តំណែងសំខាន់ៗទាំង ១០នៅសហរដ្ឋអាមេរិចដែលមិនទាន់មានស្ត្រីកាន់
នៅចុងសតវត្សទី១៩ក្នុងសហរដ្ឋអាមេរិច ស្ត្រីជាច្រើនរូបបានចូលរួមយ៉ាងសកម្មក្នុងការបម្រើការតាមវិស័យផ្សេងៗ រហូតធ្វើឲ្យមានភាពល្បីរន្ទឺក្នុងប្រវត្តិសាស្ត្រពិភពលោក។ ទោះជាយ៉ាងណា នៅមានការងារជាច្រើនទៀត ដែលមិនទាន់ឃើញមានវត្តមានរបស់ស្ត្រីចូលកាន់តំណែងនៅឡើយទេ។ ដូច្នេះខាងក្រោមនេះ គឺជាសម្រង់ការងារសំខាន់ៗទាំង១០ដែលស្ត្រីមិនទាន់បានកាន់តំណែងនៅក្នុងសហរដ្ឋអាមេរិច៖
១. ប្រធានាធិបតី៖ បេក្ខភាពស្ត្រីឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីដំបូងគេក្នុងសហរដ្ឋអាមេរិចកើតមានក្នុងឆ្នាំ១៨៧២។ ជាបន្តបន្ទាប់មក មានស្ត្រីជាច្រើនផ្សេងទៀតដែលបានឈរឈ្មោះបោះឆ្នោត ទោះជាយ៉ាងណា ក៏ប្រទេសនេះនៅមិនទាន់មានស្ត្រីចូលកាន់តំណែងនេះនៅឡើយទេ។
២. អនុប្រធានាធិបតី៖ បេក្ខភាពស្ត្រីដែលឈរឈ្មោះបោះឆ្នោតជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិចដំបូងគេ និងតែមួយគត់កើតមានក្នុងឆ្នាំ១៩៨៤។ ប៉ុន្ដែគួរឲ្យសោកស្ដាយ ការប្រកួតនេះត្រូវចាញ់ក្នុងឆ្នាំ២០០៨។
៣. មេបង្វឹករបស់ក្រុម៖ ក្នុងឆ្នាំ២០១៤ តួនាទីជាអ្នកបង្វឹកក្រុមកីឡាពេញម៉ោងបានប្រគល់ជាលើកដំបូងទៅឲ្យស្ត្រី។ ទោះជាក្រោយមកទៀត មានស្ត្រីជាច្រើនបានចូលកាន់តំណែងជាអ្នកបង្វឹកក្រុមកីឡាក៏ដោយ ក៏មិនទាន់មាននរណាម្នាក់បានឡើងទៅដល់តំណែងជាមេបង្វឹករបស់ក្រុមកីឡានៅឡើយទេ។
៤. ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល៖ ក្នុងឆ្នាំ១៩៨១ មានតួនាទីចៅក្រមជំនុំជម្រះនៃតុលាការកំពូលរបស់សហរដ្ឋអាមេរិចឲ្យទៅស្ត្រីជាលើកដំបូង។ ប៉ុន្ដែមកទល់ពេលនេះ នៅមិនទាន់មានស្ត្រីណាបានទទួលតំណែងជាប្រធានចៅក្រមជំនុំជម្រះនៅឡើយទេ។
៥. នាយករបស់ FBI ឬនាយករបស់ CIA៖ តាំងពីការបង្កើតឡើងដំបូង FBI(Federal Bureau of Investigation) ត្រូវបានដឹកនាំដោយនាយក១៨នាក់ ប៉ុន្ដែក្នុងចំណោមពួកគេ គ្មាននរណាម្នាក់ជាស្ត្រីនោះឡើយ។ ដូចគ្នាដែរ ក្នុងចំណោមនាយក១៩នាក់ដែលបានដឹកនាំ CIA(Central Intelligence Agency) និង The Intelligence Community ទាំងអស់សុទ្ធតែបុរស។
៦. អ្នកដឹកនាំព្រឹទ្ធសភាជាន់ខ្ពស់៖ ក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលបានចូលបម្រើការក្នុងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិច ចាប់តាំងពីការកោះប្រជុំរបស់មហាសន្និបាតអាមេរិចនៅក្នុងឆ្នាំ១៧៨៩ មានតែ៤៦នាក់ប៉ុណ្ណោះដែលជាស្ត្រី។ ប៉ុន្ដែនៅមិនទាន់មានស្ត្រីណាម្នាក់បានឡើងកាន់តំណែងជាប្រធានអ្នកនាំពាក្យព្រឹទ្ធសភានោះទេ។
៧. បុព្វជិតកាតូលិក៖ ដូនជីមិនត្រូវបានទទួល the sacrament of Holy Orders ដូចជាបុរសនោះទេ ដូច្នេះពួកគេមិនមែនជាសមាជិកនៃបុព្វជិតកាតូលិកឡើយ។
៨. រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីរតនាគារជាតិ ឬលេខានៃព្រឹត្តិការណ៍នយោបាយជើងចាស់៖ តួនាទីជារដ្ឋមន្ត្រីបានប្រគល់ទៅឲ្យស្ត្រីជាលើកដំបូងក្នុងឆ្នាំ១៩៣៣។ ប៉ុន្ដែមុខតំណែងការងារតែមួយគត់ដែលមិនទាន់មានវត្តមានរបស់ស្ត្រីគឺ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីរតនាគារជាតិ និងលេខានៃអ្នកព្រឹត្តិការណ៍នយោបាយជើងចាស់។
៩. អភិបាលរដ្ឋក្នុងចំណោមទាំង ២៣រដ្ឋនេះ៖ មិនទាន់មានស្ត្រីណាម្នាក់បានចូលកាន់តំណែងជាអភិបាលរដ្ឋរបស់រដ្ឋទាំង២៣នេះទេ មានដូចជា California, Neveda, Idaho, Colorado, North Dakota, South Dakota, Minnesota, Iowa, Missouri, Arkansas, Wisconsin, Illinois, Tennessee, Mississippi, Indiana, Georgia, Florida, West Virgina, Virgina, Maryland, Pennsylvania, New York និងMaine។
១០. អគ្គលេខាធិការបស់ អង្គការសហប្រជាជាតិ៖ UN(United Nations) ឬអង្គការសហប្រជាជាតិ បានចាប់ផ្ដើមជ្រើសរើសអគ្គលេខាធិការរបស់ខ្លួនក្នុងឆ្នាំ១៩៤៦ ហើយក្នុងចំណោមអគ្គលេខាធិការរបស់ UN ទាំង៨នាក់ នៅមិនទាន់មានស្ត្រីចូលកាន់តំណែងនេះនៅឡើយទេ៕
ប្រែសម្រួល៖ ស្រីពៅ