មេដឹកនាំកំពូលកូរ៉េខាងជើងថា ប្រទេសខ្លួន ឈានដល់ដំណាក់កាលចុងក្រោយ ក្នុងការបាញ់នុយក្លេអ៊ែរឆ្លងទ្វីប
លោក គីម ជុងអ៊ុន ប្រធានាធិបតីរបស់កូរ៉េខាងជើង បាននិយាយថា ការរៀបចំបាញ់សាកល្បងអាវុធនុយក្លេអ៊ែរឆ្លងទ្វីប បានចូលមកដល់ដំណាក់កាលចុងក្រោយហើយ ដែលអាវុធនេះអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគំរាមកំហែងដល់សន្តិសុខសហរដ្ឋអាមេរិកបាន។
ការលើកឡើងបែបនេះ គឺធ្វើនៅក្នុងពិធីថ្លែងអបអរថ្ងៃចូលឆ្នាំថ្មីកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលធ្វើការស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើង។
ជុំវិញបញ្ហានេះ ក៏មានការតាមដានយ៉ាងស្អិតពីសំណាកប្រទេសកូរ៉េខាងត្បូងផងដែរ ហើយនៅថ្ងៃចន្ទនេះ ក្រសួងការបរទេសរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលបានលើកឡើងថា រហូតមកទល់នឹងពេលនេះ គេពុំទាន់ឃើញសញ្ញាណាមួយដែលថា កូរ៉េខាងជើងនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនៅឡើយទេ។
សូមបញ្ជាក់ថា ការប្រកាសរបស់កូរ៉េខាងជើងនៅពេលនេះ គឺស្របពេលដែលលោកដូណាល់ ត្រាំ នឹងឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ខែមករានោះ ធ្លាប់បានចំអកដល់លោកគីម ជុងអ៊ុនថា ជាមនុស្ស«ល្ងីល្ងើ» ក្នុងពេលលោកត្រាំធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ តែមេដឹកនាំកូរ៉េខាងជើង មិនបានតបអ្វីវិញទេ។
ប្រទេសកូរ៉េខាងជើងធ្លាប់បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ជាច្រើនលើកមកហើយ ទោះបីជាមានការថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិ និង ការដាក់ទណ្ឌកម្មផ្ទួនៗពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ៕
ដោយ៖ រតនា វិចិត្រ