បើមានចំណុចអវិជ្ជមានទាំងនេះ មិនចម្លែកទេដែលអ្នករត់មិនផុតពីភាពក្រីក្រ
ការរអ៊ូរទាំពីកង្វះខាតលុយសម្រាប់ចាយវាយជាប្រចាំ ដើម្បីបំពេញតម្រូវការរបស់អ្នក មិនថាជាតម្រូវការចាំបាច់ ឬគ្រាន់តែជាការចង់បានទៅតាមអារម្មណ៍របស់អ្នកនោះទេ អ្នកតែងតែសម្លឹងរកមើលកត្តាខាងក្រៅដែលបណ្ដាលឲ្យអ្នកត្រូវរស់នៅក្នុងសភាពលំបាកលំបិន មានមុខខ្វះក្រោយជាប្រចាំបែបនេះ។ នៅពេលអ្នកផ្ដោតការយកចិត្តទុកដាក់របស់អ្នកទៅលើតែកត្តាខាងក្រៅដែលមានឥទ្ធិពលមកលើអ្នក នោះអ្នកនឹងមិនបានកែប្រែស្ថានការណ៍យ៉ាប់យឺុនរបស់អ្នក ឲ្យល្អប្រសើរអ្វីនោះឡើយ ព្រោះអ្នកនឹងមានទម្លាប់បន្ទោសកត្តាខាងក្រៅទាំងនោះ រំពឹងបន់ស្រន់ឲ្យវាផ្លាស់ប្ដូរជានិច្ច។ យ៉ាងណាមិញ បើអ្នកងាកមកពិនិត្យមើលពីឥរិយាបថរបស់អ្នកចំពោះការចាយវាយវិញ អ្នកនឹងចាប់ផ្ដើមសង្កេតឃើញពីកំហុសរបស់ខ្លួនដែលបណ្ដាលឲ្យអ្នកស្ថិតក្នុងសភាពក្រីក្របែបនេះ ហើយមូលហេតុទាំង៣ខាងក្រោមនេះនឹងស្ថិតនៅក្នុងចំណោមរឹសគល់នៃបញ្ហារបស់អ្នក៖
១) អ្នកដាក់សេចក្ដីសុខសម្រាប់ថ្ងៃនេះមុនសេចក្ដីត្រូវការនៃហិរញ្ញវត្ថុសម្រាប់អនាគត៖ ពួកគេច្រើនតែមានឥរិយាបថសម្រេចចិត្តទៅលើការចាយវាយរបស់ខ្លួនជាប្រចាំថ្ងៃ មិនស្របទៅនឹងសេចក្ដីត្រូវការដ៏សំខាន់ក្នុងពេលអនាគតនោះឡើយ ព្រោះថាជាទូទៅ ការមានទម្លាប់គិតគូរឲ្យសព្វគ្រប់ជ្រុងជ្រោយមុននឹងធ្វើការសម្រេចចិត្តក្នុងការចំណាយលើអ្វីមួយ ដោយគិតទៅលើអនាគតពេលខាងមុខ វាតែងតែមិនផ្ដល់ភាពសប្បាយរីករាយដូចការបំពេញតាមចំណង់ក្នុងពេលឥឡូវនេះឡើយ។ បញ្ហារបស់ពួកគេនឹងផ្លាស់ប្ដូរ បើសិនជាពួកគេផ្លាស់ប្ដូរចិត្តសាស្ត្ររបស់ខ្លួនពី "តើខ្ញុំគួរតែចាយវាយបែបណាដើម្បីទទួលបានសេចក្ដីសុខក្នុងពេលនេះ?" ទៅជា "តើខ្ញុំគួរប្រើប្រាស់លុយទាំងនេះបែបណាដើម្បីទិញនូវសេរីភាពហិរញ្ញវត្ថុរបស់ខ្ញុំបាននៅពេលអនាគត?" ។
២) អ្នកមិនផ្ដល់តម្លៃដល់ការសន្សំប្រាក់ជាអាទិភាពចម្បងរបស់អ្នក៖ ដោយមិនមានទម្លាប់សន្សំប្រាក់ទុកជាប្រចាំ អ្នកនឹងធ្លាក់ទៅក្នុងរង្វិលជុំនៃការចាយវាយប្រាក់ចំណូលរបស់អ្នកអស់ៗពីហោប៉ៅជារៀងរាល់ខែ ដោយមិនមានសេសសល់អ្វីទុកសម្រាប់សេចក្ដីត្រូវការនាពេលអនាគត និងសម្រាប់ជាប្រាក់ទុកបម្រុងក្នុងពេលមានអាសន្ននោះឡើយ។ ប្រាក់សន្សំដែលចាប់ផ្ដើមពីអ្នកបន្តិចម្ដងៗក្នុងថ្ងៃនេះ អ្នកនឹងអរគុណដល់វានៅពេលក្រោយមិនខាន។
៣) អ្នកវិនិយោគទៅលើសម្ភារៈប្រើប្រាស់ជាជាងខ្លួនឯង៖ មូលហេតុមួយនេះ អាចជារឿងធម្មតាមួយដែលមនុស្សភាគច្រើនក្រោយពីភ្ញាក់ខ្លួន នឹងមានភាពអៀនខ្មាសនឹងខ្លួនឯង ដែលបានសាងឡើងនូវវិបត្តិឲ្យខ្លួនឯង ឲ្យលិចលង់ទៅក្នុងភាពក្រីក្រខ្វះខាតជាប្រចាំ។ កង្វះការយល់ដឹង នាំឲ្យពួកគេឲ្យតម្លៃទៅលើសម្ភារៈទាំងឡាយដែលជួយបង្កើននូវភាពសីុវិល័យ ទាន់សម័យរបស់ខ្លួនជ្រុលហួសហេតុ ដើម្បីចូលចំណោមសង្គមសម័យបច្ចេកវិទ្យានាសតវត្សទី២១នេះចុះនឹងគេ ប៉ុន្តែបែរជាមើលរំលងទៅការវិនិយោគទៅលើខ្លួនឯង តួយ៉ាងដូចជាចំណេះដឹង ការសន្សំប្រាក់ ឬការវិនិយោគជាដើម ដែលទោះជាការវិនិយោគទាំងនេះ មិនតបស្នងតម្រូវការពួកគេក្នុងពេលឥឡូវនេះ តែវាជាការវិនិយោគក្នុងរយៈពេលវែង ដែលនឹងតបស្នងនូវប្រយោជន៍ដ៏ធំធេងសម្រាប់ពួកគេក្នុងពេលអនាគត៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ gobankingrates