វិធីសាស្ត្រ​មាន​ប្រយោជន៍​សំខាន់ៗ​ ​ដើម្បី​បណ្ដុះ​ទម្លាប់​អាន​សៀវភៅ​ដល់​​កូនៗ​អ្នក​



ការអានសៀវភៅបានរួមចំណែកទៅក្នុងភាពជោគជ័យនាពេលអនាគតរបស់កូនៗអ្នកជាខ្លាំង។ ទម្លាប់នៃការអានសៀវភៅជាប្រចាំ មានឥទ្ធិពលពង្រីកនូវការយល់ដឹងរបស់ពួកគេទៅលើអ្វីៗដែលនៅជុំវិញខ្លួន និងគាស់រំលើងនូវសក្ដានុពល ទេពកោសល្យ និងជំនាញរបស់ពួកគេ ដើម្បីយកមកប្រើប្រាស់បង្កើតជាប្រយោជន៍យ៉ាងធំធេងចំពោះគោលដៅក្នុងជីវិតរបស់ពួកគេ។ យ៉ាងណាមិញ ស្មារតីភ្ញាក់រលឹកទទួលដឹងខុសត្រូវរបស់ពួកគេក្នុងការអភិវឌ្ឍជីវិតរបស់ខ្លួនឲ្យមានភាពរីកចម្រើន ស្ថិតនៅក្នុងកម្រិតទាបនៅឡើយ ដែលការបណ្ដុះនូវទម្លាប់អានសៀវភៅចេញពីខ្លួនពួកគេដោយខ្លួនឯង គឺជារឿងដ៏ពិបាកមួយ ហេតុនេះ ការចូលរួមពីអ្នកក្នុងនាមជាឪពុកម្ដាយ និងគ្រូរបស់ពួកគេក្នុងការជំរុញឲ្យពួកគេអានសៀវភៅ ពិតជាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវយកចិត្តទុកដាក់កុំខាន។ វិធីសាស្ត្រដ៏មានប្រយោជន៍ខាងក្រោមនេះ នឹងដើរតួជាអ្នកត្រួសត្រាយផ្លូវខ្លះៗសម្រាប់អ្នកយកទៅអនុវត្តទៅលើកូនៗឲ្យទទួលបាននូវផលតបស្នងជាទីគាប់ចិត្តមកវិញ៖

១) ឪពុកម្ដាយគួរចូលរួមអានជាមួយកូនៗរបស់ខ្លួន៖ ក្នុងរយៈពេលដំបូងនៃការចាប់ផ្ដើមបណ្ដុះទម្លាប់អានទៅដល់កូនៗ អ្នកត្រូវចំណាយពេលដ៏មានតម្លៃរបស់អ្នកចូលរួមចំណែកក្នុងការវិនិយោគទៅលើចំណេះដឹងរបស់ពួកគេ ដោយអង្គុយចុះអានសៀវភៅឲ្យពួកគេស្ដាប់។ ការអានបែបនេះ នឹងជួយពង្រីកចំណេះដឹងទៅលើពាក្យពេចន៍ប្រើប្រាស់ផ្សេងៗបានទូលំទូលាយជាងមុន ហើយក្រោយមកពួកគេនឹងមានទំនុកចិត្តចំពោះការជ្រើសរើសសៀវភៅមកកាន់អានដោយខ្លួនឯង។ អ្នកក៏មិនត្រូវភ្លេចថា ការធ្វើខ្លួនអ្នកជាគំរូសម្រាប់ពួកគេគឺជារឿងដ៏សំខាន់មួយទៀតក្នុងការជំរុញឲ្យពួកគេអាន បើចង់ឲ្យពួកគេមានទម្លាប់អាន ខ្លួនអ្នកជាអ្នកណែនាំពួកគេក៏ត្រូវធ្វើឲ្យបានបែបនោះដូចគ្នា។

២) ផ្គត់ផ្គង់សម្ភារៈសម្រាប់អានជាសៀវភៅឲ្យបានគ្រប់គ្រាន់ និងផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេ៖ ដើម្បីបណ្ដុះពួកគេនូវទម្លាប់ក្នុងការអានសៀវភៅ អ្នកត្រូវផ្ដល់នូវសៀវភៅអានសម្រាប់ពួកគេ ជាប្រភេទសៀវភៅដែលសមស្របនឹងវ័យរបស់ពួកគេ និងមានភាពទាក់ទាញគ្រប់គ្រាន់ក្នុងការអូសទាញការចាប់អារម្មណ៍ពួកគេឲ្យមកអានសៀវភៅ។ មិនតែប៉ុណ្ណោះ អ្នកអាចអូសទាញពួកគេដោយនាំទៅហាងលក់សៀវភៅ និងបណ្ណាល័យ ឬជាក្លឹបអានសៀវភៅសម្រាប់ក្មេងៗដែលមានអាយុស្របាលៗនឹងពួកគេ នោះចិត្តពុះពោររបស់ពួកគេក្នុងការអានសៀវភៅនឹងមានសន្ទុះកើនឡើងជាមិនខានឡើយ។

៣)  ចាប់ផ្ដើមពីជំហានតូចៗទៅ៖ ថ្វីត្បិតតែ ការផ្ដល់នូវសៀវភៅគ្រប់គ្រាន់ស្របតាមតម្រូវការរបស់ពួកគេ អាចអូសទាញស្មារតីពួកគេឲ្យងាកមកផ្ដល់តម្លៃលើការអានសៀវភៅក៏ពិតមែន ប៉ុន្តែអ្នកត្រូវធ្វើវាដោយសន្សឹមៗ និងចេញពីចិត្តថាអ្នកពិតជាចង់ឲ្យពួកគេល្អពិតប្រាកដ។ ទម្លាប់ល្អក្នុងការអានសៀវភៅ មិនអាចធ្វើសម្រេចបានជាផ្លែផ្ការហ័សទាន់ចិត្តដូចដែលអ្នករំពឹងចង់បានពីពួកគេនោះឡើយ វាត្រូវការពេលវេលា តែផលតបស្នងមកវិញនឹងសាកសមនូវតម្លៃដែលអ្នកបានលះបង់ដើម្បីពួកគេ។ ដូច្នេះ នៅពេលពួកគេបានបញ្ចប់ការអានសៀវភៅមួយក្បាលៗរួច អ្នកគួរផ្ដល់ជារង្វាន់លើកទឹកចិត្តដល់ពួកគេ។ តាមរបៀបនេះ ពួកគេនឹងទទួលបាននូវកម្លាំងចិត្តសម្រាប់ធ្វើនូវរឿងដ៏មានតម្លៃនេះសម្រាប់អនាគតរបស់ខ្លួនតទៅទៀត លុះពេលពួកគេចម្រើនវ័យ ពួកគេនឹងមិនត្រួវការរង្វាន់លើកទឹកចិត្តពីអ្នកអ្វីទៀតនោះទេ ព្រោះពួកគេបានបណ្ដុះនូវទម្លាប់ល្អនោះជាប្រចាំខ្លួនគេទៅហើយ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ prokerala

X
5s