​​​បុរស​ខ្លាំង​ហ្វីលីពីន​ថា​ ​នឹង​ចាប់​មន្ត្រី​ពុករលួយ​ទម្លាក់​ពី​ឧទ្ធម្ភាគចក្រ ​​​



លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានព្រមានយ៉ាងចាស់ដៃថា លោកនឹងចាប់ពួកមន្ត្រីពុករលួយទម្លាក់ពីលើឧទ្ធម្ភាគចក្រ ហើយថាលោកធ្លាប់ធ្វើបែបនេះរួចមកហើយចំពោះពួកអ្នកចាប់ជំរិត ដូច្នេះនៅពេលនេះលោកមិនស្ទាក់ស្ទើរក្នុងការធ្វើវាម្ដងទៀតនោះទេ។ ការលើកឡើងបែបនេះ គឺធ្វើនៅចំពោះមុខមហាជន កាលពីថ្ងៃអង្គារ នៅខេត្តCamarines Sur នៃប្រទេសហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Washington Post របស់អាមេរិក។ លោក Rodrigo Duterteបានលើកឡើងថា៖ «ខ្ញុំនឹងចាប់អ្នកដាក់នៅលើឧទ្ធម្ភាគចក្រ ហើយទម្លាក់ចុះក្រោម។ ខ្ញុំធ្លាប់ធ្វើបែបនេះរួចហើយ ដូច្នេះហេតុអ្វីបានជាខ្ញុំមិនអាចធ្វើម្ដងទៀត?»។  សូមបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមិថុនាមក លោកបានប្រកាសសង្គ្រាមជាស្រេចមួយនឹង ពួកជួញដូរឆ្នាំញៀន និង ឧក្រិដ្ឋជន ក៏ដូចជាពួកពុករលួយ។ យ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្សក៏មានការរិះគន់ចំពោះចំណាត់ការដ៏ខ្លាំងក្លានេះផងដែរ ដោយសារតែមានមនុស្សជាច្រើនត្រូវបានគេសម្លាប់៕ ដោយ៖ រតនា វិចិត្រ
X
5s