គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស ១៨នឹងធ្វើឱ្យពិភពលោកផ្លាស់ប្ដូរមុខមាត់
បច្ចុប្បន្នមានគម្រោងរាប់ពាន់ដែលបាននិងកំពុងស្ថាបនានៅជុំវិញពិភពលោកយើងនេះ ហើយគម្រោងខ្នាតយក្សមួយចំនួនធំអាចផ្លាស់ប្ដូរពិភពលោកទាំងមូលតែម្ដង។ ខាងក្រោមនេះ គឺជាគម្រោងខ្នាតយក្សចំនួន ១៨ដែលនឹងផ្លាស់ប្ដូរពិភពលោកទាំងមូលតែម្ដង៖
១) អគារតេឡេស្កូប ពីងតាងនៅចិន៖ បញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០១៦ អគារតេឡេស្កូបពីងតាង គឺជាស្ថានីយតេឡេស្កូបធំជាងគេបំផុតក្នុងលោកដែលថាសរបស់វាមានទំហំ ១៦៤០ហ្វីត ដែលអាចចាប់យករូបភាពក្នុងចម្ងាយជាង ១០០ឆ្នាំពន្លឺពីភពផែនដី។
២) បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេល ១៧ឆ្នាំ រូងក្រោមដី Gotthard Base Tunnel ត្រូវបានបើកសម្ពោធនៅខែមិថុនា នៅប្រទេសស្វីស។ មានប្រវែងជាង ៥០គីឡូម៉ែត្រ ផ្លូវរថភ្លើងក្រោមដីជាផ្លូវដែលមានជម្រៅជ្រៅ និងវាងជាងគេបំផុតក្នុងលោក។
៣) ព្រែកជីកបាណាម៉ាត្រូវបានពង្រីក ហើយត្រូវបានដាក់ឱ្យប្រើប្រាស់នៅដើមខែមិថុនា កន្លងទៅ។ ព្រែកជីកមានអាយុ ១០២ឆ្នាំទើបមានការពង្រីកទំហំបន្ថែមដែលចំណាយទឹកប្រាក់អស់ ៥,៤ពាន់លានដុល្លារ និងប្រើកម្លាំងកម្មករប្រមាណ ៤ម៉ឺននាក់។
៤) នៅឆ្នាំ២០២៦ អគារខ្ពស់ជាងគេបំផុតនៅអ៊ីរ៉ាក់ The Bride នឹងក្លាយជាប៉មប្រើបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលអាចផលិតថាមពលកាន់តែច្រើនតាមតែតម្រូវរបស់អគារ។ អគារនេះនឹងមានកម្ពស់ ១១៥០ម៉ែត្រដែលមានឧទ្យាន ការិយាល័យ ភោជនីយដ្ឋាន និងប្រព័ន្ធផ្លូវរថភ្លើង។
៥) បញ្ចប់ការស្ថាបនានៅឆ្នាំ២០១១ ស្ពាន Jiaozhou Bay របស់ចិនជាស្ពានឆ្លងកាត់ទន្លេដែលមានប្រវែងវែងជាងគេបំផុតគឺប្រវែង ៤១គីឡូម៉ែត្រ។
៦) នៅឆ្នាំ២០១៥ ទំនប់វារីអគ្គីសនី Itaipu ដែលស្ថិតនៅជាប់ព្រំដែនប្រេស៊ីល និងប៉ារ៉ាហ្គាយ បង្កើតថាមពលបានកម្រិត ៨៩,៥តេរ៉ាវ៉ាត់ ដែលជាថាមពលខ្លាំងជាងគេបំផុតក្នុងលោក។ វាផ្គត់ផ្គង់ថាមពល ៧៥%ប្រើនៅប៉ារ៉ាហ្គាយ និង ២០%ប្រើនៅប្រេស៊ីល។
៧) គម្រោងផ្លូវរថភ្លើងកាត់គ្នានៅក្រុងឡុងដ៍៖ គឺជាគម្រោងបន្ថែមទៅលើប្រព័ន្ធផ្លូវរថភ្លើងក្រោមដី គឺជាគម្រោងធំបំផុតនៅអឺរ៉ុបដែលមិនធ្លាប់មានពីមុនមកនោះទេ។ វាបានបន្ថែមផ្លូវរថភ្លើងថ្មីចំនួន ១០ ដោយផ្សារភ្ជាប់ស្ថានីយ ៣០ដែលមានស្រាប់។ វានឹងចាប់ផ្ដើមដំណើរការផ្នែកខ្លះនៅឆ្នាំ២០១៧ និងដំណើរពេញលេញនៅឆ្នាំ២០២០។
៨) គម្រោងកសិដ្ឋានថាមពលព្រះអាទិត្យនៅអាហ្វ្រិកខាងត្បូង បើកសម្ពោធនៅឆ្នាំ២០១៤ ដែលអាចផលិតថាមពលបានប្រមាណ ១៨០ ០០០មេហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំដែលអាចផ្គត់ផ្គង់ដល់គេហដ្ឋានប្រមាណ ៨ម៉ឺនខ្នង។ វាជាគម្រោងថាមពលព្រះអាទិត្យធំជាងគេបំផុតនៅទ្វីបអាហ្វ្រិក។
៩) ផ្លូវរថភ្លើង Hyderabad Metro Rail ដែលមានប្រវែង ៧៤គីឡូម៉ែត្រជាគម្រោងផ្សារភ្ជាប់ផ្លូវរថភ្លើងនៅឥណ្ឌាដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧។
១០) គម្រោងស្ពាន ហុងកុង – ហ្សូហៃ - ម៉ាកាវ ដែលនឹងភ្ជាប់ទីក្រុងបីនៅក្នុងដីសន្ដទន្លេ Pearl របស់ប្រទេសចិន។ ជាគម្រោងសម្រាប់មនុស្សប្រមាណ ៤២លាននាក់ ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧។
១១) ម៉លទីក្រុងឌុយបៃ គឺម៉លបែបឥស្លាមធំជាងគេបំផុតក្នុងលោក ពោលគឺធំជាងម៉លនៅអាមេរិក៩ដង។ វានឹងបើកដំណើរការនៅឆ្នាំ២០២៩។
១២) គម្រោងរបស់ក្រុមហ៊ុន Google៖ ក្រុមហ៊ុនមានផែនការសាងសង់ទីក្រុងទំនើប ដែលនឹងអភិវឌ្ឍន៍ឡើងវិញដោយមានអ៊ីនធឺណិតប្រើប្រាស់គ្រប់ទីកន្លែង និងជាគម្រោងចុងក្រោយបំផុតនៅក្នុងវិស័យបច្ចេកវិទ្យាពិភពលោក។ គម្រោងនេះ គឺនឹងមាននៅទូទាំងដែនដីសហរដ្ឋអាមេរិក។
១៣) មេត្រូនៅទីក្រុង Riyadh៖ ជាគម្រោងផ្លូវដែកដែលមានទំហំទឹកប្រាក់ ២៣,៥ពាន់លានដុល្លារ ដែលត្រូវបានគូរប្លង់ឡើងដោយស្ថាបត្យករ Zaha Hadid។ ផ្លូវដែកនេះមានប្រវែងជាង ១៧០គីឡូម៉ែត្រ សម្រាប់ទីក្រុងរីយ៉ាតនឹងដំណើរការនៅឆ្នាំ២០១៩។
១៤) ទីក្រុងទំនើប Songdo ជាទីក្រុងឆ្លាតវៃរបស់កូរ៉េខាងត្បូងដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៥។ ជាទីក្រុងដែលផ្ដល់អ៊ីនធឺណិតដល់ប្រជាជនប្រមាណ ៦៧ ០០០នាក់។
១៥) កាលពីដើមខែកក្កដា ចិន និងនីហ្សេរីយ៉ា ព្រមព្រៀងគ្នាក្នុងគម្រោងមានទំហំ ១១ពាន់លានដុល្លារដើម្បីស្ថាបនាផ្លូវរថភ្លើងតាមឆ្នេរ Lagos-Calabar។ ផ្លូវនេះនឹងមានប្រវែងជាង ១៤០០គីឡូម៉ែត្រដែលនឹងបើកដំណើរការនៅឆ្នាំ២០១៨។
១៦) ផ្លូវផ្ទេរទឹក ត្បូង ជើងរបស់ចិន៖ ជាផ្លូវផ្ទេរទឹកពីទន្លេយ៉ង់សេទៅកាន់តំបន់ភាគខាងជើងដែលដីខ្សត់ខ្សោយជីវជាតិ។ គម្រោងនេះមានទំហំទឹកប្រាក់ ៧៩ពាន់លានដុល្លារអាចផ្ទេរទឹកបានក្នុងកម្រិត ១៣ពាន់លានម៉ែត្រគូប។
១៧) កាលពីខែកក្កដា ន័រវែសគ្រោងសាងសង់ផ្លូវក្រោមទឹកអណ្ដែត Sognefjord ក្នុងទំហំទឹកប្រាក់ ២៥ពាន់លានដុល្លារ ដែលស្ថិតនៅក្នុងជម្រៅជាង ១២០០ម៉ែត្រ និងបណ្ដោយប្រវែងជាង ៩០០ម៉ែត្រ។
១៨) គម្រោងស្ដារទីក្រុងឡើងវិញរយៈពេល ២០ឆ្នាំនៅទួរគី៖ ជាគម្រោងនឹងកម្ទេចអគារប្រមាណ ៧លានដើម្បីស្ថាបនាអគារដែលទ្រាំទ្រនឹងរញ្ជួយដី។ វាចាប់ផ្ដើមនៅឆ្នាំ២០១២ ក្នុងគម្រោងទឹកប្រាក់ ៤០០ពាន់លានដុល្លារ៕