រឿងចម្លែកៗ៤យ៉ាងដែលអ្នកមិនធ្លាប់ដឹងពីប្រទេសរុស្ស៊ី
ជាតិសាសន៍នៃប្រទេសនីមួយៗ តែងមានលក្ខណៈពិសេសរបស់ខ្លួន ជាទំនៀមទម្លាប់ ជំនឿ និងអ្វីដែលពួកគេប្រកាន់ខ្ជាប់មកតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ដោយប្រជាជននៅក្នុងប្រទេសនោះ ដែលជាភាពដាច់ដោយឡែកពីជាតិសាសន៍នៃប្រទេសដទៃៗទៀតនៅជុំវិញពិភពលោក។ ការណ៍បានទទួលជ្រាបដឹងជាមុននូវចំណុចសំខាន់ៗមួយចំនួន អំពីភាពដាច់ដោយឡែកនៃជាតិសាសន៍នីមួយៗ នឹងជួយឲ្យយើងបានយល់ដឹងកាន់តែច្រើនពីពួកគេ ជាពិសេស បើអ្នកមានគម្រងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសណាមួយទៀតនោះ ព័ត៌មានទាក់ទិនពីភាពដាច់ដោយឡែករបស់ពួកគេ នឹងជួយអ្នករៀបចំខ្លួនទុកជាមុនបានយ៉ាងល្អមិនខាន។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសទាំង៤ចំណុចរបស់ប្រទេសរុស្សីុដែលអ្នកអាចមិនធ្លាប់ដឹងពីមុនមក៖
១) ស្នាមញញឹមរបស់ជនជាតិរុស្សីុបង្កប់នូវអត្ថន័យនិងភាពពិសេស៖ ពួកគេមិនចេះតែញញឹមទៅកាន់អ្នកដទៃ ជាពិសេសមនុស្សមិនដែលស្គាល់គ្នានោះឡើយ។ ពួកគេនឹងញញឹមចំពោះតែបុគ្គលណាដែលពួកគេចូលចិត្ត ឬមានបំណងចង់ចងមិត្តភាពជាមួយតែប៉ុណ្ណោះ ម្យ៉ាងទៀតទោះជាការបង្ហាញនូវស្នាមញញឹមរបស់ពួកគេ ក៏មិនបញ្ចេញធ្មេញដែរ ពុំនោះទេពួកគេនឹងចាត់ទុកថាវាជាឥរិយាបថមិនសមរម្យមួយ។ ស្នាមញញឹមរបស់មនុស្សណាម្នាក់ សម្រាប់ប្រជាជនប្រទេសនេះ នឹងបង្ហាញពីអារម្មណ៍ល្អដែលបុគ្គលនោះកំពុងមាន បើមនុស្សណាម្នាក់ញញឹមដោយគ្មានមូលហេតុវិញ ពួកគេនឹងចាត់ទុកបុគ្គលនោះគួរឲ្យសង្ស័យទៅវិញ។
២) ជាបទល្មើសខុសច្បាប់ប្រសិនជាអ្នកបើកបរឡានមានសភាពកខ្វក់៖ ច្បាប់បើកបររបស់ប្រទេសរុស្សីុបានបញ្ជាក់ថា រាល់បុគ្គលណាដែលបើកបរឡានកខ្វក់ នឹងត្រូវពិន័យជាការបង់ប្រាក់ ព្រោះវាជាប្រការល្មើសច្បាប់ ជាពិសេសចំពោះផ្លាកលេខដែលមានសភាពកខ្វក់។
៣) អធិរាជរបស់ប្រទេសរុស្ស៊ី Peter IIIកាត់ទោសប្រហារជីវិតសត្វកណ្ដុរដោយការព្យួរកដោយសារកកេរក្បាលទាហាន (ប្រដាប់ប្រដាក្មេងលេង)របស់ទ្រង់៖ អធិរាជរបស់ប្រទេសរុស្សីុ Peter III បានគ្រប់គ្រងលើទឹកដីនេះអស់រយៈពេលចំនួន៦ខែក្នុងឆ្នាំ១៧៦២។ Henri Troyatដែលជាអ្នកសរសេរពីជីវប្រវត្តិរបស់ទ្រង់ បានសរសេរថា ទ្រង់មានសេចក្ដីពេញចិត្តជាខ្លាំងចំពោះប្រដាប់ប្រដាក្មេងលេង (ទាហាន)របស់ទ្រង់ រហូតធ្វើឲ្យទ្រង់កាត់ទោសប្រហារជីវិតដល់សត្វកណ្ដុរមួយក្បាល ដែលបានកកេររក្បាលទាហាននោះ។ សម្រាប់ដំណើរការណ៍នៃការកាត់ទោសប្រព្រឹត្តទៅដោយការព្យួរកណ្ដុរនោះ និងបង្ហាញទៅកាន់សាធារណជនចំនួន៣ថ្ងៃ។
៤) យ៉ាងហោចណាស់មានទីក្រុងដ៏អាថ៌កំបាំងក្នុងប្រទេសរុស្សីុចំនួន១៥ដែលមិនត្រូវបានស្គាល់ឈ្មោះនិងទីកន្លែង៖ ទីក្រុងដែលបិទនៅក្នុងប្រទេសរុស្សីុ គឺមានតែបុគ្គលមានអំណាចពិសេសប៉ុណ្ណោះដែលអាចចូលទៅកាន់កន្លែងនោះបាន។ ទីក្រុងទាំងនោះ អាចជាកន្លែងសម្រាប់ការបង្កើតឡើងនូវយោធា វិទ្យាសាស្ត្រ ឬនុយក្លេអ៊ែរ ឬជាតំបន់ព្រំប្រទល់។ នៅទីក្រុងខ្លះបើកដំណើរការណ៍សម្រាប់ប្រជាជនដោយសេរី តែក៏មានទីក្រុងខ្លះទៀត ត្រូវមានការអនុញ្ញាតយ៉ាងត្រឹមត្រូវផងដែរ។ នាពេលបច្ចុប្បន្ននេះ ទីក្រុងចំនួន៤៤ត្រូវបានគេដឹងជាសាធារណជាទីក្រុងបិទ ចំណែកឯទីក្រុងចំនួន១៥ទៀតមានភាពអាថ៌កំបាំងយ៉ាងខ្លាំងដែលមិនត្រូវបានសាធារណជនស្គាល់ពីឈ្មោះ និងទីតាំងរបស់វាឡើយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack