កាន់តំណែងជិតមួយឆ្នាំ តើបុរសខ្លាំងហ្វីលីពីនសម្រេចអ្វីខ្លះលើសង្គ្រាមប្រឆាំងថ្នាំញៀន?
លោក Rodrigo Duterte គឺជាប្រធានាធិបតីហ្វីលីពីនដែលបានឡើងកាន់តំណែងកាលពីខែមិថុនា ឆ្នាំ២០១៦។ អ្វីជាការកត់សម្គាល់នោះគឺចាប់តាំងពីលោកឡើងកាន់តំណែងមក គឺមានសកម្មភាពយ៉ាងច្រើនទាក់ទងនឹងការប្រឆាំងនឹងក្រុមជួញដូរឆ្នាំញៀន រហូតមានការចាប់ខ្លួន និង សម្លាប់មនុស្សជាច្រើនផងដែរ។
ទោះបីជាមានក្រុមសិទ្ធិមនុស្សរិះគន់ លើចំណាត់ការក្ដៅដោយប្រើកណ្ដាប់ដៃដែកបែបនេះក្ដី តែប្រជាជនហ្វីលីពីន នៅតែបង្ហាញការស្វាគមន៍ ព្រោះការធ្វើបែបនេះវាបានជួយឲ្យសន្តិសុខ និង ស្ថិរភាពក្នុងប្រទេសនេះ បានប្រសើរបន្ទាប់ពីត្រូវវឹកវរដោយសារតែគ្រឿងញៀន។ ខាងក្រោមនេះ គឺជាសមិទ្ធផលសំខាន់ៗ ដែលលោកទទួលបានក្នុងឆ្នាំ២០១៦ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀន ដែលចុះផ្សាយដោយសារព័ត៌មានRapplerរបស់ហ្វីលីពីន៖
១) មានអ្នកជួញដូរ និង ប្រើប្រាស់ថ្នាំញៀនប្រមាណ ១ ០០៧ ១៥៣ នាក់ បានចូលសារភាព និង ប្រគល់ខ្លួនដល់សមត្ថកិច្ច។
២) សមត្ថកិច្ចបានចាប់ខ្លួន អ្នកប្រើប្រាស់ និង អ្នកជួញដូរគ្រឿងញៀនសរុប ប្រមាណ ៤២ ៩៧៨នាក់ គិតមកត្រឹមថ្ងៃទី៣០ខែធ្នូ។
៣) មានមន្ត្រីហ្វីលីពីន៧៣នាក់ ត្រូវបានចាប់ខ្លួន ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដោយខុសច្បាប់។
៤) មានមនុស្សចំនួន២ ១៦៦នាក់ត្រូវបានបាញ់សម្លាប់ ក្នុងពេលប៉ូលិសបើកប្រតិបត្តិការបង្ក្រាបការជួញដូរ និង ប្រើប្រាស់ថ្នាំញៀន៕
ដោយ៖ រតនា វិចិត្រ