ប៉ាគីស្ថានព្រមានប្រើនុយក្លេអ៊ែរប្រឆាំងអ៊ីស្រាអ៊ែល រឿងផ្សាយព័ត៌មានមិនពិត
រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប៉ាគីស្ថាន បានរម្លឹកដល់អ៊ីស្រាអ៊ែល កុំឱ្យភ្លេចថា ខ្លួនមានអាវុធនុយក្លេអ៊ែរដែរជាការឆ្លើយតបទៅនឹងការផ្សាយរឿងមិនពិតមួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Independent។
ប៉ាគីស្ថាននៅប្រកាន់ជំហរកណ្ដាលនៅឡើយជុំវិញបញ្ហាសង្គ្រាមស៊ីវិលនៅស៊ីរី ទោះបីជាជំហរផ្លូវការរបស់អ៊ីស្រាអ៊ែល នៅខាងលើលោកអាសាដក្ដី។ ប្រតិកម្មរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន ធ្វើឡើងបន្ទាប់ពីមានព័ត៌មានមិនពិតមួយត្រូវបានផ្សាយចេញនៅលើបណ្ដាញសារព័ត៌មាន AWDnews ដោយលើកឡើងថា ប៉ាគីស្ថាននឹងបញ្ជូនកម្លាំងទ័ពទៅកាន់ស៊ីរីជាផ្នែកមួយនៃកិច្ចការជាមួយសម្ព័ន្ធមិត្តដើម្បីប្រឆាំងក្រុមភេរវកម្មរដ្ឋឥស្លាម។
សារព័ត៌មានអ៊ីស្រាអ៊ែលដែលគេមិនស្គាល់ម្ចាស់នោះ បានស្រង់សម្ដៅរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល លោក Moshe Yaalon ដែលបានលាលែងពីតំណែងកាលពីខែឧសភា ឆ្នាំនេះថា ៖«ប្រសិនបើគេមកដល់ស៊ីរីមែននោះ...យើងនឹងកម្ទេចពួកគេដោយប្រើការវាយប្រហារនុយក្លេអ៊ែរតែម្ដង»។
សូមបញ្ជក់ថា ប៉ាគីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ៩ដែលមានអាវុធនុយក្លេអ៊ែ ដែលតាមការវាយតម្លៃពីអង្គការអន្តរជាតិគឺមានប្រហែល ១៣០គ្រាប់។ ដោយឡែក អ៊ីស្រាអ៊ែល ដែលមិនដែលប្រកាសថាមាន ហើយក៏មិនដែលបដិសេធដែរនោះ ត្រូវគេជឿថា មានអាវុធនុយក្លេអ៊ែប្រមាណប្រហែល ៨០គ្រាប់ដែរ៕
ប្រែសម្រួល៖ វេហា