាស់ក្នុងជីវិត។ ប៉ុន្តែ មនុស្សជាច្រើនមិនទទួលទាននោះទេ ជាហេតុនាំឲ្យគ្មានថាមពលគ្រប់គ្រាន់ក្នុុងការបំពេញការងារផ្សេងៗ ហើយធ្វើឲ្យសុខភាពចុះខ្សោយផងដែរ។ ដូច្នេះ ប្រសិនជាអ្នកពិតជាចង់ជោគជ័យ អ្នកត្រូវទទួលទានអាហារពេលព្រឹក៕
ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ www.lifehack.org