គ្រោះកាច ១០យ៉ាងដែលពិភពលោកជៀសមិនរួចនឹងប្រឈមមុខឆ្នាំថ្មីនេះ
ក្នុងមួយឆ្នាំៗ មានរឿងរ៉ាវគួរឱ្យឈឺក្បាលជាច្រើនបានកើតឡើង ហើយអ្វិដែលពិសេសនោះគឺថាបញ្ហាខ្លះអាចដោះស្រាយចេញ បញ្ហាខ្លះទៀតមិនអាចដោះស្រាយចេញនោះទេ។ បើយោងតាម Business Insider នៅឆ្នាំថ្មីនេះ នឹងមានហានិភ័យ ១០យ៉ាងធំបំផុតដែលពិភពលោកនឹងប្រឈមមុខ៖
១) បញ្ហាអាមេរិកចង់ម្ចាស់ការលើខ្លួនឯង៖ តាមប្រភពពី EuroAsia ប្រធានាធិបតីថ្មីរបស់អាមេរិកគឺលោកត្រាំនឹងប្រើគោលនយោបាយការបរទេសបត់បែន និងការពារនិយម ដែលអាចធ្វើប៉ះពាល់ដល់ទំនាក់ទំនងជាមួយនឹងប្រទេសសម្ព័ន្ធមិត្ត។ វាអាចបង្កើតជាហានិភ័យផ្នែកនយោបាយ និងធ្វើឱ្យមហាអំណាចពីរទៀតគឺចិន និងរុស្ស៊ីទាញយកផលចំណេញពីគោលនយោបាយនេះ។
២) ចិននឹងបញ្ចេញធ្មុងខ្លាំង៖ ចិននឹងមានកិច្ចប្រជុំធំមួយសម្រាប់គណបក្យកុម្មុយនីស្ដចិននៅឆ្នាំនេះ។ កិច្ចប្រជុំនេះនឹងកំណត់ពីជោគវាសនារបស់មេដឹកនាំកំពូលសព្វថ្ងៃ និងកំណត់នយោបាយរបស់ប្រទេសនាពេលអនាគត។ តាមប្រភពពី EuroAsia លោកស៊ី ប្រហែលជាមានការប្រយ័ត្នខ្ពស់ទៅលើបញ្ហាខាងក្រៅប្រទេសដែលប៉ះពាល់ដល់ផលប្រយោជន៍របស់មហាយក្សចិន ព្រោះថាគណបក្យកុម្មុយនីស្ដកំពុងតែសម្លឹងមើលចំណាត់ការរបស់លោក។ ចិន និងអាមេរិកអាចនឹងប្រឈមមុខដាក់គ្នាខ្លាំងលើបញ្ហានយោបាយការបរទេស។
៣) មេដឹកនាំអាល្លឺម៉ង់ចុះខ្សោយ៖ អធិការបតីអាល្លឺម៉ង់ គឺលោកស្រី Angela Merkel បាននិងកំពុងប្រឈមបញ្ហានយោបាយ និងសេដ្ឋកិច្ច រួមមានទាំងបញ្ហាជនភៀសខ្លួនផង ដោយមិនទាន់ទាំងគិតបញ្ហារបស់ក្រុមហ៊ុនធំៗដូចជា Deutsche Bank ផង។ នៅក្នុងការបោះឆ្នោតនៅខែកញ្ញា ខាងមុខ ទំនងគ្មានបក្សប្រឆាំងលេចមុខគួរកត់ឱ្យសម្គាល់ឡើយ ប៉ុន្តែបញ្ហាផ្ទៃក្នុងសហភាពអឺរ៉ុបអាចនឹងប្រេះឆាដែលធ្វើឱ្យសហភាពនេះរងការរង្គោះរង្គើដោយសារតែបញ្ហាមួយចំនួនមិនអាចដោះស្រាយចេញ។ សូមបញ្ជាក់ថា អាល្លឺម៉ង់ ជាមហាសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុបនេះ។
៤) គ្មានការធ្វើកំណែទម្រង់នៅបណ្ដាធំៗភាគច្រើន៖ ការដឹកនាំរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសជាច្រើនមិនបានធ្វើកំណែទម្រង់ ជាពិសេសនៅប្រទេសធំៗតែម្ដង។ ហេតុផលមាន ៤យ៉ាងសំខាន់ៗ គឺ៖ ក) មេដឹកនាំថ្នាក់ជាតិមួយចំនួនគិតថា ខ្លួនបានធ្វើល្អគ្រប់គ្រាន់ហើយរួមមាន ឥណ្ឌា និងមិកស៊ីកូជាដើម។ ខ) មេដឹកនាំនយោបាយនៅបណ្ដាប្រទេសធំៗមានដូចជា រុស្ស៊ី បារាំង អាល្លឺម៉ង់ និងអាហ្សង់ទីន មិនព្រមធ្វើកំណែទម្រង់ ពោលគឺចាំរហូតដល់មានការបោះឆ្នោត។ គ) ប្រទេសដែលមិនចាប់អារម្មណ៍ធ្វើកំណែទម្រង់តាំងពីដើមមានដូចជា អ៊ីតាលី អាហ្វ្រិកខាងត្បូង ទួរគី និងអង់គ្លេសនៅតែមិនធ្វើកំណែទម្រង់។ ឃ) ប្រទេសដែលមានឆន្ទៈធ្វើកំណែទម្រង់ដែរ តែនឹងប្រឈមបញ្ហាផ្ទៃក្នុងច្រើនមានដូចជានីហ្សេរីយ៉ា និងអារ៉ាប៊ីសាអូឌីត។
៥) បច្ចេកវិទ្យា និងបញ្ហានៅមជ្ឈិមបូព៌ា៖ ភាពជឿនលឿននៃបច្ចេកវិទ្យានឹងអាចបង្កើតអស្ថិរភាពនយោបាយនៅមជ្ឈិមបូពា។ ងាយមកនិយាយបញ្ហាសេដ្ឋកិច្ចវិញ អាចនឹងមានប្រែប្រួលខ្លាំងចំពោះវិស័យថាមពលនៅអាមេរិកដែលអាចបង្កបញ្ហាដល់អង្គការ OPEC ថែមទៀតផង។ ប្រសិនបើមានការផ្តាច់ចេញពីអង្គការនេះដោយសមាជិកណាមួយ នឹងបង្កឱ្យមានបញ្ហាអត់ការងារធ្វើកាន់តែច្រើនបន្ថែមពីលើបញ្ហាដែលមានស្រាប់ (តម្លៃប្រេងនៅបណ្ដាប្រទេស OPEC ធ្លាក់ចុះ > ប៉ះពាល់ដល់អត្រានិកម្មភាព)។ បន្ថែមពីលើនេះ បញ្ហានៅអ៊ីរ៉ង់ ភេរវករនៅក្នុងតំបន់នេះ និងបញ្ហាមួយចំនួនទៀត គឺបន្ថែមរឿងដល់មជ្ឈិមបូព៌ា។
៦) ធានាគារកណ្ដាលមិនឯករាជ្យ៖ ធនាគារកណ្ដាលនៃបណ្ដាប្រទេសអភិវឌ្ឍន៍ភាគច្រើនកំពុងជួបបញ្ហាពោលគឺមិនអាចធ្វើខ្លួនឱ្យឯករាជ្យបាន។ អ្នកនយោបាយបានយកធនាគារជាតិ ស្ថិតនៅក្រោមការបញ្ជារបស់ខ្លួនដើម្បី ដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងស្រុកជាច្រើន។ ច្បាស់ណាស់ថា ប្រទេសណាក៏ដោយ បើសិនជាធនាគារកណ្ដាលមិនអាចឯករាជ្យបាននោះទេ បញ្ហាសេដ្ឋកិច្ចនឹងកើតមានឡើង ពោលគឺបញ្ហាអាចមានច្រើនជាងដំណោះស្រាយ។
៧) សង្គ្រាមសេតវិមាន ទល់នឹង បណ្ដាក្រុមហ៊ុននៅ Silicon Valley៖ តាមការបញ្ជាក់ពី Eurasia Group ដដែលបានឱ្យដឹងថា សង្គ្រាមរវាងបណ្ដាក្រុមហ៊ុនយក្សនៅ Silicon Valley និងលោកត្រាំអាចនឹងផ្ទុះឡើង។ ចំណុចទីមួយគឺបណ្ដាក្រុមហ៊ុនផ្សព្វផ្សាយធំៗដែលមាននិន្ទាការមិនគាំទ្រលោកត្រាំ អាចនឹងជួបបញ្ហា។ លោកត្រាំតែងតែលើកឡើងអំពីឥទ្ធិពលអវិជ្ជមាននៃពាណិជ្ជកម្មក្រៅប្រទេសមកលើអត្រាមានការងារធ្វើនៅអាមេរិក។ រឿងត្រង់ថា បញ្ហាមានជាប់ឬសគល់ជាមួយនឹងគោលនយោបាយបត់បែនដែលលោកត្រាំត្រូវដោះស្រាយ។ ក្រុមហ៊ុននៅក្នុង Silicon Valley មានបញ្ហាមុនគេ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយសមស្របចំពោះគោលនយោបាយបត់បែន និងការពារខ្លួននិយម (protectionism) របស់លោក។
៨) ទួរគី៖ បញ្ហាដ៏ក្ដៅគគុកនៅទួរគីដែលពាក់ព័ន្ធនឹងចំណាត់ការរបស់លោក Erdogan មកលើប្រព័ន្ធយុត្តិធម៌ អប់រំ ប្រព័ន្ធការិយាធិបតេយ្យ និងបណ្ដាញផ្សព្វផ្សាយជាដើម។ បញ្ហានៅទួរគី នឹងបង្កចំណោទដល់សេដ្ឋកិច្ច ជាពិសេសគឺប៉ះពាល់ដល់វិស័យឯកជន។
៩) កូរ៉េខាងជើង៖ ឆ្នាំថ្មីនេះជាឆ្នាំធំបំផុតសម្រាប់កូរ៉េខាងជើង ប៉ុន្តែមិនមែនជាឆ្នាំល្អនោះឡើយ។ កូរ៉េខាងជើង ធ្វើការដោយជោគជ័យ ទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ជាពិសេសគឺមីស៊ីលអន្តរទ្វីបដែលអាចវាយប្រហារដល់ឆ្នេរខាងលិចរបស់សហរដ្ឋអាមេរិកបាន។ បញ្ហាពីរដែលត្រូវបារម្ភ គឺអាមេរិកនឹងមានចំណាត់ការជាមួយកូរ៉េខាងជើង ដែលអាចនឹងប៉ះជាមួយចិនផងដែរ។ បញ្ហារបស់អ្នកស្រី Park Geun-hye ដែលត្រូវបញ្ចប់តំណែង ជំនួយដោយអ្នកថ្មីដែលមានបំណងចង់ត្រូវរ៉ូវជាមួយកូរ៉េខាងជើងវិញ។
១០) អាហ្វ្រិកខាងត្បូង៖ នៅក្នុងទ្វីបអាហ្វ្រិកនេះ ក៏មានបញ្ហាគួរឱ្យឈឺក្បាលមួយចំនួនធំផងដែរ។ បញ្ហាមានដូចជា លោក Jacob Zuma ប្រធានាធិបតីអាហ្វ្រិកខាងត្បូងជាមួយនឹងសភាជាតិអាហ្វ្រិក ដែលនឹងប៉ះពាល់ដល់តួនាទីរបស់អាហ្វ្រិកខាងត្បូងក្នុងនាមជាបងធំផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។ បញ្ហានៅហ្ស៊ីមបាវ៉េ ដែលលោកប្រធានាធិបតី Mugabe អាចនឹងបង្ក្រាបដល់ចលនាប្រឆាំងនៅប្រទេសនេះ និងបញ្ហាមួយចំនួនទៀត៕