មិនធម្មតា! អ្នកមាន ៨ នាក់ ​ក្ដោប​ក្តាប់​​ទ្រព្យសម្បត្តិ​ច្រើន​ជាងទ្រព្យសម្បត្តិ​​ប្រជាជន​ពាក់​កណ្តាល​ផែនដី​ទាំងមូល​



មហាសេដ្ឋី​កំពូលៗ​ក្នុង​លោក​ចំនួន ៨ នាក់ ត្រូវ​បាន​គេ​រក​​ឃើញ​ថា ឥឡូវ​នេះ​​បាន​កាន់កាប់​ទ្រព្យសម្បត្តិ​ច្រើន​ជាង​ទ្រព្យសម្បត្តិ​​សរុប​បញ្ចូល​គ្នា​របស់​ប្រជាជន​នៅ​ជុំវិញ​សាកលលោក​ចំនួន ៣,៦ ​ពាន់​លាន​​នាក់​ទៅ​ទៀត (ប្រជាជន​សរុប​របស់ពិភពលោក​បច្ចុប្បន្នជាង ៧,៤ ពាន់​លាន​នាក់ )។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ Oxfam International បាន​បញ្ចេញ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ មហាសេដ្ឋី​ផុតលេខ​ទាំង៨ រូប​​នោះ​​​រួម​មាន​មហាសេដ្ឋី​អាមេរិក​លោក Bill Gates មហាសេដ្ឋី Warren Buffett មហាសេដ្ឋី Carlos Slim មហាសេដ្ឋី Jeff Bezos មហាសេដ្ឋី Mark Zuckerberg មហាសេដ្ឋី Amancio Ortega មហាសេដ្ឋី Larry Ellison និង​មហាសេដ្ឋី Michael Bloomberg នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​ទ្រព្យសម្បត្តិ​សរុប​​បញ្ចូល​គ្នា​​ស្មើ​នឹង ៤២៦ ពាន់​លាន​ដុល្លារ​ឯណោះ។ ​ការ​បញ្ចេញ​របាយការណ៍​របស់​អង្គការ​កំពូល​របស់​ពិភពលោក​​ខាងលើ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum​) កំពុង​​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Davos ប្រទេស​ស្វីស​។ កិច្ចប្រជុំ​កំពូល​ប្រចាំ​​ឆ្នាំ​នេះ នឹង​មាន​វត្តមាន​​ចូលរួម​របស់​​ក្រុម​មេដឹកនាំ​កំពូលៗ​​របស់​បណ្តា​ប្រទេស​​ផ្សេងៗ​ និង អង្គការ​នានា​មក​ពី​ជុំវិញ​ពិភពលោក។ របាយការណ៍​របស់​អង្គការ Oxfam ​បាន​បន្ត​​ថា អ្នក​មាន ១% បាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ច្រើន​ជាង​ប្រជាជន​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ ពោល​គឺ​ពួកគេ​​ក្តោប ក្តាប់​ទ្រព្យសម្បត្តិ​​​ស្មើ​នឹង ៤២% នៃ​ទ្រព្យសម្បត្តិ​ពិភពលោក​ទាំងមូល។ ក្នុង​ចំណោម​អ្នក​មាន​ដែល​ជា​មហាសេដ្ឋី ១ ៨១០ នាក់ មាន ៨៩% ជា​បុរស។ ផ្អែក​លើ​ការ​លើក​ឡើង​របស់​ស្ថាប័ន​​ខាងលើ​ តួលេខ​នេះ គឺ​បាន​បង្ហាញ​ថា ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​​កំពុង​​ប្រឈមមុខ​ទៅ​នឹង​​វិសមភាព​យ៉ាង​ខ្លាំង​រវាង​អ្នក​មាន​នឹង​អ្នក​ក្រ ដោយហេតុ​ថា មាន​អ្នក​មាន​តិចតួច​គ្រង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល ខណៈ​ដែល​អ្នក​ក្រ​ដ៏​ច្រើន​លើសលប់​​កាន់​កាប់​ទ្រព្យសម្បត្តិ​តិចតួច​ប៉ុណ្ណោះ៕ ប្រភព៖ cnn ​
X
5s