មេរៀន​៣​យ៉ាង​ដែល​មាន​តម្លៃ​ជាង​មេរៀន​ណាៗ​ទាំងអស់​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​ការងារ​របស់​លោក​Joe Biden​



នា​ថ្ងៃ​ព្រហស្បតិ៍​ថ្មីៗ​កន្លង​ទៅ​នេះ លោក Joe Biden ជា​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ត្រូវ​បាន​បំពាក់​នូវ​មេដាយ​កិត្តិយស​សន្តិភាព​ពី​លោក អូបាម៉ា ដែល​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​មួយ​ដែល​ជន​សីុវិល​អាច​ទទួល​បាន។ ដោយ​ឆ្លងកាត់​នូវ​ព្យុះ​ភ្លៀង​ឧបសគ្គ​រារាំង​នៅ​លើ​ផ្លូវ​ដើរ​ដែល​មាន​សភាព​យ៉ាង​រដាក់រដុប​នៃ​ជីវិត​របស់​លោក​កន្លង​មក មិន​ថា​តែ​ចំពោះ​ឧបសគ្គ​ក្នុង​អាជីព​ការងារ​របស់​ខ្លួន​នោះ​ឡើយ តែ​ថែម​ទាំង​គ្រោះ​អភ័ព្វ​កើត​មាន​មក​លើ​ជីវិត​មនុស្ស​ជាទី​ស្រឡាញ់​៣​នាក់​ក្នុង​គ្រួសារ​ផង​ដែរ​នោះ ក៏​ឧបសគ្គ​ទាំង​នោះ តែងតែ​បាន​ជំរុញ​គាត់​ឲ្យ​ពុះពារ​ទទួល​យក​ជ័យ​ជម្នះ​មក​ក្នុង​ជីវិត​វិញ​ជានិច្ច។ មេរៀន​៣​យ៉ាង​ខាងក្រោម​អំពី​ការងារ​របស់​លោក នឹង​ធ្វើ​ឲ្យ​អ្នក​យល់​ថា​ជា​មេរៀន​ដែល​មាន​តម្លៃ​ជាង​មេរៀន​ណាៗ​ទាំងអស់​ដែល​អ្នក​ធ្លាប់​ទទួល​បាន​កន្លង​មក៖ ១) មិន​ថា​ជា​ឧបសគ្គ​នោះ​ទេ ទោះបី​ជា​សោកនាដកម្ម​ក៏​មិន​ចាំបាច់​ដល់​ថ្នាក់​អ្នក​ត្រូវ​បោះបង់​គោលដៅ​របស់​ខ្លួន​ដែរ៖ នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​១៩៧២ លោក Biden ក្នុង​វ័យ​៣០​ឆ្នាំ ត្រូវ​បាន​ជ្រើសតាំង​ជា​ព្រឹទ្ធសភា​ជាមួយ​នឹង​សំឡេង​ឆ្នោត​ត្រឹម​តែ​៣,០០០​សំឡេង​ប៉ុណ្ណោះ។ ក្រោយ​មក​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​សោក​សង្វែង​មួយ​កើត​ឡើង​ចំពោះ​គ្រួសារ​របស់​លោក ដែល​បណ្ដាល​ឲ្យ​ប្រពន្ធ និង​កូន​ស្រី​ម្នាក់​របស់​លោក បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ឡាន និង​មាន​របួស​ធ្ងន់ធ្ងរ​ទៅលើ​កូន​ប្រុស​ពីរ​នាក់​ទៀត។ ដោយ​សារ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​របស់​លោក បាន​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​បដិសេធ​មិន​ទទួល​យក​ការ​ជ្រើស​តាំង​ជា​ព្រឹទ្ធសភា​នា​ពេល​នោះ​ឡើយ ទោះជាយ៉ាងណា ដោយ​មាន​ការ​បន្ត​ជំរុញ​រូប​លោក​ពី​អ្នក​ដឹកនាំ​របស់​លោក​ឲ្យ​ទទួល​យក​តំណែង​នេះ​វិញ លោក​ក៏​បាន​សម្រេច​ចិត្ត​យល់​ព្រម​បំពេញ​តួនាទី​តាម​តំណែង​របស់​ខ្លួន​វិញ។ លោក​បាន​ពាំនាំ​នូវ​ពាក្យ​ស្បថស្បែ​ចេញ​ពី​មន្ទីរ​ពេទ្យ​ដែល​កូន​ប្រុស​ស្នាក់​នៅ និង​បាន​បន្ត​ប្រឹងប្រែង​បំពេញ​ភារកិច្ច រហូត​បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​តុលាការ​ក្នុង​ឆ្នាំ​១៩៨៧។ ២) រៀន​សូត្រ​ពី​កំហុស​របស់​អ្នក​ដើម្បី​ប្រាកដ​ថា​អ្នក​មាន​កេរ្តិ៍មរតក​សម្រាប់​បន្សល់​ទុក៖ ក្នុង​ឆ្នាំ​១៩៨៨ លោក​បាន​ឈរ​ឈ្មោះ​ជ្រើស​តាំង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប៉ុន្តែ​ដោយសារ​មាន​របាយការណ៍​ពី​ការ​លួច​ចម្លង​ស្នាដៃ​អ្នក​ដទៃ​កំឡុង​ពេល​លោក​រៀន​នៅ​សាលា​ច្បាប់ និង​អំណះអំណាង​មិន​ត្រឹមត្រូវ​ពី​កំណត់ត្រា​ការ​សិក្សា​របស់​លោក ក៏​បាន​ធ្វើ​ឲ្យ​ផែនការ​របស់​លោក​ត្រូវ​ប្រឈម​នឹង​ការ​បរាជ័យ ហើយ​ក្រោយ​មក​គាត់​ក៏​បាន​សន្យា​ថា​នឹង​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះត្រង់​ជាង​មុន។ សកម្មភាព​របស់​គាត់​ចាប់​តាំង​ពី​ពេល​នោះ​មក បាន​បញ្ជាក់​ភស្តុតាង​យ៉ាង​ច្បាស់​ពី​ភាព​ស្មោះត្រង់​របស់​លោក​យ៉ាង​ពិត​ប្រាកដ រហូត​ដល់​សារព័ត៌មានCBS (CBS News) និង​ការ​ស្ទង់​មតិ​របស់​សារព័ត៌មានNew York Times (New York Times poll) បាន​រក​ឃើញ​ថា លោក Biden គឺ​ជា​អ្នក​នយោបាយ​ដែល​មាន​ភាព​ស្មោះត្រង់​បំផុត​ចំពោះ​គណបក្ស​ទាំងពីរ​របស់​អាមេរិក។ យ៉ាងណាមិញ មក​ដល់​ត្រង់​ចំណុច​មួយ​នៃ​ផ្លូវ​ដើរ​ដ៏​លំបាកលំបិន​របស់​លោក ក្នុង​ឆ្នាំ​១៩៩១ ការ​ខ្វែង​គំនិត​ពី​មនុស្ស​មួយ​ចំនួន​បាន​កើត​មាន​ចំពោះ​លោក ក្នុង​តួនាទី​ដែល​លោក​ទទួល​ខុសត្រូវ​ផ្ទាល់​ក្នុង​សវនាការ​របស់​តុលាការ​កំពូល​Clarence Thomas ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​បុគ្គលិក​លោក​ម្នាក់​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ ហើយ​លោក​មិន​បាន​បំពេញ​តួនាទី​ឲ្យ​ត្រឹមត្រូវ​ដោយ​កោះ​ហៅ​សាក្សី​៣​នាក់​ដែល​អាច​អះអាង​គាំទ្រ​ដល់​ការ​ចោទ​ប្រកាន់​របស់​នាង​នោះ​ឡើយ ទើប​បង្ក​ជា​លទ្ធផល​នូវ​ការ​ខ្វែង​គំនិត​ពី​ភាព​អយុត្តិធម៌​នេះ។ បន្សល់​នូវ​ភាព​វិប្បដិសារី​ចំពោះ​ការ​ប្រព្រឹត្តិ​របស់​ខ្លួន នៅ​ឆ្នាំ​បន្ទាប់​ពី​នោះ លោក​បាន​លើក​ឡើង​ពី​ច្បាប់​ដែល​គាំទ្រ​ទៅ​ដល់​បញ្ហា​របស់​ស្ត្រី ហើយ​ក៏​ទទួល​បាន​ការ​ចុះ​ហត្ថលេខា​បញ្ចូល​ទៅ​ក្នុង​ច្បាប់​អំពី​ការ​ប្រឆាំង​ទៅលើ​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​ចំពោះ​ស្ត្រី​ពី​លោក​ស្រី Hilary Clinton​ក្នុង​ឆ្នាំ​១៩៩៤។ ដោយ​មាន​ការ​ទទួល​ខុសត្រូវ​ជា​អនុ​ប្រធានាធិបតី​ផង​ដែរ​នោះ លោក​ក៏​បាន​ក្លាយ​ជា​ប្រធាន​តំណាង​ឲ្យ​ការ​គ្រប់គ្រង​ទៅលើ​យុទ្ធនាការ​របស់​លោក​អូបាម៉ា ក្នុង​ការ​លុប​បំបាត់​នូវ​អំពើ​ហិង្សា​ទៅលើ​ស្ត្រី។ ៣) ឲ្យ​ការ​ខិតខំ​តស៊ូ​ពុះពារ​ជា​ផ្លាក​សញ្ញា​របស់​អ្នក៖ ក្នុង​ឆ្នាំ​២០១៥ សោកនាដកម្ម​មួយ​ទៀត​កើត​មាន​ចំពោះ​កូន​ប្រុស​ច្បង​របស់​លោក​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​វ័យ​៤៦​ឆ្នាំ​ដោយសារ​ជំងឺ​មហារីក​ខួរក្បាល។ ការ​ប៉ះពាល់​ផ្លូវ​ចិត្ត​នេះ​ទៀត ក៏​បាន​ក្លាយ​ជា​កត្តា​ជំរុញ​លោក​ឲ្យ​បោះបង់​ចោល​នូវ​ការ​ឈរ​ឈ្មោះ​ជ្រើស​តាំង​ជា​ប្រធានាធិបតី​ម្ដង​ទៀត​ក្នុង​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឲ្យ​លោក​មាន​វិប្បដិសារី​រៀងរាល់​ថ្ងៃ​រហូត​មក​ទល់​ពេល​នេះ។ ទោះជាយ៉ាងណា លោក​ក៏​បាន​ប្ដេជ្ញា​ថា​នឹង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​នយោបាយ​ទាំងឡាយ។ សម្ដី​មួយ​ឃ្លា​ដកស្រង់​ចេញ​ពី​លោក Biden ដោយ​ផ្ទាល់​ក្នុង​ឆ្នាំ​២០០៨​គឺ "ការ​បរាជ័យ​នៅ​ក្នុង​ដំណាក់​កាល​មួយ​នៃ​ជីវិត​គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ចៀស​បាន តែ​ការ​បោះបង់​ចោល​វិញ​គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​លើកលែង​ទោស​ឲ្យ​បាន​ឡើយ"៕ ប្រែសម្រួល៖ ស្រីពៅ​ ប្រភព៖ cnbc
X
5s