បើចង់ជោគជ័យនៅក្នុងឆ្នាំ២០២១ ត្រូវចាប់ផ្ដើមជម្រុះចោលទម្លាប់មិនល្អទាំងនេះឲ្យអស់សិន
មនុស្សម្នាក់ៗព្យាយាមបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេឲ្យកាន់តែប្រសើរជាងមុនទៅតាមវិធីសាស្ត្រនៃទម្លាប់របស់ខ្លួន ក្នុងបំណងដើម្បីទទួលបានភាពជោគជ័យជាងមុន។ ងាកមកស្វែងយល់ពីអត្ថន័យនៃពាក្យ «ប្រសិទ្ធភាពការងារ» វិញ គឺជាការសម្រេចកិច្ចការទៅតាមវិធីដែលកាន់តែឆ្លាតវៃជាងមុន មិនមែនកាន់តែលំបាកជាងមុន ដោយទទួលបាននូវទិន្នផលការងារខ្ពស់។
ការយល់ខុសទៅលើទម្លាប់មួយចំនួនដែលអ្នកគិតថា វាជួយបង្កើនប្រសិទ្ធភាពដល់ការងាររបស់អ្នក ដែលតាមការពិតវាបែរជាបន្ថយនូវប្រសិទ្ធភាពរបស់អ្នកដោយមិនដឹងខ្លួនទៅវិញ។ ដូច្នេះ ការស្វែងយល់ទៅលើទម្លាប់ដែលមានផលប៉ះពាល់មិនល្អមួយចំនួន និងចាប់ផ្ដើមប្ដេជ្ញាចិត្តជម្រុះវាចោល គឺជាការសំខាន់បំផុត ហើយទម្លាប់មិនល្អទាំងនោះមាន៖
១) ការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ៖ មនុស្សជាច្រើនមានទំនោរទៅលើជំនឿដែលជឿថា ការបំពេញកិច្ចការច្រើនក្នុងពេលតែមួយ ជួយបង្កើនប្រសិទ្ធភាពការងារពួកគេ និងបង្កើនទិន្នផលការងារឲ្យបានសម្រេចក្នុងបរិមាណច្រើន។ តែតាមជាក់ស្ដែង ការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ដោយគ្មានគម្រោង ឬ ផែនការច្បាស់លាស់គឺជាការកាត់បន្ថយនូវរយៈពេលកំណត់នៃការផ្ដោតអារម្មណ៍របស់អ្នក ហើយវាពិតជាប៉ះពាល់ដល់ប្រសិទ្ធភាពរបស់អ្នកក្នុងពេលដ៏វែងទៅវិញទេ។
២) ទុកចោលកិច្ចការសំខាន់ជាងគេសម្រាប់ធ្វើនៅពេលក្រោយ៖ ការប្រើប្រាស់ពេលវេលារបស់អ្នកដ៏មានតម្លៃ និងពោរពេញដោយថាមពលទៅលើកិច្ចការបន្ទាប់បន្សំឬ មិនសូវសំខាន់សម្រាប់អ្នក ហើយមិនយកចិត្តទុកដាក់ជាមួយកិច្ចការសំខាន់ជាងគេ និងលំបាកជាងគេនោះ វានឹងបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានទៅដល់ប្រសិទ្ធភាពការងាររបស់អ្នកសម្រាប់ការងារសំខាន់នោះ។ អ្នកត្រូវតែចេះគិត និងបែងចែកឲ្យបានច្បាស់ថា ការងារណាសំខាន់ជាងគេ ហើយចាប់ផ្តើមធ្វើវាជាបន្ទាប់ ព្រោះបើមិនដូច្នោះទេ ពេលវានឹងកន្លងផុតទៅ ហើយលទ្ធផលដែលទទួលក៏មិនច្រើនអ្វីនោះដែរ។
៣) ការរៀបចំផែនការលើសកំណត់៖ មនុស្សភាគច្រើន ប្រើប្រាស់វិធីសាស្ត្របែបចំណាយពេលជាច្រើនម៉ោង រៀបចំផែនការទៅតាមលំដាប់លំដោយយ៉ាងមានរបៀបរៀបរយ ដែលនេះហាក់បីដូចជាវិធីដែលប្រើការបានប្រយោជន៍ខ្ពស់បំផុតសម្រាប់បង្កើនប្រសិទ្ធភាពការងារ។ តែផ្ទុយទៅវិញ អ្នកត្រូវចាំថារឿងដែលមិនបានរំពឹងទុកជាមុន អាចកើតមានឡើងគ្រប់ពេល ដូច្នេះមិនប្រាកដថាផែនការដ៏ម៉ត់ចត់របស់អ្នក អាចនឹងជួយអ្នកបង្កើនប្រសិទ្ធភាពបានគ្រប់ពេលនោះទេ ម្ល៉ោះហើយការរៀបចំផែនការជាគោលៗក្នុងរយៈពេលមួយសមល្មមទុកជាមុន គឺជារឿងមួយល្អសម្រាប់អ្នកបំផុត ហើយអ្នកថែមទាំងអាចបត់បែនទៅតាមស្ថានការណ៍ផ្លាស់ប្ដូរផងដែរ។
៤) ប្រើបណ្ដាញសង្គមអត់ប្រយោជន៍៖ បណ្ដាញសង្គមពិតជាទទួលបានការចាប់អារម្មណ៍ និង បាននឹងកំពុងប្រើប្រាស់យ៉ាងច្រើនពីមនុស្សគ្រប់ស្រទាប់វណ្ណៈ។ ប៉ុន្តែត្រូវចាំថា កុំប្រើបណ្ដាញាសង្គមដោយមិនព្យាយាមទាញយកប្រយោជន៍ពីវា បើមិនដូច្នេះនោះទេ អ្នកនឹងត្រូវខាតបង់មិនខាន។ ខាតបង់ព្រោះ ចំណាយពេលវេលាច្រើនលើវា ខាតបង់ព្រោះត្រូវចំណាយថវិកា និង ខាតបង់ព្រោះអ្នកទទួលបានតែរឿងអត់ប្រយោជន៍ដែលគេចែករំលែកតៗគ្នា។ ដូច្នេះហើយត្រូវលុបបំបាត់ទម្លាប់អាក្រក់នេះចេញ ហើយព្យាយាមទាញយកប្រយោជន៍ឲ្យបានច្រើនពីវា មានន័យថា បើប្រើហើយគឺត្រូវតែចំណេញ មិនមែនខាតនោះទេ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.businessinsider.com