មហាសេដ្ឋីមានជាងគេនៅជប៉ុនត្រឹមតែមួយថ្ងៃសោះ បាត់លុយអស់ ១,៤ពាន់លានដុល្លារ
ត្រឹមតែមួយថ្ងៃសោះ មហាសេដ្ឋីមានជាងគេបំផុតរបស់ជប៉ុនគឺលោក Tadashi Yanai បានខាតបង់អស់ ១,៤ពាន់លានដុល្លារកាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនរបស់លោក Fast Retailing ដែលជាក្រុមហ៊ុនមេ Uniqlo បានធ្លាក់ចុះ ៦,៧%។
ការធ្លាក់ចុះតម្លៃភាគហ៊ុនដ៏គំហុកនេះ បើតាម Bloomberg Billionaires Index ប្រធានក្រុមហ៊ុន និងជាស្ថាបនិកក្រុមហ៊ុនខាងលើទទួលរងការខាតបង់ច្រើនមានទំហំធំធេងបំផុតបើធៀបនឹងមហាសេដ្ឋីមានជាងគេបំផុតក្នុងលោក ៥០០នាក់។
រឿងធំមួយដែលកើតមានចំពោះក្រុមហ៊ុនខាងលើ គឺដោយសារតែអាកាសធាតុក្ដៅ ធ្វើឱ្យក្រុមហ៊ុន Uniqlo មិនអាចលក់អាវរងាបានចំនួនតាមការរំពឹងទុកនោះទេ។ បើគិតមកដល់ពេលនេះ តម្លៃសរុបរបស់ក្រុមហ៊ុនលោក Yanai គឺមានទំហំ ១៧,៧ពាន់លានដុល្លារ។ គ្រាន់តែតម្លៃភាគហ៊ុនធ្លាក់ចុះ ធ្វើឱ្យលោកបាត់បង់ចំណាត់ថ្នាក់មិនស្ទើរពោលគឺធ្លាក់មកនៅត្រឹមលេខរៀងទី ៤៤ក្នុងលោក៕