លោក​Steven Pinker​​អ្នក​ជំនាញ​នៅ​Harvard៖ ​​​​កុំ​ភ្លេច​ប្រើ​គន្លឹះ​​ទាំង​៥​នេះ ​បើ​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​អស្ចារ្យ​



លោក​Steven​គឺ​ជា​អ្នក​វិទ្យាសាស្ត្រ​ខាង​ផ្នែក​ការ​យល់​ដឹង និង​ជា​ភាសាវិទូ​មួយ​រូប​ប្រចាំ​សាកលវិទ្យាល័យ​Harvard។ មិនតែប៉ុណ្ណោះ គាត់​ក៏​ជា​អ្នក​រួម​ចំណែក​មួយ​រូប​នៅ​ក្នុង​វេទិកា​ស្ដីពី​ការ​ប្រើប្រាស់​the American Heritage Dictionary​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត នា​ពេល​ថ្មីៗ​នេះ លោក​ត្រូវ​បាន​គេ​ចាត់​លំដាប់​ថ្នាក់​ជា​ចិត្តវិទូ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​ចិត្តវិទូ​កំពូល​ៗ​១០០​នាក់​ទៀត។ សៀវភៅ​ចុងក្រោយ​បង្អស់​របស់​គាត់ ជា​សៀវភៅ​ដ៏​អស្ចារ្យ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា The Sense of Style: The Thinking Person's Guide to Writing in the 21st Century។ តាមរយៈ​សៀវភៅ​ដែល​បង្កប់​នូវ​គុណ​ប្រយោជន៍​ដ៏​ច្រើន​លើស​លុប​សម្រាប់​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​អស្ចារ្យ​មួយ​រូប​នេះ ៥​ចំណុច​ខាងក្រោម គឺ​ជា​មេរៀន​សម្រាប់​ហាត់​ពត់​លត់​ដំ​ខ្លួន​ដ៏​ល្អ​មួយ៖

១) បង្កើត​នូវ​រូបភាព​ដែល​អាច​មើល​ឃើញ និង​មាន​ភាព​ជាក់ស្ដែង៖ ខួរក្បាល​របស់​មនុស្ស​ម្នាក់ៗ ធ្វើការ​ទៅតាម​របៀប​ច្បាស់លាស់​របស់​វា ឯ​សំណេរ​ដែល​អាច​សម្រេច​បាន​នូវ​ភាព​ទាក់ទាញ​របស់​វា​ទៅ​កាន់​អ្នក​អាន គឺ​ជា​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​បែប​ណា​ដែល​មាន​លក្ខណៈ​ច្បាស់លាស់។ ជា​ពិសេស​ដើម្បី​ឲ្យ​អ្នក​អាន​យល់​បាន​យ៉ាង​ជ្រាលជ្រៅ និង​ចងចាំ​នូវ​គោលគំនិត​សំខាន់​នៃ​សំណេរ​របស់​អ្នក​បាន អ្នក​ត្រូវ​បង្កើត​នូវ​រូបភាព​ដែល​មាន​ភាព​ជាក់ស្ដែង ច្បាស់លាស់ នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​អាន នៅ​ពេល​អ្នក​បកស្រាយ​ពី​គំនិត​របស់​អ្នក។ អ្វី​ដែល​សំខាន់​បន្ថែម​ពី​នេះ​ទៅ​ទៀត អ្នក​មិន​ត្រូវ​បង្កើត​ភាព​ទាក់ទាញ​ដល់​អត្ថបទ​របស់​ខ្លួន ដោយ​ព្យាយាម​ប្រើប្រាស់​ពាក្យ​ពេចន៍​ដែល​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​ចំណេះដឹង​ជ្រៅជ្រះ និង​មាន​ភាព​វៃ​ឆ្លាត​នោះ​ឡើយ និង​អ្វី​ដែល​គួរ​យកចិត្តទុកដាក់​ផង​ដែរ​នោះ គឺ​អ្នក​សរសេរ​ភាគ​ច្រើន​តែង​យល់ថា​ពាក្យ​ដែល​ពួកគេ​ដឹង អ្នក​អាន​របស់​ពួកគេ​ក៏​ដឹង​ពី​វា​ដូច​គ្នា ដែល​ប្រការ​ឆ្គាំ​ឆ្គង​នេះ​ហើយ ធ្វើ​ឲ្យ​អ្នក​អាន​មាន​ទស្សនៈ​មក​លើ​ខ្លួន​ថា​ជា​មនុស្ស​ល្ងង់ ហើយ​ចុងក្រោយ​ក៏​បោះបង់​នូវ​ការ​អាន​អត្ថបទ​នោះ។ ហេតុនេះ ជា​ការ​ណែនាំ​ពី​អ្នក​ជំនាញ​គ្រប់​រូប អ្នក​ត្រូវ​មាន​អ្នក​ជួយ​កែ​សម្រួល ពិនិត្យ​មើល​ឡើង​វិញ​នូវ​អត្ថបទ​របស់​អ្នក។

២) មិន​ត្រូវ​បង្កើត​នូវ​ចម្ងល់​ដល់​អ្នក​អាន​នោះ​ឡើយ៖ អ្នក​អាន​ទាំងឡាយ​ប្រើប្រាស់​នូវ​ចំណេះដឹង​របស់​ខ្លួន ដើម្បី​ព្យាយាម​យល់​បាន​នូវ​អ្វី​ដែល​ខ្លឹមសារ​នៅ​ក្នុង​អត្ថបទ​ចង់​បង្ហាញ​ពួកគេ ផ្ទុយទៅវិញ បើ​ពួកគេ​មិន​ប្រាកដ​ថា​ត្រូវ​ដក​យក​ផ្នែក​ណា​នៃ​ចំណេះដឹង​របស់​ខ្លួន ដើម្បី​សិក្សា​ពី​អត្ថបទ​នោះ នោះ​វា​នឹង​បង្ក​ការ​ភ័ន្ត​ច្រឡំ​សម្រាប់​ពួកគេ​មិន​ខាន។ អ្វី​ដែល​អ្នក​ត្រូវ​ចៀសវាង​ឲ្យ​បាន គឺ​មិន​ត្រូវ​បង្កើត​នូវ​ការ​សង្ស័យ ឬ​ចម្ងល់​ចោទ​សួរ​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​អាន​នោះ​ឡើយ ភារកិច្ច​របស់​អ្នក​ចាប់​ផ្ដើម​តាំង​ពី​​ដំបូង គឺ​ត្រូវ​ប្រាប់​ពួកគេ​ឲ្យ​បាន​ច្បាស់លាស់​នូវ​ប្រធាន​បទ និង​ចំណុច​សំខាន់​អ្វី​ដែល​អ្នក​ចង់​ជជែក​វែកញែក គឺ​ត្រូវ​ឲ្យ​គេ​ដឹង​ថា​អ្នក​ចង់​នាំ​ពួកគេ​ទៅ​ទីណា។

៣) អ្នក​មិន​ចាំបាច់​ត្រូវ​គោរព​ទៅ​តាម​គោលការណ៍​របស់​ភាសា​នោះ​ទេ៖ ហេតុផល​ដែល​យក​មក​អះអាង​ចំពោះ​ការ​យល់​ឃើញ​បែប​នេះ គឺ​តួយ៉ាង​ចំពោះ​វចនានុក្រម វា​មិន​មែន​បង្កើត​ឡើង​មក​ជា​ការ​ដាក់​ចេញ​នូវ​គោលការណ៍​របស់​ភាសា​នីមួយៗ​ដែល​អ្នក​ត្រូវ​គោរព​តាម​ដោយ​ខាន​ពុំ​បាន​នោះ​ទេ វា​ត្រូវ​បាន​បង្កើត​មក​ដោយ​ដើរ​តាម​ក្រោយ​ភាសា​ដែល​ប្រើប្រាស់​ដោយ​មនុស្ស​តែ​ប៉ុណ្ណោះ។ រីឯ​អ្នក​កែសម្រួល​វចនានុក្រម​នោះ​ទៀត​សោត ក៏​ពួកគេ​ចាំ​បើក​ភ្នែក​ធំៗ​មើល​ពី​ការ​ផ្លាស់ប្ដូរ​មិន​ឈប់ឈរ​នៃ​ការ​ប្រើប្រាស់​របស់​ពាក្យ​ទៅ​តាម​អ្នក​និពន្ធ​នៅ​ក្នុង​បរិបទ​របស់​អត្ថបទ​នីមួយៗ​ផង​ដែរ។ យ៉ាងណាមិញ ដើម្បី​ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​អស្ចារ្យ​មួយ​រូប អ្នក​ត្រូវ​យល់​ដឹង​ឲ្យ​ច្បាស់​អំពី​ច្បាប់​នៃ​គោលការណ៍​ទាំងនោះ មុន​នឹង​បំបែក​វា។

៤) អាន​ហើយ​អាន​ទៀត៖ អ្នក​មិន​អាច​សរសេរ​អត្ថបទ​បាន​ល្អ​នោះ​ទេ បើ​អ្នក​មិន​មាន​ទម្លាប់​អភិវឌ្ឍ​ការ​សរសេរ​របស់​ខ្លួន​តាមរយៈ​ការ​អាន​ប្រភេទ​អត្ថបទ​ជា​ច្រើន​របស់​ស្នាដៃ​អ្នក​ដទៃ ដើម្បី​ស្វែងយល់ និង​សិក្សា​បន្ថែម​ទៅលើ​ឃ្លាidiom​ចំនួន​រាប់​ពាន់​ឃ្លា សំណង់​ប្រយោគ​និង​ទម្រង់​នៃ​ពាក្យ​សម្ដី និង​ពាក្យពេចន៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ។

៥) អត្ថបទ​ដ៏​ល្អ​គឺ​ជា​ការ​សម្រួល​ដ៏​ល្អ៖ គំនិត​ដែល​ហូរ​ចេញ​ពី​ខួរក្បាល​របស់​អ្នក​ដំបូង វា​មិន​មែន​សុទ្ធតែ​ល្អ​អស្ចារ្យ​ហើយ​នោះ​ទេ ដូច្នេះ អ្នក​ចាំបាច់​ត្រូវ​ធ្វើការ​បន្សុទ្ធ​វា និង​ដុសខាត់​វា​សារ​ជា​ថ្មី​ឲ្យ​បាន​ច្រើន​ដង ព្រមទាំង​រៀប​លំដាប់​គំនិត​សំខាន់​ទាំង​នោះ​ទៅ​ក្នុង​លំដាប់​ដ៏​មាន​របៀបរៀបរយ​ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​អាន​ក្នុង​ការ​យល់​បាន​ពី​អ្វី​ដែល​អ្នក​ចង់​បង្ហាញ​ទៅ​កាន់​ពួកគេ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ time

X
5s