អនុវត្តចំណុចខាងក្រោមនេះ អាចជួយឲ្យអ្នកឈានទៅរកភាពអស្ចារ្យក្នុងជីវិត
«ចំណុចស្នូល ឬ ចំណុចសំខាន់» ដើម្បីឆ្ពោះទៅកាន់ភាពអស្ចារ្យ គឺជាការស្គាល់ខ្លួនឯង។ ការផ្លាស់ប្តូរឲ្យល្អប្រសើរគឺជាការផ្លាស់ប្តូរទស្សនៈ វិស័យទៅលើភាពវិជ្ជមាន។ ការបណ្ដុះបណ្ដាលចំណុចខាងក្រោមនេះនឹងជួយអ្នកឆ្ពោះទៅរកភាពអស្ចារ្យជាងមុន៖
១) ការស្គាល់ខ្លួនឯង៖ ការស្គាល់ពីភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួនឯងមិនមែនជារឿងងាយដូចដែលអ្នកគិតនោះទេ។ ប៉ុន្តែ ប្រសិនជាអ្នកចង់ពង្រឹងខ្លួនឯង អ្នកត្រូវដឹងពីចំណុចដែលខ្លាំង និង ខ្សោយរបស់ខ្លួនជាមុនសិន។ ត្រូវព្យាយាមសិក្សា និង ស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់ ទោះបីជាពេលខ្លះត្រូវចំណាយពេលច្រើន ឬ ពិបាកយល់ក៏ដោយ។
២) ការយល់ព្រមនឹងខ្លួនឯង៖ យើងដឹងហើយថាវាមិនល្អទេក្នុងការនិយាយប្រឆាំងឬនិយាយអាក្រក់ពីអ្នកដទៃ។ វាកាន់តែអាក្រក់ទៅទៀតនៅពេលដែលយើងនិយាយអាក្រក់អំពីខ្លួនឯង។ ការយល់ព្រមនឹងខ្លួនឯងគឺជាការជ្រើសរើសនូវអ្វីដែលអ្នកចង់ផ្ដោតសំខាន់ទៅលើ។ លើសពីនេះទៅទៀត អ្នកគួរតែជៀសវាងប្រើប្រាស់ពាក្យអវិជ្ជមានចំពោះខ្លួនឯង។
៣) កម្លាំងចិត្តចំពោះខ្លួនឯង៖ ប្រសិនជាអ្នករង់ចាំអ្នកដទៃមកលើកទឹកចិត្តអ្នក អ្នកគ្មានថ្ងៃនឹងរីកចម្រើនឡើង។ អ្នកត្រូវរៀនចេះលើកទឹកចិត្តខ្លួនឯងនិងប្រឹងឲ្យអស់ពីសមត្ថភាពរបស់អ្នក។ អ្នកនឹងល្អប្រសើរជាងអ្នកដទៃនៅថ្ងៃណាមួយជាមិនខាត។ ប៉ុន្តែ អ្នកត្រូវធ្វើខ្លួនល្អនឹងប្រឹងឲ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.success.com