បច្ចេកទេស ក្នុងការចងចាំរាល់ចំណុចសំខាន់ៗដែលអ្នកបានរៀនតាមអនឡាញ
ចំណេះដឹងជាច្រើននៅតាមអនឡាញ (online)ដែលអ្នកអាចទទួលបានតាមរយៈការចែករំលែកពីមនុស្សជុំវិញពិភពលោក មានប្រយោជន៍ជាខ្លាំងសម្រាប់ជួយកែប្រែជីវិតរបស់អ្នកឲ្យមានភាពប្រសើរជាងមុន។ យ៉ាងណាមិញ ការចំណាយពេលខិតខំរៀនសូត្រក្របជញ្ជក់យកប្រយោជន៍ពីចំណេះដឹងដែលអ្នកទទួលបានប៉ុន្មាន នឹងក្លាយជាការខាតបង់ទៅវិញ នៅពេលការចងចាំសម្រាប់ចំណេះដឹងទាំងនោះបានរលុបបាត់ទៅដោយមិនដឹងខ្លួន។ ដូច្នេះ ដើម្បីទទួលបាននូវប្រយោជន៍ពីការចំណាយពេលដ៏មានតម្លៃរៀនសូត្រពីចំណេះដឹងថ្មីៗទាំងនោះ ជាការចាំបាច់ណាស់ដែលអ្នកត្រូវដឹងពីវិធីដែលអាចរក្សាទុកនូវចំណេះដឹងទាំងនោះបានយូរអង្វែង ហើយ៣ចំណុចខាងក្រោមនេះនឹងអាចជួយអ្នកបាន៖
១) ប្រើក្រដាសកត់ចំណាំ(post-it note)៖ នៅពេលអ្នកជួបប្រទះនឹងគំនិតសំខាន់ៗណាដែលអ្នកគិតថាមានភាពចាំបាច់សម្រាប់ភាពរីកចម្រើនរបស់ជីវិតអ្នក អ្នកអាចកត់ចំណាំវាទុកសម្រាប់យកទៅប្រើប្រាស់ក្នុងស្ថានការណ៍ជាក់ស្ដែងបានដោយប្រើក្រដាសកត់ចំណាំ ដែលវាមិនត្រឹមតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ប៉ុណ្ណោះទេ តែវានឹងដើរតួជាអ្នកដាស់តឿនអ្នកពីគំនិតសំខាន់ៗដែលអ្នកបានកត់ត្រាទុកទាំងនោះផងដែរ។ ថ្វីត្បិតតែ ការកត់ត្រាទុកនៅក្នុងឧបករណ៍អេឡិចត្រូនិករបស់អ្នក ឬជាផ្ទាំងក្រដាស អាចមានប្រយោជន៍សម្រាប់អ្នក តែនៅពេលអ្នកបិទទូរស័ព្ទ ឬកុំព្យូទ័រ និងបត់ក្រដាសទុក គំនិតសំខាន់ទាំងប៉ុន្មាននឹងមិននៅចាំដាស់តឿនអ្នកនៅនឹងមុខដូចក្រដាសចំណាំនោះឡើយ។
២) ផ្ដោតទៅលើគំនិតសំខាន់នៃខ្លឹមសារដែលអ្នកបានអាន៖ ជាក់ស្ដែង ខ្លឹមសារគ្រប់យ៉ាងដែលបានសរសេរនៅលើអ្វីដែលអ្នកបានអាននោះ មិនសុទ្ធតែមានភាពសំខាន់គ្រប់ពាក្យពេចន៍ គ្រប់ចំណុចនោះឡើយ ដូចជាពេលខ្លះអ្នកនិពន្ធបានបញ្ចូលនូវឧទាហរណ៍មកគាំទ្រអំណះអំណាងទៅលើគំនិតរបស់ខ្លួនដែលបានរៀបរាប់ពីដើមមកហើយ ដោយសារគោលគំនិតសំខាន់របស់វាមានភាពជាប់ពាក់ព័ន្ធគ្នាតែមួយ ដូច្នេះអ្នកអាចសន្សំសំចៃពេលវេលារបស់អ្នក ដោយរំលងនូវឧទាហរណ៍ទំនងបែបនោះបាន ហើយកត់ត្រានៅលើក្រដាសស្អិតតែរាល់គំនិតណាដែលអ្នកយល់ថាសំខាន់ និងមានប្រយោជន៍សម្រាប់អ្នកទៅបានហើយ។
៣) ចាប់ផ្ដើមអនុវត្តឲ្យបានកាន់តែឆាប់កាន់តែល្អ៖ តាមការលើកបង្ហាញពី Mel Robbins នៅក្នុងបទបង្ហាញTed Talkរបស់គាត់ក្នុងឆ្នាំ២០១១ អំពី «ច្បាប់នៃ៥វិនាទី» គាត់បាននិយាយថា បើអ្នកមានគំនិតដើមណាមួយ ហើយអ្នកមិនយកវាទៅអនុវត្តក្រោយពេល៥វិនាទី នោះគំនិតនោះនឹងស្លាប់ ដូច្នេះអ្នកនឹងមិនបានទាញយកប្រយោជន៍ពីវាមកប្រើប្រាស់នោះឡើយ។ ជាការចាំបាច់ណាស់ ប្រការដែលសំខាន់បំផុតក្នុងការសម្រេចបាននូវអ្វីដែលអ្នកប្ដេជ្ញាចិត្តនឹងសម្រេចឲ្យបាន អ្នកត្រូវយកគំនិតដែលអ្នកទទួលបានមកនោះអនុវត្តវានៅក្នុងស្ថានភាពជាក់ស្ដែងភ្លាមៗ នោះអ្វីក៏ដោយដែលអ្នកបានរៀនសូត្រនឹងមិនខាតបង់ចោលដោយឥតប្រយោជន៍នោះឡើយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack