អត្ថប្រយោជន៍ ៣យ៉ាងដែលអ្នកទទួលបានពីការក្រោកពីព្រលឹម​



នៅពេលសំឡេងម៉ោងរោទិ៍របស់អ្នកបន្លឺឡើងមក អ្នកមានជម្រើសពីរ ដែលត្រូវបិទវាចោលហើយបន្តដំណេកសុខស្រួលរបស់អ្នកប៉ុន្មាននាទីទៀត ហើយត្រូវដោះដូរជាមួយអារម្មណ៍មិនល្អពីការប្រញាប់ប្រញាល់បន្ទីបន្ទាន់ទៅបំពេញកិច្ចការងាររបស់ខ្លួន និងបានមកវិញនូវការថយចុះនូវប្រសិទ្ធភាពការងារ ឬជាការមានស្មារតីក្រោកទៅតាមពេលកំណត់ ដើម្បីទាញយកប្រយោជន៍ពីពេលវេលាដ៏មានតម្លៃដែលអ្នកនឹងទទួលបានពីពេលព្រឹកព្រលឹមនោះ ? បើអ្នកជ្រើសរើសក្រោកពីព្រឹកព្រលឹម ទាំងនេះគឺជាប្រយោជន៍ទាំង៣ដែលអ្នកនឹងទទួលបាន៖

១. ការក្រោកពីព្រលឹមជួយពង្រឹងនូវសុខភាពរបស់អ្នកឲ្យបានល្អប្រសើរ ការក្រោកពីព្រលឹម ធ្វើឲ្យអ្នកមានពេលគ្រប់គ្រាន់សម្រាប់ទទួលទាននូវអាហារដែលមានជីវជាតិ សម្រាប់ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកប្រកបដោយថាមពល និងអារម្មណ៍ស្រស់ថ្លា។ ម្យ៉ាងទៀត ដោយសារអ្នកអាចមានលេសពីភាពហត់នឿយពីការធ្វើការពេញមួយថ្ងៃ ហើយមិនបានធ្វើលំហាត់ប្រាណ ដូច្នេះអ្នកអាចប្រើប្រាស់ពេលវេលានេះ សម្រាប់ធ្វើលំហាត់ប្រាណ ដើម្បីពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឲ្យបានរឹងមាំជាងមុនបានផងដែរ។

២. ការក្រោកពីព្រលឹមជួយបង្កើនប្រសិទ្ធភាពការងាររបស់អ្នក មូលហេតុសំខាន់ដែលបញ្ជាក់ថា ការក្រោកពីព្រលឹមជួយបង្កើនប្រសិទ្ធភាពការងាររបស់អ្នក គឺនៅត្រង់ថា ការទទួលបានការរំខានដ៏តិចតួចបំផុតក្នុងពេលព្រឹកព្រលឹម នឹងធ្វើឲ្យអ្នកសម្រេចបានការងារច្រើនជាងមុន មិនតែប៉ុណ្ណោះ ក្រោយពីខួរក្បាលរបស់អ្នកបានទទួលការសម្រាកជាច្រើនម៉ោងរួចមក វានឹងត្រៀមបំពេញភារកិច្ចរបស់វាប្រកបដោយថាមពល ដែលជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររបស់អ្នកបានយ៉ាងប្រសើរ ហើយការសម្រេចចិត្តរបស់អ្នកទៅលើបញ្ហាផ្សេងៗក៏កាន់តែប្រព្រឹត្តទៅបានយ៉ាងល្អផងដែរ។

៣. ការក្រោកពីព្រលឹមជួយឲ្យសុខភាពផ្លូវចិត្តរបស់អ្នកល្អប្រសើរជាងមុន តាមរយៈការសិក្សាមួយបានបង្ហាញថា អ្នកក្រោកពីព្រលឹមភាគច្រើន មានភាពសុទិដ្ឋិនិយម និងមានសេចក្ដីសុខនៅក្នុងជីវិតជាងអ្នកដែលចូលគេងយប់ជ្រៅ និងក្រោកយឺត ទោះជាពួកគេមានការគិតច្នៃប្រឌិតក៏ដោយ ក៏ពួកគេត្រូវដោះដូរជាមួយទុក្ខកង្វល់ និងបញ្ហាផ្លូវចិត្តផ្សេងៗទៀតផងដែរ៕

ប្រែសម្រួល៖ ស្រីពៅ

X
5s