អនុវត្ត​វិធី​សាស្ត្រ​៣​យ៉ាង​នេះ ​​ដើម្បី​កម្ចាត់​ភាព​ភ័យខ្លាច​ ​ក្នុង​ពេល​​និយាយ​ជា​សាធារណៈ ​(Public Speaking)​



អ្នកអាចសាកនឹកស្រមៃពីរូបភាពនៃការឡើងលើវេទិកានិយាយជាសាធារណៈរបស់អ្នក ដែលនឹងកើតឡើងក្នុងពេលមិនយូរប៉ុន្មានខាងមុខនេះ។ នៅពេលនោះ អ្នកទទួលអារម្មណ៍ភ័យញាប់ញ័រ ចង្វាក់បេះដូងលោតញាប់ខុសពីធម្មតា ចំណែកឯបាតដៃរបស់អ្នកបែកញើសសើមជោគ។ គោលបំណងធ្វើឲ្យបានសម្រេចនូវការនិយាយជាសាធារណៈមួយដ៏ល្អដែលអាចធ្វើឲ្យអ្នកស្ដាប់របស់អ្នក ទទួលបានចំណេះដឹងដ៏មានអត្ថប្រយោជន៍ជាច្រើនពីអ្នក នឹងក្លាយជារឿងមួយឥតប្រយោជន៍មិនខាន ទោះអ្នកមានការយល់ដឹងយ៉ាងសីុជម្រៅទៅលើប្រធានបទរបស់អ្នកក៏ដោយ បើអ្នកអនុញ្ញាតឲ្យអារម្មណ៍ភ័យខ្លាចមកគ្រប់គ្រងទៅលើអ្នក។ តាមរយៈការស្រាវជ្រាវពីអ្នកវិទ្យាសាស្ត្រទៅលើការកម្ចាត់ភាពភ័យខ្លាចក្នុងពេលនិយាយជាសាធារណៈ ទាំងនេះគឺជាវិធីសាស្ត្រទាំង៣ដែលត្រូវបានជឿជាក់ថានឹងមានប្រសិទ្ធភាពសម្រាប់អ្នកបំផុត៖

១) ផ្ដោតទៅលើការដោះស្រាយជាមួយភាពភ័យខ្លាចរបស់អ្នក៖បើអ្នកគិតតែពីផ្ដោតទៅលើការនិយាយបែបណាទើបធ្វើឲ្យការនិយាយជាសាធារណៈរបស់អ្នក ប្រព្រឹត្តទៅបានយ៉ាងល្អ ហើយបែរជាមិនយកចិត្តទុកដាក់ទៅលើការដោះស្រាយជាមួយអារម្មណ៍នៃភាពភ័យខ្លាចរបស់អ្នកវិញនោះ នោះមិនថាជាអ្នកខិតខំប្រឹងប្រែងប៉ុណ្ណានោះទេ អ្នកនឹងមិនទទួលបានលទ្ធផលល្អតាមការរំពឹងទុកឡើយ។ អ្នកត្រូវចាំថា ភាពភ័យខ្លាចទាំងនោះ គ្រាន់តែកើតឡើងនៅក្នុងអារម្មណ៍អ្នកប៉ុណ្ណោះ វាមិនមានហេតុផលអ្វីច្បាស់លាស់ឡើយ ឬអាចនិយាយបានថាអ្នកគ្រាន់តែភ័យខ្លាចគំនិតនៃការភ័យខ្លាចដែលបង្កើតមកដោយខ្លួនឯងប៉ុណ្ណោះ។ ដូច្នេះ ជាដំបូងអ្នកត្រូវយកឈ្នះនូវអារម្មណ៍ភ័យខ្លាចដែលមានចំពោះខ្លួនឯងជាមុនសិន ទើបការនិយាយរបស់អ្នកប្រព្រឹត្តទៅបានរលូន។

២) បណ្ដុះនូវភាពសុទិដ្ឋិនិយមនៅក្នុងខ្លួន៖ បន្ទាប់ពីកម្ចាត់អារម្មណ៍ភ័យខ្លាចរបស់អ្នកបានហើយ អ្នកត្រូវគ្រប់គ្រងចិត្តគំនិតរបស់ខ្លួន ឲ្យគិតទៅរកភាពវិជ្ជមាន។ អ្នកខ្លះប្រើការបន្ធូរអារម្មណ៍របស់ខ្លួន ដោយការតាំងសមាធិ ឬជាការស្ដាប់ចម្រៀង ឬជាការធ្វើលំហាត់ប្រាណផ្សេងៗ ឬតាមរបៀបណាក៏ដោយឲ្យតែមានប្រសិទ្ធភាពសម្រាប់បំផុសនូវអារម្មណ៍វិជ្ជមានរបស់អ្នកបាន។ ម្យ៉ាងទៀត អ្នកត្រូវមានភាពជឿជាក់ចំពោះខ្លួនឯង ព្រោះបើសូម្បីតែខ្លួនអ្នកមិនជឿជាក់ទៅលើខ្លួនឯងហើយ តើអ្នកនឹងរំពឹងអ្នកដទៃទៀតមកជឿជាក់លើអ្នកបានដូចម្ដេច ?

៣) ហ្វឹកហាត់ហើយហ្វឹកហាត់ទៀត៖ ការហ្វឹកហាត់ជាច្រើនលើកច្រើនសារ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការឡើងនិយាយជាសាធារណៈដ៏ល្អមួយ។ អ្នកអាចធ្វើការហ្វឹកហាត់នៅទីកន្លែងដែលអ្នកនឹងឡើងនិយាយដោយផ្ទាល់ ហើយប្រើការស្រមៃរបស់អ្នកពីទិដ្ឋភាពនៃការនិយាយរបស់អ្នក។ ឬបើអ្នកមិនអាចហ្វឹកហាត់នៅកន្លែងនិយាយដោយផ្ទាល់បានទេ អ្នកអាចប្រើរូបារម្មណ៍ ឬជាការស្រមើស្រមៃពីរូបភាពនៃការនិយាយរបស់អ្នកឲ្យបានច្បាស់ និងលម្អិតដូចជាការពិតជាក់ស្ដែង ស្រមៃនូវរូបភាពល្អៗដូចជា ការយកចិត្តទុកដាក់ស្ដាប់របស់ទស្សនិកជនរបស់អ្នក សំឡេងទះដៃអបអរសាទរផ្ដល់កិត្តិយសដល់អ្នក និងពាក្យសរសើរលើកទឹកចិត្តពីពួកគេជាដើម៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.lifehack.org

X
5s