មានសញ្ញាទាំង ៣យ៉ាងនេះ បញ្ជាក់ថា ស្នេហារបស់អ្នកជាស្នេហាក្លែងក្លាយ!
អ្នកប្រហែលជាជួបមនុស្សម្នាក់ដែលអ្នកគិតថា អស្ចារ្យ ហើយម្នាក់នោះហើយជាដៃគូជីវិតរបស់អ្នក។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានសញ្ញាទាំង ៣ខាងក្រោមនេះ នោះបញ្ជាក់ថា ស្នេហារបស់អ្នកមិនមែនជាស្នេហាពិតនោះទេ៖
១) គេមិនយល់ពីចិត្តរបស់អ្នក៖ អ្នកសាកគិតទៅហើយ ប្រសិនជាមនុស្សម្នាក់មិនយល់ពីអ្នកផង តើទំនាក់ទំនងរបស់អ្នកនឹងទៅជាយ៉ាងណាវិញនាពេលអនាគត? ការដឹងចិត្តគ្នា បញ្ជាក់ពីភាពខ្លាំងនៃទំនាក់ទំនងរវាងអ្នកទាំងពីរ។ បើមិនយល់ចិត្តគ្នាទេ នោះប្រាកដណាស់ថា វាមិនអាចទៅមុខរួចទៀតទេ។
២) មិនដែលសរសើរពីអ្នក៖ យើងទាំងអស់គ្នាសុទ្ធតែចង់ឲ្យមនុស្សដែលយើងស្រឡាញ់មានអារម្មណ៍ល្អ និងនិយាយល្អពីយើង។ ត្រឹមត្រូវទេ? រឿងមួយដែលបុគ្គលជោគជ័យតែងធ្វើ គឺនិយាយល្អពីដៃគូរបស់ខ្លួនមិនថានៅជាមួយគ្នា ឬនៅចំពោះមុខអ្នកដទៃ។ ការសរសើរ ឬនិយាយល្អពីគ្នា បង្ហាញថា មនុស្សម្នាក់នោះសំខាន់ចំពោះអ្នកក្នុងកម្រិតណា។
៣) សរសេរសារច្រើនដង៖ ការសរសេរសារ លុបចោលហើយសរសេរឡើងវិញ នោះបង្ហាញថាអ្នកកំពុងបារម្ភនូវអ្វីដែលអ្នកនិយាយ។ ប្រសិនជាអ្នកទាំងពីរពិតជាស្រឡាញ់គ្នាមែន ហើយអត្ថន័យនៃសារមានការយល់ច្រឡំ អ្នកទាំងពីរអាចពន្យល់គ្នាបាន។ ប៉ុន្តែបើអ្នកទាំងពីរច្រើនតែយល់ច្រឡំលើគ្នា ជាពិសេសខ្លឹមសារនៃការសរសេរសារ នោះគឺថា អ្នកកំពុងប្រឈមបញ្ហាមិនយល់ចិត្តគ្នាដូចចំណុចទី១ដែរ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.powerofpositivity.com