ក្រុមឧទ្ទាមឥស្លាម១០០នាក់ ចូលរំដោះអ្នកទោស១៥០ចេញពីគុកយ៉ាងជោគជ័យនៅហ្វីលីពីន
មនុស្សមួយក្រុមប្រមាណ១០០នាក់ប្រដាប់ដោយអាវុធ បានសម្រុករំដោះអ្នកទោសចំនួន១៥០ នាក់ ហើយបានសម្លាប់អ្នកយាមគុកម្នាក់ នៅភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការអះអាងរបស់ប៉ូលិស នៅថ្ងៃពុធនេះ។
ក្រុមប្រដាប់អាវុធដែលចូលរំដោះអ្នកទោសនោះ ត្រូវបានគេស្គាល់ថា ជាក្រុមឧទ្ទាមឥស្លាមជ្រុលនិយមដ៏ធំបំផុតក្នុងប្រទេសហ្វីលីពីន។ ការរំដោះអ្នកទោសនេះ គឺកើតឡើងនៅគុកមួយកន្លែងនៅទីក្រុង Kidapawan។
នេះមិនមែនជាលើកទីមួយនោះទេ ដែលមានករណីរំដោះអ្នកទោសក្នុងប្រទេសហ្វីលីពីន ជាក់ស្ដែងកាលពីឆ្នាំ២០០៩ មានក្រុមប្រដាប់អាវុធប្រមាណ១០០នាក់ បានចូលរំដោះអ្នកទោសប្រមាណ៣១ នាក់។
សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនមានបញ្ហាវាយប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម និង កងកម្លាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ បណ្ដាលឲ្យមនុស្សប្រមាណ១២០ ០០០នាក់បានស្លាប់ (ដោយគិតត្រឹម៤ទសវត្សចុងក្រោយនេះ)៕
ដោយ៖ រតនា វិចិត្រ