ចំណុចគួរឱ្យភ្ញាក់ផ្អើល ៦យ៉ាងដែលអ្នកអាចមិនធ្លាប់ដឹងពីអាស៊ាន (ASEAN)!
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (The Association of Southeast Asian Nations) ឬហៅកាត់ថាអាស៊ាន (ASEAN) មានការរំពឹងទុកដោយប្រកបនូវភាពជឿជាក់ថា សេដ្ឋកិច្ចរបស់សហគមន៍មួយនេះនឹងមានសន្ទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់តទៅទសវត្សក្រោយទៀត ជាមួយនឹងការទស្សន៍ទាយទុកជាមុនថា នឹងអាចវ៉ាដាច់សហភាពអឺរ៉ុប (European Union)ក្នុងរយៈពេលមួយជំនាន់ទៀត។ មិនតែប៉ុណ្ណោះ ទស្សនយល់ឃើញយ៉ាងវិជ្ជមានដូចៗគ្នាជាច្រើនមានចំពោះភាពរីកចម្រើនទាំងទៅលើអានុភាពនៃសេដ្ឋកិច្ច រួមទាំងឥទ្ធិពល ទៅលើពាណិជ្ជកម្មពិភពលោកផងដែរ។ ៦ចំណុចខាងក្រោមអំពីអាស៊ាន អាចជាអ្វីដែលអ្នកមិនធ្លាប់បានដឹងពីពួកគេ៖
១) បើអាស៊ានជាប្រទេសតែមួយ នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៧របស់ពិភពលោក ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២,៥ពាន់ពាន់លានដុល្លារ។ លើសពីនេះទៅទៀត ពួកគេកំពុងពង្រឹងអានុភាពរបស់ខ្លួន ដើម្បីសម្រេចទស្សនវិស័យក្នុងការឡើងមកកាន់ជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤របស់ពិភពលោកត្រឹមឆ្នាំ២០៥០។
២) អាស៊ាន គឺជាតំបន់ដែលស្ថិតក្នុងលំដាប់ទី៤សម្រាប់ការនាំចេញរបស់ពិភពលោក ដែលគ្រាន់តែនៅពីក្រោយសហភាពអឺរ៉ុប អាមេរិកខាងជើង និងចិនឬហុងកុងតែប៉ុណ្ណោះ។ គិតចំពោះផលិតផលនាំចេញរបស់ពិភពលោក អាស៊ានមានចំណែក៧%នៃចំនួនសរុបទាំងនោះ និងកាន់តែលម្អិតជាងនេះទៅទៀត ពាណិជ្ជកម្មអាស៊ានជាមួយសហរដ្ឋអាមេរិកបានកើនឡើងដល់៦២%ចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ ស្របពេលដែលប្រជាជនអាស៊ានក៏ជាអ្នកប្រើប្រាស់ផលិតផលរបស់អាមេរិកដ៏សំខាន់ផងដែរ។
៣) អាស៊ានបានក្លាយជាតំបន់ដែលឈានមុខគេទៅលើកំណើនចំណូលសរុបសម្រាប់ប្រជាជនម្នាក់ៗ ចាប់តាំងពីចុងឆ្នាំ១៩៧០មក។ ចំនួនអ្នកប្រើប្រាស់របស់អាស៊ានក្នុងផ្ទះនីមួយៗ មានចំនួន៦៧លាននាក់រួចមកហើយ ហើយអ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលទៅទៀតនោះ ចំនួននេះ ត្រូវបានរំពឹងទុកថានឹងកើនឡើងកៀកទៅនឹងទ្វេដងនៃចំនួននោះត្រឹមឆ្នាំ២០២៥។ ការណ៍នេះ នឹងធ្វើឲ្យអាស៊ានក្លាយជាទីផ្សារអ្នកប្រើប្រាស់ដ៏សំខាន់មួយក្នុងពេលអនាគតផងដែរ។
៤) ត្រឡប់ទៅឆ្នាំ២០០៦ អាស៊ានគឺជាម្ចាស់នៃទីស្នាក់ការក្រុមហ៊ុនចំនួន៤៩កន្លែង នៅក្នុងForbes Globalឆ្នាំ២០០០។ យ៉ាងណាមិញ ក្នុងឆ្នាំ២០១៣ ចំនួននេះបានកើនឡើងទៅដល់៧៤ក្រុមហ៊ុន។ បានរីកចម្រើនយ៉ាងឆាប់រហ័ស អាស៊ានបានក្លាយជាកម្មសិទ្ធិនៃម្ចាស់ក្រុមហ៊ុនចំនួន២២៧នៃក្រុមហ៊ុនជុំវិញពិភពលោក ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំចំនួន១ពាន់លានដុល្លារ។
៥) អាស៊ានជាប្រទេសដែលមានទីផ្សារវប្បធម៌ចម្រុះដ៏ពិសេសនៅក្នុងពិភពលោក។ ស្ទើរតែ៩០%នៃចំនួនប្រជាជនសរុបរបស់ជនជាតិឥណ្ឌូនេសីុ កាន់សាសនាអីុស្លាម ចំណែកឯជាង៨០%នៃជនជាតិហ្វីលីពីនកាន់សាសនារ៉ូមាំុងកាតូលិក និង៩៥%នៃអ្នកកាន់សាសនាព្រះពុទ្ធជាជនជាតិថៃ។
៦) អាស៊ានមានចំនួនផលិតផលត្រីស្មើនឹង១ភាគ៤នៃផលិតផលត្រីសរុបរបស់ពិភពលោក។ ក្នុងចំណោមអ្នកផលិតផលិតផលត្រីកំពូលទាំង១០របស់ពិភពលោក ក្នុងនោះមានសមាជិកអាស៊ានចំនួន៤ប្រទេស គឺប្រទេសឥណ្ឌូនេសីុ ប្រទេសថៃ ប្រទេសវៀតណាម និងចុងក្រោយប្រទេសហ្វីលីពីន៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ weforum