ទស្សនៈខុសគ្នាធំៗទាំង ៥រវាងវប្បធម៌ខាងកើតនិងវប្បធម៌ខាងលិចដែលអ្នកគួរដឹង
ការគិតដែលមានកំណើតចេញពីមនុស្សម្នាក់តទៅមនុស្សម្នាក់ទៀតរហូតបង្កើតបានជាក្រុមមួយដែលមានទស្សនៈយល់ឃើញដូចគ្នា នៅពេលទស្សនៈនោះមានឥទ្ធិពលគ្រប់គ្រាន់ និងត្រូវបានមនុស្សជាច្រើននៅក្នុងសង្គមឲ្យតម្លៃ និងប្រតិបត្តិតាមរហូតតពីមួយជំនាន់ទៅមួយជំនាន់ ទស្សនៈនោះនឹងដក់ជាប់នៅក្នុងផ្នត់គំនិតរបស់មនុស្សនៅក្នុងសង្គមនោះ ហើយក៏បង្កើតបានជាវប្បធម៌ដ៏ជាក់លាក់ ជាអត្តសញ្ញាណមួយសម្រាប់សម្គាល់ជាតិសាសន៍នោះ។ យ៉ាងណាមិញ យើងគ្រប់គ្នាមិនអាចវាយតម្លៃថាវប្បធម៌នេះល្អ ឯវប្បធម៌នោះមិនល្អនោះឡើយ ព្រោះអ្វីក៏ដោយសុទ្ធតែមានភាពវិជ្ជមាន និងភាពអវិជ្ជមានរបស់វា ដូច្នេះយើងគួរបើកចិត្តទូលំទូលាយនៅពេលសិក្សាពីភាពខុសគ្នារបស់វប្បធម៌នីមួយៗ។ ខាងក្រោមនេះ គឺជាភាពខុសគ្នាធំៗទាំង៥រវាងវប្បធម៌ខាងកើតនិងវប្បធម៌ខាងលិច៖
១) សាសនា៖ បើប្រៀបធៀបនឹងលោកខាងលិច នៅប្រទេសលោកខាងកើតដូចជានៅតំបន់អាសីុរួមទាំងមជ្ឈិមបូព៌ាត្រូវបានគេទទួលស្គាល់ថា ជាអ្នកប្រកាន់ខ្ជាប់នូវសាសនាយ៉ាងតឹងរឹុង ដែលបានបន្សល់តាំងពីសម័យបុរាណ ដោយតាមការកត់សម្គាល់ឃើញតាមរយៈការប្រារព្ធឡើងនូវពិធីសាសនាផ្សេងៗជាប្រចាំរបស់មនុស្សនៅក្នុងសង្គមនោះ។ ទោះជាយ៉ាងណា ដោយសារមានរឹសគល់ពីការប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់សាសនាយ៉ាងតឹងរឹុងបែបនេះហើយ ទើបបណ្ដាលឲ្យមានអំពើហិង្សា ការកាប់សម្លាប់ និងការប្រឆាំងខ្វែងគំនិតយ៉ាងខ្លាំងក្លាចំពោះទស្សនៈផ្ទុយគ្នាទៅលើសាសនា។
២) ភាពឯករាជ្យ៖ ដោយសារមានចំណងដ៏តឹងរឹុងពីគ្រួសារ មនុស្សនៅប្រទេសខាងកើតនេះ តែងមិនទទួលបានភាពឯករាជ្យ និងសិទ្ធិសេរីភាពពិតប្រាកដពីសមាជិកគ្រួសារ និងមនុស្សនៅក្នុងសង្គមរបស់ពួកគេឡើយ ទោះជាឯករាជ្យដែលពួកគេទទួលបានមក ក៏ត្រូវភ្ជាប់មកជាមួយលក្ខខណ្ឌដែរ។ តួយ៉ាង ដូចជាការរើឆ្ងាយចេញពីគ្រួសារនៅពេលកូនៗរៀបអាពាហ៍ពិពាហ៍រួច គឺជាទម្លាប់ជាទូទៅមួយដែលត្រូវបានទទួលស្គាល់ដោយច្បាប់នៅខាងលិច ស្របពេលជាមួយគ្នានោះដែរ វប្បធម៌ខាងកើតយល់ថាទង្វើនេះជាអំពើបាបនៃការរមិលគុណរបស់កូនៗទៅវិញ។
៣) តំណែងរបស់ស្ត្រីនៅក្នុងសង្គម៖ វប្បធម៌នៅក្នុងប្រទេសលោកខាងកើតនេះ មានផ្នត់គំនិតចំពោះស្ត្រីថា ពួកគេជាអ្នកតំណាងឲ្យតម្លៃ និងកេរ្តិ៍ឈ្មោះរបស់គ្រួសារទាំងមូល។ ស្ត្រីត្រូវលះបង់គោលដៅជីវិតរបស់ខ្លួន មិនថាជាការងារ ឬការចូលរួមសកម្មភាពនៅក្នុងសង្គមនោះឡើយ ពួកគេយល់ថាស្ត្រីមានតួនាទីមើលថែទាំផ្ទះសម្បែង លុយកាក់ និងមើលថែទាំកូនៗ។ ផ្ទុយទៅវិញ វប្បធម៌ខាងលិច ផ្ដល់សេរីភាព និងឯករាជ្យភាពដល់ស្ត្រីក្នុងការសម្រេចចិត្តទៅលើជីវិតរបស់ខ្លួន មិនថាចំពោះជីវិតការងារ ការរៀបអាពាហ៍ពិពាហ៍ និងការមើលថែទាំកូននោះឡើយ ហើយការងាររបស់ស្ត្រីនៅក្នុងផ្ទះក៏អាចជាការងាររបស់បុរសបានដែរ។
៤) ឥរិយាបថ៖ ពួកខាងលិចធ្វើការសម្រេចចិត្តដោះស្រាយបញ្ហាចំពោះមុខដោយវិភាគ និងផ្ដោតទៅលើតែព័ត៌មានណាដែលលម្អិត និងមានលក្ខណៈប្រាកដប្រជា ថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃការសម្រេចចិត្តនីមួយៗ រួចធ្វើការសម្រេចចិត្ត។ រីឯពួកខាងកើតត្រូវបានគេទទួលស្គាល់ថាជាប្រភេទមនុស្សសម្រេចចិត្តដោះស្រាយបញ្ហាដោយឈរលើទស្សនៈគ្រប់ជ្រុងជ្រោយ មានន័យថា ពួកគេត្រូវទទួលបាននូវព័ត៌មានពាក់ព័ន្ធទាំងអស់ មុននឹងស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់ខ្លួន។
៥) ជំនឿដែលមានលក្ខណៈដុះស្នឹម៖ ប្រជាជននៅខាងកើត មានផ្នត់គំនិតប្រកាន់ខ្ជាប់នូវជំនឿពីអតីតកាល គ្មានភាពបត់បែន និងមិនមានហេតុផលច្បាស់លាស់ ដែលកំណត់មកថាបែបណា នោះពួកគេនឹងត្រូវប្រតិបត្តិតាមបែបនោះ និងមិនអាចចេះតែនឹកឃើញចង់ផ្លាស់ប្ដូរតាមចិត្តបានឡើយ។ យ៉ាងណាមិញ អ្នកខាងលិចរស់នៅជីវិតរបស់ខ្លួនដោយប្រើប្រាស់ការសម្រេចចិត្តដោយផ្អែកទៅលើហេតុផល និងមិនយកអារម្មណ៍ដឹកមុខនោះឡើយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ topyap