កម្ពុជាក្នុងតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេស អភិវឌ្ឍន៍តិចតួច (LDCs) នៅ WTO
ក្រុមបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចដែលហៅកាត់ជាភាសាអង់គ្លេសថា LDCs បានបោះឆ្នោតឱ្យកម្ពុជាក្លាយជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដែលមានអាណត្តមួយឆ្នាំដើម្បីដឹកនាំ និងសម្របសម្រួលប្រទេសចំនួន ៣៦។ កម្ពុជា នឹងទទួលបានការផ្ទេរតំណែងជាផ្លូវការណ៍នៅខែកុម្ភៈ ខាងមុខនេះ នៅទីក្រុង ហ្សឺណែវប្រទេសស្វីស។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់កាលពីកន្លងទៅថ្មី ៗនេះថា កំណើនពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បានកើនឡើងពី ១៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០១១ ដល់ជិត ៣០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៤ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះជាមូលហេតុដែលធ្វើឱ្យកម្ពុជាត្រូវបានជ្រើសរើសឱ្យកាន់តំណែងនេះ។
សូមបញ្ជាក់ថា តួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេស អភិវឌ្ឍន៍តិចតួច (LDCs) គឺដើម្បីដឹកនាំនិងសម្របសម្រួល ប្រទេសជាសមាជិកចំនួន ៣៦ ឲ្យទទួលបានជោគជ័យក្នុងការចរចាទាញយកផលប្រយោជន៍អតិបរមា សម្រាប់វិស័យពាណិជ្ជកម្ម ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី ១១ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ នៅក្នុងទីក្រុង ប៊ូអេណូស អែររេស (Buenos Aires) ប្រទេសអាហ្សង់ទីន សំដៅចូលរួមពង្រឹងស្ថិរភាពសេដ្ឋកិច្ចរបស់ពិភពលោក និងក្នុងតំបន់៕