ហេតុផលទាំង៣យ៉ាង បង្ហាញថាមនុស្សជោគជ័យភាគច្រើនបរាជ័យនៅសាលា
អ្នកប្រហែលជាធ្លាប់អានពីប្រវត្តិអ្នកជោគជ័យជាច្រើន ហើយប្រហែលជាមានអារម្មណ៍មានការជំរុញទឹកចិត្តខ្លាំងក្រោយអានពីប្រវត្តិរបស់ពួកគេ។ ក៏ប៉ុន្តែ អ្នកជោគជ័យមួយចំនួនក៏ធ្លាប់បរាជ័យនៅសាលាដោយសារតែហេតុផលខាងក្រោមនេះ៖
១) ទ្រឹស្ដី និង ការអនុវត្ត៖ បើតាមសម្តីរបស់លោកAlan Sugar៖«អ្នកមិនអាចរៀនជំនួញពីសៀវភៅសុទ្ធនោះទេ បទពិសោធន៍នឹងបង្រៀនអ្នក។» ប្រសិនជាកាន់តែបានប្រឡូកក្នុងសង្គម អ្នកនឹងកាន់តែឆ្លាត។សម្រាប់បុគ្គលជោគជ័យពិតប្រាកដ គឺមិនមែនផ្តោតលើតែទ្រឹស្តីនោះទេ ពោលគឺពួកគេព្យាយាមអនុវត្តក្នុងជីវិតជាក់ស្តែង និង ស្វែងរកគន្លឹះល្អៗដើម្បីសម្រេចកិច្ចការដែលចង់បាន ពោលគឺមិនមែនបានតែនិយាយតែមិនចេះធ្វើនោះទេ។
២) បុគ្គលបរាជ័យអាងតែលើដាសពិន្ទុតែម្យ៉ាង៖ នៅសាលា ភាពជោគជ័យរបស់សិស្សគឺអាស្រ័យទៅលើពិន្ទុ មានន័យថា បើប្រឡងបានពិន្ទុខ្ពស់ គឺជោគជ័យ។ ប៉ុន្តែពិន្ទុុតែម្យ៉ាងគឺមិនគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់មនុស្សក្នុងជីវិតនោះឡើយ។ សម្រាប់បុគ្គលជោគជ័យពិតប្រាកដ គេមិនសូវខ្វល់ខ្លាំងពេកពីពិន្ទនោះទេ ប៉ុន្តែគេខ្វល់អំពីចំណេះដឹងពិតប្រាកដដែលគេអាចទទួលបានពីការសិក្សា ហើយធ្វើយ៉ាងណាអនុវត្តវាឲ្យមានប្រយោជន៍ក្នុងជីវិតជាក់ស្តែង។ ដូច្នេះបានជា បុគ្គលជោគជ័យខ្លះ មិនចាប់អារម្មណ៍លើពិន្ទុ ប៉ុន្តែដើរឆ្ពោះទៅកាន់ចំណុចសំខាន់ៗ ដែលនាំឲ្យពួកគេជោគជ័យក្នុុងជីវិត។
៣) បើចង់ក្លាយជាអ្នកដឹកនាំ ត្រូវចេញប្រឡូកក្នុងសង្គមឲ្យច្រើន៖ សាលាគឺជាកន្លែងដែលសិស្សរៀននិងស្វែងរកចំណង់ចំណូលចិត្តរបស់ពួកគេ។ ប៉ុន្តែសាលាមិនអាចជួយឲ្យអ្នកក្លាយជាអ្នកដឹកនាំបាននោះទេ ប្រសិនបើអ្នកមិនចេញទៅប្រឡូកក្នុងសង្គម ហើយស្វែងរកបទពិសោធន៍ និង ចំណេះដឹងល្អៗ ដើម្បីអភិវឌ្ឍខ្លួន រហូតក្លាយជាអ្នកដឹកនាំមួយរូបយ៉ាងជោគជ័យ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com