ការអានសៀវភៅជួយអ្នកឲ្យវៃឆ្លាតជាងមុន មានជាងមុន និង មានសុខភាពល្អជាងមុនទៀតផង
ការស្រូបយកចំណេះដឹងបន្ថែមមកអភិវឌ្ឍខ្លួនតាមរយៈការអាន ជាទូទៅ ស្ថិតនៅក្នុង២ជម្រើស ដែលជម្រើសទី១ជាជម្រើសដែលពេញនិយមជាងគេ គឺជាការអានតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានបង្កនូវភាពងាយស្រួលជាច្រើនសម្រាប់អ្នកអាន រីឯជម្រើសទី២ជាជម្រើសដែលមានភាពប្រពៃណី គឺជាការអានតាមសៀវភៅ។ នៅក្នុងបរិបទសម័យទំនើបនេះ មនុស្សភាគច្រើនតែងរវល់ជាមួយកិច្ចការខាងក្រៅ មិនថាជាការសិក្សានៅសាលា ឬការធ្វើការនៅតាមស្ថាប័ននោះទេ ជាហេតុធ្វើឲ្យការស្រូបយកចំណេះដឹងតាមរយៈការអានសៀវភៅមិនជាទីពេញចិត្តរបស់ពួកគេប៉ុន្មានឡើយ។ ឯឧបករណ៍អេឡិចត្រូនិកតែងស្ថិតនៅជាប់ខ្លួនពួកគេជានិច្ច ធ្វើឲ្យការអានតាមប្រព័ន្ធអេឡិចត្រូនិក ក្លាយជាទីពេញនិយមរបស់មនុស្សជាច្រើន ដែលទោះជាយ៉ាងណាក៏ដោយ ពួកគេបានមើលរំលងពីគុណតម្លៃរបស់សៀវភៅទៅលើការបន្ទេរចំណេះដឹងទៅដល់ពួកគេ ហើយ៣ចំណុចខាងក្រោមនេះ គឺជាអ្វីដែលជាភាពមានប្រៀបរបស់សៀវភៅទៅលើការអានតាមប្រព័ន្ធអេឡិចត្រូនិក៖
១) សន្លឹកក្រដាសសៀវភៅជួយបង្កើននូវសមត្ថភាពក្នុងការឈ្វេងយល់ និងការចងចាំរបស់អ្នក៖ស្ទើរតែគ្រប់ការសិក្សាស្រាវជ្រាវដែលធ្វើការប្រៀបធៀបទៅលើគុណសម្បត្តិ និងគុណវិបត្តិរបស់ការអានតាមសៀវភៅ និងតាមប្រព័ន្ធអេឡិចត្រូនិក បានអះអាងពីឥរិយាបថនៃការអានតាមប្រព័ន្ធអេឡិចត្រូនិក គឺជាការចំណាយពេលជាច្រើនទៅលើការស្កេនអត្ថបទ កត់សម្គាល់ពីពាក្យគន្លឹះផ្សេងៗ ការអានតែម្ដង ការមិនចូលរួមយ៉ាងសកម្មទៅលើការឈ្វេងយល់ពីខ្លឹមសារនៃអត្ថបទ និងជាការអានបែបលក្ខណៈចោះៗតម្រង់យកតែចំណុចសំខាន់ៗ។ ឥរិយាបថនៃការអានរបៀបនេះ មិនបានតបស្នងនូវសមត្ថភាពក្នុងការឈ្វេងយល់ឲ្យបានសីុជម្រៅទៅលើខ្លឹមសារដែលអត្ថបទព្យាយាមចង្អុលបង្ហាញនោះទេ ហើយវាការមិនបានដក់ជាប់នៅក្នុងការចងចាំរបស់យើងក្នុងរយៈពេលយូរដូចដែលបទពិសោធន៍ដែលសៀវភៅបានផ្ដល់ឲ្យអ្នកផ្ទុយពីនេះនោះដែរ។
២) សន្លឹកក្រដាសសៀវភៅមានភាពល្អប្រសើរសម្រាប់សុខភាពភ្នែក និង វដ្ដនៃដំណេករបស់អ្នក៖ បើនិយាយអំពីផលប៉ះពាល់ទៅលើសុខភាពភ្នែកវិញ ការអានសៀវភៅក៏មានប្រៀបជាងការអានតាមប្រព័ន្ធអេឡិចត្រូនិកដែរ។ តាមការសិក្សាពីអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ ហាវើដ ក៏បានបង្ហាញពីផលប៉ះពាល់របស់គ្រឿងអេឡិចត្រូនិកដែលទម្លាប់ជាប្រចាំនៃរាងកាយរបស់មនុស្សនឹងទទួលការរំខានពីពន្លឺភ្លើងដែលជះចេញពីឧបករណ៍ទាំងនោះ ធ្វើឲ្យមានការរាំងស្ទះទៅដល់ដំណើរការណ៍ផលិតជាតិមេឡានីនក្នុងរាងកាយ បង្កឲ្យមានការដាស់ស្មារតីឲ្យនៅតែភ្ញាក់ស្របពេលដែលអ្នកត្រូវអស់កម្លាំងសម្រាក ជាលទ្ធផលអ្នកដែលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមុនពេលគេង នឹងប្រឈមមុខនឹងកង្វះខាតនូវការទទួលទានដំណេក។
៣) សន្លឹកក្រដាសសៀវភៅធ្វើឲ្យអ្នកទទួលនូវអារម្មណ៍នៃដំណើរវិវត្តទៅមុខ៖ ដោយប្រើម្រាមដៃបើកមួយទំព័រទៅមួយទំព័របន្តទៅមុខ រហូតដល់អ្នកឃើញកម្រាស់សន្លឹកសៀវភៅខាងឆ្វេងរបស់អ្នកក្រាស់ជាងកម្រាស់សន្លឹកនៅខាងស្ដាំ នៅពេលនោះអ្នកនឹងបានទទួលអារម្មណ៍នៃការធ្វើដំណើរផ្សងព្រេងទៅមុខ ដែលប្រៀបបានទៅនឹងដំណើរជីវិតរបស់អ្នកដូច្នោះដែរ។ ម្យ៉ាងទៀត សៀវភៅដែលអ្នកអាន ក៏បានឆ្លុះបញ្ចាំងពីអត្តចរិតរបស់អ្នក ដែលនឹងធ្វើឲ្យអ្នកដទៃអាចយល់ពីអ្នកបានកាន់តែច្បាស់ថែមមួយកម្រិតទៀតផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ entrepreneur