រឿង ៥យ៉ាងដែលគូស្នេហ៍រៀបការជោគជ័យ មិនធ្វើវាទាល់តែសោះជាមួយនឹង «លុយកាក់»
ពាក្យថា រៀបការ មិនមែនមានន័យថា ជាការច្របាច់ជីវិតពីរបញ្ចូលគ្នាតែមួយនោះទេ ប៉ុន្តែអត្ថន័យជាក់ស្ដែងរបស់វា នោះគឺថា ជាការផ្គុំគ្នាអ្វីដែលអ្នកទាំងពីរមានរួមទាំងរបស់រប និងលុយកាក់ថែមទៀតផង។ ខាងក្រោមនេះជារឿង ៥យ៉ាងដែលគូស្នេហ៍រៀបការហើយ ត្រូវមាន៖
១) ពួកគេគ្មានគោលដៅដែលខុសគ្នានោះទេ៖ គូស្នេហ៍ដែលជោគជ័យគឺកំណត់គោលដៅជីវិតរបស់គេទាំងអស់គ្នា ហើយពួកគេតែងតែពិនិត្យឡើងវិញ។ អ្វីដែលគូស្នេហ៍ទាំងនោះធ្វើបាននោះគឺថា ពួកគេកំណត់គោលដៅនៃការប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគេទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ ដែលបែបនេះហើយទើបធ្វើឱ្យពួកគេអាចសម្រេចគោលដៅបានឆាប់។
២) មនុស្សម្នាក់មិនអាចគ្រប់គ្រងអ្វីៗបានគ្រប់យ៉ាងនោះទេ៖ ក្នុងភាពជាដៃគូជីវិត វាជារឿងធម្មជាតិដែលពួកយើងបែងចែកកិច្ចការ និងតួនាទីគ្នា។ ឧទាហរណ៍៖ «អូនបោកខោអាវ បងសម្អាតបន្ទប់ទឹក អូនសម្អាតផ្ទះ បងងូតទឹកឱ្យកូន...»។ សាកគិតទៅមើលថា មានការងារអ្វីខ្លះនៅក្នុងផ្ទះនីមួយៗ។ នៅពេលដែលមានការបែងចែកគ្នាបែបនេះ គឺច្បាស់ជាសម្រេចបានច្រើន។ ប៉ុន្តែរឿងមួយដែលពួកគេធ្វើរួមគ្នានោះ គឺការសម្រេចចិត្តលើកិច្ចការពាក់ព័ន្ធនឹងការចំណាយផ្សេងៗ។
៣) ពួកគេមិនគេចពីគ្នារឿងនិយាយពីលុយកាក់៖ រឿងលុយកាក់គឺជារឿងដែលមិនអាចលាក់បាំងបាននោះទេ។ ដូច្នេះគូស្នេហ៍ដែលជោគជ័យ គឺតែងតែបើកចំហរ និងរិះរកគំនិតផ្សេងៗ និងជជែកពីគ្នាអំពីផែនការហិរញ្ញវត្ថុដោយគ្មានការភ័យខ្លាចឬថាអន់ឬមិនអន់នោះទេ។ អ្នកជំនាញលើកឡើងថា បើគេចពីគ្នានមិននិយាយពីរឿងលុយកាក់នោះទេ ច្បាស់ណាស់ថា ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទាំងពីរនឹងកាន់តែអាក្រក់ទៅៗជាមិនខាន។
៤) មិនលាក់បាំងរឿងហិរញ្ញវត្ថុកាលពីអតីតកាលរបស់ពួកគេ៖ មិនត្រឹមតែរឿងស្នេហាមួយមុខនោះទេ សូម្បីតែរឿងលុយកាក់កាលពីអតីតកាលក៏ពួកគេមិនលាក់បាំងនឹងគ្នាដែរ។ ប្រការគឺដើម្បីចែករំលែកបញ្ហាអតីតកាលដែលត្រូវលម្អនៅពេលបច្ចុប្បន្នកាលនិងដើម្បីភាពប្រសើរឡើងនៅពេលអនាគតកាល។
៥) ពួកគេមិនដែលលាក់បាំងរឿងកំហុសហិរញ្ញវត្ថុរៀងៗខ្លួន៖ រឿងអតីតកាលក៏ប្រាប់ ហើយកំហុសផ្សេងៗដែលកើតឡើងនាពេលបច្ចុប្បន្នកាលក៏ពួកគេមិនលាក់បាំង និងបន្ទោសគ្នាដែរ។ បញ្ហាហិរញ្ញវត្ថុ គឺជៀសមិនផុតទេដែលភាគីម្ខាងៗបង្កើតឡើង។ ចំណុចសំខាន់គឺពួកគេប្រាប់គ្នាទៅវិញទៅមកដើម្បីកែខៃបញ្ហា និងធ្វើឱ្យមានលំនឹងនៅក្នុងគ្រួសារ៕
ប្រែសម្រួល៖ វេហា