បើមិនទាន់ចេះស្រលាញ់ខ្លួនឯងនោះទេ គួរអនុវត្តចំណុចទាំង៤នេះ!
ក្តីស្រលាញ់គឺពិតជាធំធេងខ្លាំងណាស់សម្រាប់មនុស្សទូទៅ។ ប៉ុន្តែមនុស្សមួយចំនួន ហាក់ដូចជាមិនទាន់ចេះស្រលាញ់ខ្លួនឯងនៅឡើយ ព្រោះអ្វីដែលខ្លួនធ្វើនោះ គឺសុទ្ធតែនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ខ្លួនឯង។ សូម កុំគិតថាខ្លួនឯងគឺជាមនុស្សអាក្រក់ឬអន់ខ្លាំងពេក ហើយបើដឹងថា ខុសគឺត្រូវកែ បើដឹងថាខ្សោយត្រូវប្រឹងពង្រឹងឲ្យខ្លាំងឡើងវិញ។ បើអ្នកមិនចេះស្រលាញ់ខ្លួនឯងនោះទេ គឺធ្វើអ្វីក៏មិនអាចជោគជ័យដោយងាយនោះទេ ដូច្នេះហើយត្រូវព្យាយាមស្រលាញ់ខ្លួនឯងឲ្យបានច្រើន ប៉ុន្តែមិនមែនមានន័យថា ត្រូវក្លាយជាមនុស្សអាត្មានិយមនោះទេ។ ខាងក្រោមនេះ ជាវិធីដើម្បីរៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើន៖
១) ជម្នះភាពអវិជ្ជមានលើខ្លួនឯង៖ មនុស្សជាច្រើនមានបញ្ហាលះបង់ភាពអវិជ្ជមានចំពោះខ្លួនឯងមិនបានទាល់តែសោះ ។ គំនិតអវិជ្ជមានមានមកពីអ្នកដទៃច្រើនហើយ ហេតុអ្វីបានជាអ្នកនៅចង់ដាក់សម្ពាធលើខ្លួនឯងទៀត។ បើចង់ស្រលាញ់ខ្លួនឯងឲ្យបានច្រើន ត្រូវព្យាយាមបំបាត់ចោលនូវភាពអវិជ្ជមានទាំងឡាយដែលមាននៅក្នុងខ្លួន ហើយបណ្តុះនូវគំនិតវិជ្ជមានឡើងវិញ។ គំនិតវិជ្ជមាន វាស្មើនឹងសេចក្តីសង្ឃឹម។ បើមានក្តីសង្ឃឹមហើយ ប្រាកដជា អាចបន្តដំណើរទៅមុខទោះមានបញ្ហាច្រើនប៉ុណ្ណាក្តី។
២) ជៀសវាងការចង់បានតែភាពល្អឥតខ្ចោះ៖ មនុស្សជាច្រើនចង់បានភាពល្អឥតខ្ចោះ ប៉ុន្តែត្រូវចាំថា គ្មានទេភាពល្អឥតខ្ចោះនៅក្នុងលោកនេះ។ ដូច្នេះហើយ បើអ្នកចង់បានតែភាពល្អឥតខ្ចោះ គឺប្រាកដជាមិនអាចកើតឡើងនោះឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែឲ្យតម្លៃទៅលើការខំប្រឹងដែលអ្នកមាន។
៣) កុំគិតរឿងណាដែលមិនល្អ៖ វាមានភាពងាយស្រួលណាស់ដែលគិតថារឿងអាក្រក់នឹងកើតឡើង។ ប៉ុន្តែការផ្លាស់ប្តូរគំនិតពិតជាមានប្រយោជន៍ដែលអាចជួយអ្នកសម្រេចកិច្ចការបានល្អជាងមុន។ ត្រូវជឿជាក់លើខ្លួនឯង។
៤) ឲ្យកាដូដល់ខ្លួនឯង៖ នៅពេលដែលខ្លួនអ្នកសម្រេចកិច្ចការអ្វីមួយ អ្នកអាចលើកទឹកចិត្តខ្លួនឯងដោយឲ្យកាដូឬចេញក្រៅញុាំអី។ វាបង្ហាញពីការស្រឡាញ់ចំពោះខ្លួនឯងកាន់តែខ្លាំង។ ទោះបីជាវាមើលទៅដូចជា ធម្មតាក្តី ប៉ុន្តែវាពិតជាសំខាន់ ហើយមានប្រយោជន៍៕
ប្រែសម្រួល៖ អ៊ឺង មុយយូ
ប្រភព៖ www.wikihow.com