សញ្ញាណប្រកាសអាសន្នទាំង៤យ៉ាង ដែលរាងកាយរបស់អ្នកត្រូវការជំនួយហើយ
នៅពេលលើកឡើងអំពីផ្នែកនៃភាពវៃឆ្លាតរបស់មនុស្ស ពួកយើងតែងនឹកដល់តួនាទីរបស់ខួរក្បាលមុនគេ។ ដោយឡែក ភាពវៃឆ្លាតរបស់មនុស្សមិនមែនមានតែចំពោះខួរក្បាលនោះទេ សូម្បីតែរាងកាយរបស់ពួកយើងរាល់គ្នា ក៏បានបំពេញតួនាទីរបស់វាចាប់តាំងពីអ្នកចាប់កំណើតមកយ៉ាងឆ្លាតវៃផងដែរ។ តើតាមវិធីណាដែលបញ្ជាក់ថារាងកាយរបស់អ្នកមានភាពវៃឆ្លាតដូចខួរក្បាលដែរនោះ ? អ្នកដែលមានតួនាទីទទួលខុសត្រូវឆ្លើយតបទៅលើកម្លាំងប្រតិកម្មពីខាងក្នុង គឺជារាងកាយរបស់អ្នកនេះហើយ វាព្យាយាមធ្វើការទំនាក់ទំនងជាមួយអ្នក តាមរយៈការផ្ដល់ជាសញ្ញាណផ្សេងៗនៅលើរាងកាយដល់អ្នក ក្នុងគោលបំណងចង់ដាស់តឿនអ្នកឲ្យងាកមកគិតគូរឡើងវិញពីរបបអាហាររបស់ខ្លួន ដើម្បីបញ្ចៀសអ្នកពីជំងឺរាតត្បាតគំរាមកំហែងទាំងឡាយ។ ខាងក្រោមនេះ គឺជាសញ្ញាណប្រកាសអាសន្នទាំង៤ដែលរាងកាយរបស់អ្នកព្យាយាមប្រាប់អ្នកថាវាកំពុងត្រូវការជំនួយហើយ៖
១) ភាពស្ងួតនៃស្បែក និងភាពផុយស្រួយនៃសក់និងក្រចក៖ នៅពេលស្បែករបស់អ្នកផ្លាស់ប្ដូរទៅជាមានសភាពស្ងួត ប្រេះ និងបែកស្រកា វាជាសញ្ញាណដែលបញ្ជាក់ប្រាប់អ្នកថា អ្នកកំពុងកង្វះខាតនូវវីតាមីន ជាពិសេសវីតាមីនE។ ដូច្នេះ ដើម្បីដោះស្រាយជាមួយបញ្ហានេះបាន អ្នកត្រូវចាប់ផ្ដើមផ្លាស់ប្ដូររបបអាហារដោយទទួលទាននូវ គ្រាប់ធញ្ញជាតិ សាច់ត្រី និងខ្លាញ់ដែលល្អចំពោះសុខភាព។ រីឯការលេចឡើងនៃភាពផុយស្រួយចំពោះសក់និងក្រចកនោះទៀតសោត ក៏ជាសញ្ញាណប្រាប់ពីកង្វះខាតនៃជាតិកាល់ស្យូម និងវីតាមីនBនៅក្នុងរាងកាយផងដែរ។
២) បង្កើនចំណង់ក្នុងការទទួលទានអាហារមានជាតិប្រៃ ឬអាហារមានជាតិផ្អែម៖ ចំណង់អាហាររបស់អ្នកស្រាប់តែផ្លាស់ប្ដូរ បណ្ដាលឲ្យអ្នកចាប់ផ្ដើមឃ្លានអាហារមានជាតិប្រៃខុសពីធម្មតា វាកំពុងដាស់តឿនអ្នកពីកង្វះខាតនៃសារធាតុខនិជដែលរួមផ្សំនូវជាតិប្រៃពីធម្មជាតិនៅក្នុងរាងកាយរបស់អ្នកហើយ។ ឬបញ្ហាមួយផ្សេងទៀតដែលរាងកាយរបស់អ្នកកំពុងជួបប្រទះ គឺការរលាកត្រង់កន្លែងណាមួយក្នុងរាងកាយ ទើបបណ្ដាលឲ្យអ្នកឃ្លានអាហារមានជាតិប្រៃខុសពីធម្មតាបែបនេះ។ ចំណែក ការបង្កើនចំណង់ចំពោះអាហារមានជាតិផ្អែមវិញ អ្នកត្រូវទប់ទល់ជាមួយវាដោយ ការទទួលទានទឹកឲ្យបានច្រើនជាងមុន អាហារស្រស់ៗ និងបន្លែស្លឹកបៃតង ព្រោះវាជាសញ្ញាណបង្ហាញថា អ្នកកំពុងមានរបបអាហារមិនត្រឹមត្រូវនោះទេ។
៣) បង្កើនចំណង់ក្នុងការទទួលទានអាហារឆៅ៖ សញ្ញាណបែបនេះ កំពុងប្រកាសអាសន្នពីអតុល្យភាពក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកហើយ។ ដើម្បីបង្ការពីជំងឺរលាកក្រពះ ឬការរមួលក្រពើ អ្នកត្រូវទទួលទានបន្ថែមនូវអាហារឆៅជាមួយបន្លែស្លឹកបៃតងស្រស់ៗ និងផ្លែឈើឲ្យបានច្រើនជាងមុន។
៤) ការរមួលក្រពើ និងរោគគេងមិនលក់៖ ថ្នាំដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលជាមួយបញ្ហាសុខភាពទាំងនេះ អ្នកត្រូវចាប់ផ្ដើមងាកមកយកចិត្តទុកដាក់នឹងការបញ្ចូលនូវជាតិប៉ូតាស្យូម និងម៉ាញេស្យូមទៅក្នុងរបបអាហាររបស់អ្នកហើយ។ កង្វះនូវសារធាតុដែលមានសារសំខាន់យ៉ាងចម្បងទៅដល់សុខភាពខួរក្បាល បេះដូង និងសាច់ដុំរបស់អ្នកនេះ បង្កឲ្យទៅជាការពន្យឺតសកម្មភាពប្រព័ន្ធប្រសាទនៃខួរក្បាលរបស់អ្នក។ អ្នកអាចស្វែងរកនូវសារធាតុទាំង២នេះមកបំពេញដល់តម្រូវការរាងកាយរបស់អ្នកបាននៅក្នុងអាហារដូចជា បន្លែបៃតង គ្រាប់អាល់មនដ៍ គ្រាប់ធញ្ញជាតិ ផ្លែចេក និងអាហារផ្សេងៗជាច្រើនទៀត៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ powerofpositivty