អ្នកជំនាញសិទ្ធិមនុស្សUN៖ ប្រទេសស៊ូដង់ខាងត្បូងកំពុងប្រឈមនឹងរបបប្រល័យពូជសាសន៍
ប្រទេសស៊ូដង់ខាងត្បូង កំពុងស្ថិតក្នុងសង្គ្រាមប្រល័យពូជសាសន៍យ៉ាងធ្ងន់ធ្ងរ ដោយមានមនុស្សរាប់ម៉ឺននាក់ បានស្លាប់។ នេះបើតាមការអះអាងរបស់លោកស្រី Yasmin Sooka ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ការលើកឡើងបែបនេះ គឺស្របពេលដែលប្រទេសស៊ូដង់ខាងត្បូងកំពុងហែកហួរដោយសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយបើតាមអ្នកជំនាញខាងលើ ប្រទេសស៊ូដង់ខាងត្បូងកំពុងដើរចូលក្នុងផ្លូវនៃរបបប្រល័យពូជសាសន៍។
លោកស្រី Yasmin Sooka បានអំពាវនាវឲ្យអង្គការសហប្រជាជាតិពង្រាយទ័ពយ៉ាងហោចណាស់៤ ០០០នាក់ ដើម្បីរារាំងរឿងដ៏សែនអាក្រក់កុំឲ្យកើតឡើងតទៅទៀត បើមិនដូច្នេះទេ គឺមិនខុសពីរបបប្រល័យពូជសាសន៍ក្នុងប្រទេសរ្វ៉ាន់ដានោះទេ។
សូមបញ្ជាក់សង្គ្រាមស៊ីវិលក្នុងប្រទេសដ៏ក្មេងខ្ចីមួយនេះ បានផ្ទុះឡើងខ្លាំងចាប់ពីឆ្នាំ២០១៣ ក្រោយពេលដែលលោក ប្រធានាធិបតីSalva Kiirបានទម្លាក់ អនុប្រធានាធិបតីគឺលោក Riek Machar ឲ្យចុះចេញពីដំណែង។
ដោយសារតែសង្គ្រាមដ៏រ៉ាំរ៉ៃនេះហើយ បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់ ហើយជាងមួយលាននាក់បានរត់ភៀសខ្លួន។ អ្វីដែលគួរឲ្យសង្វេគទៀតនោះ គឺមានស្ត្រីរាប់ពាន់នាក់ត្រូវបានគេចាប់រំលោភ។
ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកនេះ កំពុងពើបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាពិសេសនោះគឺការកើនឡើងនូវអត្រាអតិផរណាដ៏ខ្ពស់ ពោលគឺកើនឡើងរហូតដល់៨០០ភាគរយ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ independent